1. កាលទ្រង់កំពុងតែមានព្រះបន្ទូល នោះមានមនុស្សប្រជុំគ្នាមីរដេរដាសស្ទើរតែនឹងជាន់គ្នាឯង ទ្រង់ក៏ចាប់តាំងមានព្រះបន្ទូលនឹងពួកសិស្សជាមុនដំបូងថា ចូរអ្នករាល់គ្នាប្រយ័ត្ននឹងដំបែពួកផារីស៊ី ដែលជាសេចក្ដីកំពុត
2. គ្មានអ្វីគ្របបាំង ដែលមិនត្រូវបើកឲ្យឃើញ ឬអ្វីលាក់លៀប ដែលមិនត្រូវបើកឲ្យស្គាល់នោះឡើយ
3. ដូច្នេះ គ្រប់ទាំងសេចក្ដី ដែលអ្នករាល់គ្នាបាននិយាយ ក្នុងទីងងឹត នោះនឹងបានឮនៅទីភ្លឺ ហើយសេចក្ដីអ្វី ដែលអ្នករាល់គ្នាបានខ្សឹបដាក់ត្រចៀក នៅក្នុងបន្ទប់ នោះនឹងបានប្រកាសប្រាប់ពីលើដំបូលផ្ទះវិញ
4. តែពួកសំឡាញ់អើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្លាចអ្នកណាដែលសំឡាប់បានតែរូបកាយ រួចក្រោយមក ពុំអាចធ្វើអ្វីទៀតបាននោះឡើយ
5. ខ្ញុំនឹងបង្ហាញឲ្យអ្នកដឹងជាត្រូវខ្លាចដល់អ្នកណា គឺត្រូវឲ្យខ្លាចដល់ព្រះវិញ ដែលកាលណាទ្រង់សំឡាប់ នោះក៏មានអំណាចអាចបោះចោលទៅក្នុងនរកបានផង អើ ខ្ញុំប្រាប់អ្នករាល់គ្នាថា ត្រូវឲ្យខ្លាចដល់ព្រះអង្គចុះ
6. តើគេមិនលក់ចាប៥ថ្លៃ២លុយទេឬអី តែគ្មានចាបណាមួយដែលព្រះទ្រង់ភ្លេចទេ
7. សូម្បីទាំងសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ ដូច្នេះ កុំឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃលើសជាងចាបជាច្រើន
8. ខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកណាដែលទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោក នោះកូនមនុស្សនឹងទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតានៃព្រះដែរ
9. តែអ្នកណាដែលមិនព្រមទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោក នោះខ្ញុំក៏មិនទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតានៃព្រះដែរ
10. ឯអស់អ្នកណា ដែលពោលពាក្យ ទាស់នឹងកូនមនុស្ស នោះនឹងបានអត់ទោសឲ្យ តែអ្នកណាដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធវិញ នោះមិនបានអត់ទោសឲ្យឡើយ
11. កាលណាគេបណ្តើរអ្នករាល់គ្នាទៅនៅមុខពួកជំនុំគេ ឬចំពោះចៅក្រម ឬពួកនាម៉ឺន នោះកុំឲ្យបារម្ភព្រួយ ពីបែបយ៉ាងណា ឬពីពាក្យអ្វី ដែលនឹងត្រូវឆ្លើយដោះសា ឬនិយាយនោះឡើយ
12. ដ្បិតគឺព្រះវិញ្ញាណបរិសុទ្ធ ទ្រង់នឹងបង្រៀនសេចក្ដីដែលអ្នករាល់គ្នាត្រូវនិយាយ នៅវេលានោះឯង។
13. មានម្នាក់ក្នុងហ្វូងមនុស្សទូលទ្រង់ថា លោកគ្រូ សូមលោកប្រាប់បងខ្ញុំ ឲ្យគាត់ចែកមរដកមកខ្ញុំផង
14. ទ្រង់ឆ្លើយតបថា ឱអ្នកអើយ តើអ្នកណាបានតាំងខ្ញុំ ឲ្យធ្វើជាចៅក្រម សំរាប់ចែករបស់ទ្រព្យដល់អ្នករាល់គ្នា
15. រួចទ្រង់មានព្រះបន្ទូលទៅគ្រប់គ្នាថា ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្ដីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ
16. ទ្រង់ក៏មានព្រះបន្ទូលជាពាក្យប្រៀបធៀបទៅគេថា មានស្រែចំការរបស់អ្នកមានម្នាក់បានកើតផលចំរើនជាបរិបូរ
17. ហើយអ្នកនោះរិះគិតក្នុងចិត្តថា តើត្រូវឲ្យអញធ្វើដូចម្តេច ដ្បិតអញគ្មានកន្លែងណានឹងដាក់ផលរបស់អញទាំងនេះទេ