លូកា 1:64-79 ព្រះគម្ពីរបរិសុទ្ធ (KHOV)

64. ខណៈ​នោះ មាត់​លោក​បើក​ឡើង​ជា​១​រំពេច អណ្តាត​ក៏​រលាស់​បាន ហើយ​លោក​ពណ៌នា​សរសើរ​ដល់​ព្រះ

65. ឯ​មនុស្ស​ដែល​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន ក៏​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច រួច​គេ​រ៉ាយ‌រ៉ាប់​រឿង​នេះ​ទួទៅ​ពេញ​ក្នុង​ស្រុក​ភ្នំ​របស់​ខេត្ត​យូដា

66. ហើយ​អស់​អ្នក​ដែល​ឮ ក៏​ទុក​តែ​ក្នុង​ពោះ​ដោយ​ថា ដូច្នេះ តើ​កូន​នេះ​នឹង​បាន​ជា​អ្វី ព្រះ‌ហស្ត​ព្រះ‌អម្ចាស់​ក៏​នៅ​ជា​មួយ​នឹង​វា។

67. រីឯ​សាការី ជា​ឪពុក ក៏​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ទាយ​ថា

68. សូម​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​ប្រកប​ដោយ​ព្រះ‌គុណ ពី​ព្រោះ​ទ្រង់​បាន​ទត​មើល ហើយ​ប្រោស​លោះ​រាស្ត្រ​ទ្រង់

69. ព្រម​ទាំង​បង្កើត​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ នៅ​ក្នុង​ពូជ​ហ្លួង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់ សំរាប់​នឹង​ជួយ​សង្គ្រោះ​យើង​ផង

70. ដូច​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល ដោយ​មាត់​ពួក​ហោរា​បរិសុទ្ធ​របស់​ទ្រង់​តាំង​ពី​បុរាណ​មក

71. គឺ​ជា​សេចក្ដី​សង្គ្រោះ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​យើង ហើយ​ពី​កណ្តាប់​ដៃ​នៃ​អស់​អ្នក​ណា​ដែល​ស្អប់​យើង

72. ដើម្បី​នឹង​សំរេច​សេចក្ដី​មេត្តា‌ករុណា ដល់​ពួក​អយ្យកោ​យើង ហើយ​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​បរិសុទ្ធ​របស់​ទ្រង់

73. គឺ​ជា​សម្បថ ដែល​ទ្រង់​បាន​ស្បថ​នឹង​លោក​អ័ប្រាហាំ ជា​អយ្យកោ​យើង​ថា

74. នឹង​បើក​ឲ្យ​យើង​បាន​សង្គ្រោះ រួច​ពី​កណ្តាប់​ដៃ​ពួក​ខ្មាំង​សត្រូវ ដើម្បី​ឲ្យ​បាន​បំរើ​ទ្រង់ ឥត​ភ័យ​ខ្លាច

75. ដោយ​សេចក្ដី​បរិសុទ្ធ និង​សេចក្ដី​សុចរិត នៅ​ចំពោះ​ទ្រង់ អស់​១​ជីវិត​យើង

76. ឯ​ឯង​ទារក​អើយ គេ​នឹង​ហៅ​ឯង​ជា​ហោរា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ឯង​នឹង​ដើរ​ចំពោះ​ព្រះ‌អម្ចាស់ ដើម្បី​នឹង​រៀប‌ចំ​ផ្លូវ​ថ្វាយ​ទ្រង់

77. ប្រយោជន៍​ឲ្យ​រាស្ត្រ​ទ្រង់​បាន​ស្គាល់​សេចក្ដី​សង្គ្រោះ ជា​ការ​ប្រោស​ឲ្យ​គេ​រួច​ពី​បាប

78. ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​របស់​ព្រះ​នៃ​យើង ដែល​បណ្តាល​ឲ្យ​បច្ចូស‌កាល ភ្លឺ​មក​ដល់​យើង​ពី​ស្ថាន​ដ៏​ខ្ពស់

79. ដើម្បី​នឹង​បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​សេចក្ដី​ងងឹត ហើយ​ក្នុង​ម្លប់​នៃ​សេចក្ដី​ស្លាប់ ប្រយោជន៍​ឲ្យ​បាន​ដំរង់​ជើង​យើង តាម​ផ្លូវ​សុខ​សាន្ត​វិញ។

លូកា 1