លូកា 10:19-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. មើល​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច នឹង​ដើរ​ជាន់​ទាំង​ពស់ និង​ខ្យា‌ដំរី ហើយ​លើ​គ្រប់​ទាំង​ឥទ្ធិ‌ឫទ្ធិ​របស់​ខ្មាំង​សត្រូវ​ផង គ្មាន​អ្វី​នឹង​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​ឡើយ

20. ប៉ុន្តែ កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះ​ចូល​អ្នក​រាល់​គ្នា​នោះ​ឡើយ ត្រូវ​ឲ្យ​រីក‌រាយ ដោយ​ព្រោះ​ឈ្មោះ​អ្នក​រាល់​គ្នា​បាន​កត់​ទុក​នៅ​ស្ថាន‌សួគ៌​វិញ។

21. នៅ​វេលា​នោះ​ឯង ព្រះ‌យេស៊ូវ​ទ្រង់​កំពុង​តែ​រីក‌រាយ​ដោយ​ព្រះ‌វិញ្ញាណ ក៏​មាន​ព្រះ‌បន្ទូល​ថា ឱ​ព្រះ‌វរ‌បិតា ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ និង​ផែនដី​អើយ ទូល‌បង្គំ​សរសើរ​ដល់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​លាក់​សេចក្ដី​ទាំង​នេះ​នឹង​ពួក​អ្នក​ប្រាជ្ញ ហើយ​នឹង​ពួក​ឈ្លាស‌វៃ តែ​បាន​សំដែង​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ អើ ព្រះ‌វរ‌បិតា​អើយ ដ្បិត​ទ្រង់​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ​យ៉ាង​ដូច្នោះ

22. រួច​ទ្រង់​បែរ​ទៅ​មាន​ព្រះ‌បន្ទូល​នឹង​ពួក​សិស្ស​ថា គ្រប់​សេចក្ដី​ទាំង​អស់​សុទ្ធ​តែ​បាន​ប្រទាន​មក​ខ្ញុំ ពី​ព្រះ‌វរ‌បិតា​នៃ​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌រាជ‌បុត្រា​ទេ មាន​តែ​ព្រះ‌វរ‌បិតា​តែ​១ ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌វរ‌បិតា​ដែរ មាន​តែ​ព្រះ‌រាជ‌បុត្រា ហើយ​នឹង​អ្នក​ណា ដែល​ព្រះ‌រាជ‌បុត្រា​សព្វ​ព្រះ‌ហឫ‌ទ័យ បើក​ឲ្យ​ស្គាល់​ទ្រង់​ផង​ប៉ុណ្ណោះ

23. ទ្រង់​ក៏​បែរ​ទៅ​មាន​ព្រះ‌បន្ទូល​នឹង​ពួក​សិស្ស​ដោយ‌ឡែក​ថា មាន​ពរ​ហើយ ភ្នែក​ណា​ដែល​ឃើញ​អស់​ទាំង​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ

24. ពី​ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មាន​ហោរា និង​ស្តេច​ជា​ច្រើន បាន​ប្រាថ្នា​ចង់​ឃើញ​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ​ដែរ តែ​មិន​បាន​ឃើញ​ទេ ក៏​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮ​ដែរ តែ​មិន​បាន​ឮ​សោះ។

25. នៅ​គ្រា​នោះ មាន​អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់​ឈរ​ឡើង ទូល​ល្បង​ទ្រង់​ថា លោក​គ្រូ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ដើម្បី​ឲ្យ​បាន​ជីវិត​អស់​កល្ប‌ជានិច្ច

26. ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ក្នុង​ក្រឹត្យ‌វិន័យ តើ​មាន​កត់​ទុក​យ៉ាង​ដូច​ម្តេច​ខ្លះ តើ​អ្នក​មើល​យល់​ដូច​ម្តេច

27. អ្នក​នោះ​ទូល​ថា «ឯង​ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​កំឡាំង ហើយ​អស់​អំពី​គំនិត​ឯង ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង​ដែរ»

28. ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត

29. តែ​អ្នក​នោះ​ចង់​សំដែង​ខ្លួន​ជា​អ្នក​សុចរិត ក៏​ទូល​សួរ​ទៀត​ថា តើ​អ្នក​ណា​ជា​អ្នក​ជិត​ខាង​ខ្ញុំ

30. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា មាន​មនុស្ស​ម្នាក់​កំពុង​តែ​ធ្វើ​ដំណើរ​ពី​ក្រុង​យេរូ‌សាឡិម ចុះ​ទៅ​ឯ​ក្រុង​យេរីខូរ ក៏​ធ្លាក់​ខ្លួន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ចោរ វា​ប្លន់​គាត់ ព្រម​ទាំង​វាយ​ឲ្យ​ត្រូវ​របួស រួច​ចេញ​បាត់​ទៅ ចោល​គាត់​ឲ្យ​ទ្រម​នៅ

31. ជួន​ជា​មាន​សង្ឃ​១​អង្គ ចុះ​មក​តាម​ផ្លូវ​នោះ កាល​បាន​ឃើញ​គាត់ នោះ​ក៏​វាង​តាម​ម្ខាង​ហួស​ទៅ

32. ហើយ​មាន​ពួក​លេវី​ម្នាក់ មក​ដល់​កន្លែង​នោះ​ដែរ កាល​បាន​ឃើញ​ហើយ ក៏​វាង​តាម​ម្ខាង​ហួស​ទៅ​ទៀត

33. តែ​មាន​សាសន៍​សាម៉ារី​ម្នាក់ ដើរ​ដំណើរ​មក​ដល់ កាល​បាន​ឃើញ​ហើយ នោះ​ក៏​មាន​ចិត្ត​ក្តួល​អាណិត​ដល់​គាត់

34. ទើប​ចូល​ទៅ​រុំ​របួស​ឲ្យ ព្រម​ទាំង​យក​ប្រេង និង​ស្រា ចាក់​លាប រួច​លើក​ដាក់​លើ​សត្វ​ជា​ជំនិះ​របស់​ខ្លួន ដឹក‌នាំ​ទៅ​ឯ​ផ្ទះ​សំណាក់ ថែ‌ទាំ​រក្សា​គាត់

35. ស្អែក​ឡើង កាល​គាត់​រៀប​នឹង​ចេញ​ទៅ នោះ​ក៏​យក​ប្រាក់​៤​កាក់ ហុច​ដល់​ម្ចាស់​ផ្ទះ​នោះ ដោយ​ប្រាប់​ថា ចូរ​ថែ​រក្សា​អ្នក​នេះ​ផង បើ​ជួន​ជា​អ្នក​ចាយ​លើស​ពី​នេះ​ទៅ នោះ​ដល់​ខ្ញុំ​មក​វិញ ខ្ញុំ​នឹង​សង​អ្នក

36. ដូច្នេះ ក្នុង​៣​នាក់​នោះ តើ​អ្នក​ស្មាន​ថា អ្នក​ណា​ជា​អ្នក​ជិត​ខាង​នឹង​មនុស្ស ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ចោរ​នោះ

លូកា 10