លូកា 10:5-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ឯ​ផ្ទះ​ណា ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ នោះ​មុន​ដំបូង​ត្រូវ​ថា សូម​ឲ្យ​ផ្ទះ​នេះ​បាន​សេចក្ដី​សុខ‌សាន្ត

6. បើ​នៅ​ផ្ទះ​នោះ មាន​មនុស្ស​ណា​ចូល​ចិត្ត​នឹង​សេចក្ដី​សុខ‌សាន្ត នោះ​សេចក្ដី​សុខ​របស់​អ្នក​រាល់​គ្នា នឹង​នៅ​ជាប់​នឹង​ផ្ទះ​នោះ បើ​គ្មាន​ទេ នោះ​សេចក្ដី​សុខ​នឹង​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញ

7. ហើយ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​នោះ​ឯង ទាំង​ទទួល​បរិភោគ​របស់​អ្វីៗ ដែល​គេ​ឲ្យ​ចុះ ពី​ព្រោះ​អ្នក​ដែល​ធ្វើ​ការ នោះ​គួរ​នឹង​បាន​ឈ្នួល​វិញ កុំ​ឲ្យ​ផ្លាស់​ពី​ផ្ទះ​១​ទៅ​ផ្ទះ​១​ឡើយ

8. ឯ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ហើយ​គេ​រាក់​ទាក់​ទទួល នោះ​ឲ្យ​ទទួល​បរិភោគ​របស់​អ្វីៗ ដែល​គេ​លើក​មក​ឲ្យ​ចុះ

9. ទាំង​មើល​ពួក​អ្នក​ឈឺ​ក្នុង​ភូមិ​នោះ​ឲ្យ​ជា​ផង ហើយ​ប្រាប់​គេ​ថា នគរ​ព្រះ​ជិត​មក​ដល់​អ្នក​រាល់​គ្នា​ហើយ

10. តែ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ហើយ​គេ​មិន​ទទួល​ទេ នោះ​ចូរ​ចេញ​ទៅ​ឯ​ផ្លូវ ហើយ​និយាយ​ថា

11. នែ ទោះ​ទាំង​ធូលី​ដី​ក្នុង​ភូមិ​អ្នក​រាល់​គ្នា ដែល​ជាប់​នៅ​ជើង​យើង នោះ​យើង​ក៏​ជូត​ចេញ​ទាស់​នឹង​អ្នក​រាល់​គ្នា​ដែរ ប៉ុន្តែ ត្រូវ​ដឹង​សេចក្ដី​នេះ​ថា នគរ​ព្រះ​ជិត​ដល់​ហើយ

12. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​នោះ ក្រុង​សូដុំម​នឹង​ទ្រាំ​បាន​ងាយ ជា​ជាង​ភូមិ​នោះ

13. វេទនា​ដល់​ឯង ក្រុង​ខូរ៉ាស៊ីន​អើយ វេទនា​ដល់​ឯង ក្រុង​បេត‌សៃដា​អើយ ពី​ព្រោះ​ការ​ឫទ្ធិ‌បារមី​ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​កណ្តាល​ក្រុង​ទីរ៉ុស និង​ស៊ីដូន​វិញ នោះ​គេ​នឹង​បាន​ប្រែ​ចិត្ត ជា​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ អង្គុយ​ក្នុង​ផេះផង

14. ដូច្នេះ នៅ​ថ្ងៃ​ជំនុំ​ជំរះ ក្រុង​ទីរ៉ុស និង​ស៊ីដូន នឹង​ទ្រាំ​បាន​ងាយ ជា​ជាង​ឯង​រាល់​គ្នា

15. ហើយ​ក្រុង​កាពើ‌ណិម​អើយ គឺ​ឯង​ដែល​បាន​ដំកើង​ឡើង​ស្មើ​ស្ថាន‌សួគ៌​ហើយ ឯង​នឹង​ត្រូវ​ទំលាក់​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ

16. ឯ​អ្នក​ណា​ដែល​ស្តាប់​អ្នក​រាល់​គ្នា នោះ​ឈ្មោះ​ថា​ស្តាប់​ខ្ញុំ តែ​អ្នក​ណា​ដែល​មើល‌ងាយ​អ្នក​រាល់​គ្នា នោះ​ឈ្មោះ​ថា​មើល‌ងាយ​ដល់​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មើល‌ងាយ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​មើល‌ងាយ ដល់​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ។

17. ពួក​៧០​នាក់​នោះ​ក៏​មក​វិញ​ដោយ​អំណរ ហើយ​ទូល​ថា ព្រះ‌អម្ចាស់​អើយ ទោះ​ទាំង​ពួក​អារក្ស​ក៏​ចុះ​ចូល​ចំពោះ​យើង​រាល់​គ្នា ដោយ​ព្រះ‌នាម​ទ្រង់​ដែរ

18. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ខ្ញុំ​បាន​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​លើ​មេឃ មក​ដូច​ជា​ផ្លេក‌បន្ទោរ

លូកា 10