28. ទ្រង់មានព្រះបន្ទូលតបថា អ្នកបានឆ្លើយត្រូវហើយ ចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងរស់នៅពិត
29. តែអ្នកនោះចង់សំដែងខ្លួនជាអ្នកសុចរិត ក៏ទូលសួរទៀតថា តើអ្នកណាជាអ្នកជិតខាងខ្ញុំ
30. ព្រះយេស៊ូវមានព្រះបន្ទូលថា មានមនុស្សម្នាក់កំពុងតែធ្វើដំណើរពីក្រុងយេរូសាឡិម ចុះទៅឯក្រុងយេរីខូរ ក៏ធ្លាក់ខ្លួនទៅក្នុងកណ្តាប់ដៃនៃពួកចោរ វាប្លន់គាត់ ព្រមទាំងវាយឲ្យត្រូវរបួស រួចចេញបាត់ទៅ ចោលគាត់ឲ្យទ្រមនៅ
31. ជួនជាមានសង្ឃ១អង្គ ចុះមកតាមផ្លូវនោះ កាលបានឃើញគាត់ នោះក៏វាងតាមម្ខាងហួសទៅ
32. ហើយមានពួកលេវីម្នាក់ មកដល់កន្លែងនោះដែរ កាលបានឃើញហើយ ក៏វាងតាមម្ខាងហួសទៅទៀត
33. តែមានសាសន៍សាម៉ារីម្នាក់ ដើរដំណើរមកដល់ កាលបានឃើញហើយ នោះក៏មានចិត្តក្តួលអាណិតដល់គាត់
34. ទើបចូលទៅរុំរបួសឲ្យ ព្រមទាំងយកប្រេង និងស្រា ចាក់លាប រួចលើកដាក់លើសត្វជាជំនិះរបស់ខ្លួន ដឹកនាំទៅឯផ្ទះសំណាក់ ថែទាំរក្សាគាត់
35. ស្អែកឡើង កាលគាត់រៀបនឹងចេញទៅ នោះក៏យកប្រាក់៤កាក់ ហុចដល់ម្ចាស់ផ្ទះនោះ ដោយប្រាប់ថា ចូរថែរក្សាអ្នកនេះផង បើជួនជាអ្នកចាយលើសពីនេះទៅ នោះដល់ខ្ញុំមកវិញ ខ្ញុំនឹងសងអ្នក
36. ដូច្នេះ ក្នុង៣នាក់នោះ តើអ្នកស្មានថា អ្នកណាជាអ្នកជិតខាងនឹងមនុស្ស ដែលធ្លាក់ទៅក្នុងកណ្តាប់ដៃពួកចោរនោះ
37. អ្នកនោះឆ្លើយថា គឺអ្នក១ដែលមានចិត្តអាណិតដល់គាត់នោះឯង ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលថា ទៅចុះ ចូរអ្នកប្រព្រឹត្តបែបយ៉ាងដូច្នោះដែរ។
38. កាលកំពុងតែនាំគ្នាទៅ នោះទ្រង់យាងចូលទៅភូមិ១ ហើយមានស្ត្រីម្នាក់ឈ្មោះម៉ាថា បានទទួលអញ្ជើញទ្រង់ទៅក្នុងផ្ទះ
39. នាងមានប្អូនស្រី១ឈ្មោះម៉ារា នាងនោះបានអង្គុយស្តាប់ព្រះបន្ទូល នៅទៀបព្រះបាទព្រះអម្ចាស់
40. ឯម៉ាថា នាងមានការរវល់ជាច្រើន ក៏ចូលមកទូលថា ព្រះអម្ចាស់អើយ តើទ្រង់មិនគិតឃើញថា ប្អូនខ្ញុំម្ចាស់ វាទុកខ្ញុំម្ចាស់ ឲ្យខ្វល់ខ្វាយបំរើតែម្នាក់ឯងទេឬអី សូមទ្រង់ប្រាប់ឲ្យវាមកជួយខ្ញុំម្ចាស់ផង
41. ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ម៉ាថាៗអើយ នាងព្រួយចិត្តខំប្រឹងរៀបចំធ្វើអីច្រើនម៉្លេះ
42. មានសេចក្ដីតែ១ទេ ដែលសំរាប់ត្រូវការ ឯម៉ារា នាងបានរើសចំណែកយ៉ាងល្អ ដែលមិនត្រូវយកចេញពីនាងឡើយ។