35. ដូច្នេះ ចូរប្រយ័ត្ន ក្រែងពន្លឺដែលនៅក្នុងខ្លួនអ្នក ជាសេចក្ដីងងឹតវិញ
36. បើសិនជារូបកាយអ្នកទាំងមូលបានភ្លឺ ឥតមានងងឹតត្រង់ណាសោះ នោះនឹងបានភ្លឺទាំងអស់ ដូចកាលចង្កៀងបំភ្លឺអ្នកដែរ។
37. កាលទ្រង់កំពុងតែមានព្រះបន្ទូលនៅឡើយ នោះមានពួកផារីស៊ីម្នាក់ ទូលសូមទ្រង់ឲ្យយាងទៅសោយជាមួយ ទ្រង់ក៏យាងចូលទៅគង់នៅតុ
38. កាលអ្នកផារីស៊ីនោះបានឃើញ ក៏នឹកប្លែកណាស់ ដែលទ្រង់មិនបានលាងព្រះហស្តមុននឹងសោយ
39. ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលទៅគាត់ថា ឯអ្នករាល់គ្នា ជាពួកផារីស៊ី អ្នករាល់គ្នាលាងចានលាងថាសតែខាងក្រៅទេ តែចំណែកខាងក្នុងរបស់អ្នករាល់គ្នា មានពេញដោយការឆស៊ី និងអំពើអាក្រក់វិញ
40. ឱមនុស្សល្ងីល្ងើអើយ ព្រះដែលបង្កើតខាងក្រៅ តើមិនបានបង្កើតខាងក្នុងដែរទេឬអី
41. ត្រូវឲ្យទានពីរបស់ដែលនៅខាងក្នុងវិញ នោះគ្រប់ទាំងអស់នឹងស្អាតដល់អ្នករាល់គ្នា
42. តែវេទនាដល់អ្នករាល់គ្នា ពួកផារីស៊ីអើយ ដ្បិតអ្នករាល់គ្នាតែងថ្វាយ១ភាគក្នុង១០ ទាំងជីរអង្កាម ជីរលីងលាក់ និងបន្លែគ្រប់មុខ តែលះចោលសេចក្ដីយុត្តិធម៌ និងសេចក្ដីស្រឡាញ់នៃព្រះវិញ គួរតែឲ្យអ្នករាល់គ្នាបានប្រព្រឹត្តសេចក្ដីទាំងនេះវិញ ហើយឥតចោលការខាងដើមនោះផង
43. វេទនាដល់អ្នករាល់គ្នា ពួកផារីស៊ីអើយ ដ្បិតអ្នករាល់គ្នាចូលចិត្តនឹងកន្លែងមុខគេក្នុងសាលាប្រជុំ ហើយឲ្យគេគំនាប់ខ្លួននៅទីផ្សារ
44. វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារីស៊ី ជាអ្នកមានពុតអើយ ដ្បិតអ្នករាល់គ្នាដូចជាផ្នូរខ្មោច ដែលមើលមិនឃើញ ហើយមនុស្សដើរជាន់ឥតដឹងទេ។
45. មានអ្នកប្រាជ្ញច្បាប់ម្នាក់ឆ្លើយឡើងថា លោកគ្រូ ដែលលោកមានប្រសាសន៍យ៉ាងនេះ នោះឈ្មោះថាត្មះតិះដៀលដល់ពួកយើងខ្ញុំហើយ
46. ទ្រង់មានព្រះបន្ទូលឆ្លើយថា វេទនាដល់អ្នករាល់គ្នា ដែលជាអ្នកប្រាជ្ញច្បាប់ដែរ ដ្បិតអ្នករាល់គ្នាដាក់បន្ទុកយ៉ាងធ្ងន់ ដែលពិបាកទទួល ទៅលើមនុស្ស តែខ្លួនអ្នករាល់គ្នាមិនព្រមទាំងយកម្រាមដៃ១ឆ្កឹះបន្ទុកនោះផង
47. វេទនាដល់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាធ្វើម៉ុងឲ្យពួកហោរា ដែលពួកអយ្យកោអ្នករាល់គ្នាបានសំឡាប់បង់