25. រួចកាលណាវាមកដល់ ឃើញផ្ទះបោសស្អាត ហើយបានតុបតែងយ៉ាងល្អ
26. នោះវាក៏ចេញទៅនាំយកអារក្ស៧ទៀត ដែលកាចៗ ជាងវា ចូលទៅនៅទីនោះផង ហើយសណ្ឋានក្រោយរបស់មនុស្សនោះក៏រឹងរឹតតែអាក្រក់ជាងមុនទៅទៀត។
27. កាលទ្រង់កំពុងតែមានព្រះបន្ទូលសេចក្ដីទាំងនេះនៅឡើយ នោះមានស្ត្រីម្នាក់ស្រែកឡើងពីក្នុងហ្វូងមនុស្សថា មានពរហើយ ផ្ទៃណាដែលបានរក្សាលោក ហើយដោះណាដែលលោកបានបៅ
28. តែទ្រង់មានព្រះបន្ទូលតបថា ស៊ូថាដូច្នេះវិញ មានពរហើយ អស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយកាន់តាម។
29. កាលណោះ មានមនុស្សប្រជុំគ្នាតាន់តាប់ជាខ្លាំង ហើយទ្រង់ចាប់តាំងមានព្រះបន្ទូលថា មនុស្សដំណនេះអាក្រក់ណាស់ គេរកតែទីសំគាល់ទេ តែគ្មានទីសំគាល់ណានឹងបានប្រទានមកគេ ក្រៅពីទីសំគាល់នៃហោរាយ៉ូណាសឡើយ
30. ពីព្រោះ ដូចជាលោកយ៉ូណាសជាទីសំគាល់ដល់មនុស្សនៅក្រុងនីនីវេយ៉ាងណា នោះកូនមនុស្សក៏នឹងបានជាទីសំគាល់ ដល់មនុស្សដំណនេះយ៉ាងដូច្នោះដែរ
31. នៅថ្ងៃជំនុំជំរះ មហាក្សត្រីស្រុកខាងត្បូង នឹងឈរឡើងជំនុំជំរះមនុស្សដំណនេះ ហើយនឹងកាត់ទោសឲ្យផង ពីព្រោះព្រះនាងបានយាងមកពីចុងផែនដី ដើម្បីនឹងស្តាប់ចំណេះហ្លួងសាឡូម៉ូន ហើយមើលនៅទីនេះមាន១អង្គដ៏វិសេសលើសជាងហ្លួងសាឡូម៉ូនទៅទៀត
32. នៅថ្ងៃជំនុំជំរះ មនុស្សនៅក្រុងនីនីវេ នឹងឈរឡើងជំនុំជំរះមនុស្សដំណនេះ ហើយនឹងកាត់ទោសឲ្យផង ពីព្រោះគេបានប្រែចិត្ត ដោយសារពាក្យលោកយ៉ូណាសប្រដៅ ហើយមើលនៅទីនេះមាន១អង្គដ៏វិសេស លើសជាងលោកយ៉ូណាសទៅទៀត។
33. គ្មានអ្នកណាដែលអុជចង្កៀង យកទៅដាក់នៅទីកំបាំង ឬគ្របនឹងថាំងឡើយ គេតែងដាក់លើជើងចង្កៀងវិញ ដើម្បីឲ្យអស់អ្នកដែលចូល បានឃើញពន្លឺភ្លឺ
34. ឯចង្កៀងរូបកាយ គឺជាភ្នែក ដូច្នេះ កាលណាភ្នែកអ្នកល្អ នោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺដែរ តែកាលណាភ្នែកអាក្រក់ នោះរូបកាយអ្នកនឹងងងឹតវិញ