62. គេក៏ធ្វើគ្រឿងសំគាល់ សួរដល់ឪពុក តើលោកចង់ឲ្យឈ្មោះអ្វីដល់កូន
63. លោកសូមក្តារខៀនមកសរសេរថា វាឈ្មោះយ៉ូហាន នោះគេមានសេចក្ដីអស្ចារ្យទាំងអស់គ្នា
64. ខណៈនោះ មាត់លោកបើកឡើងជា១រំពេច អណ្តាតក៏រលាស់បាន ហើយលោកពណ៌នាសរសើរដល់ព្រះ
65. ឯមនុស្សដែលនៅជុំវិញទាំងប៉ុន្មាន ក៏កើតមានសេចក្ដីភ័យខ្លាច រួចគេរ៉ាយរ៉ាប់រឿងនេះទួទៅពេញក្នុងស្រុកភ្នំរបស់ខេត្តយូដា
66. ហើយអស់អ្នកដែលឮ ក៏ទុកតែក្នុងពោះដោយថា ដូច្នេះ តើកូននេះនឹងបានជាអ្វី ព្រះហស្តព្រះអម្ចាស់ក៏នៅជាមួយនឹងវា។
67. រីឯសាការី ជាឪពុក ក៏បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ហើយទាយថា
68. សូមឲ្យព្រះអម្ចាស់ ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រកបដោយព្រះគុណ ពីព្រោះទ្រង់បានទតមើល ហើយប្រោសលោះរាស្ត្រទ្រង់
69. ព្រមទាំងបង្កើតព្រះដ៏មានឥទ្ធិឫទ្ធិ នៅក្នុងពូជហ្លួងដាវីឌ ជាអ្នកបំរើទ្រង់ សំរាប់នឹងជួយសង្គ្រោះយើងផង
70. ដូចជាទ្រង់មានព្រះបន្ទូល ដោយមាត់ពួកហោរាបរិសុទ្ធរបស់ទ្រង់តាំងពីបុរាណមក
71. គឺជាសេចក្ដីសង្គ្រោះ ឲ្យរួចពីខ្មាំងសត្រូវយើង ហើយពីកណ្តាប់ដៃនៃអស់អ្នកណាដែលស្អប់យើង
72. ដើម្បីនឹងសំរេចសេចក្ដីមេត្តាករុណា ដល់ពួកអយ្យកោយើង ហើយនឹងនឹកចាំពីសេចក្ដីសញ្ញាបរិសុទ្ធរបស់ទ្រង់
73. គឺជាសម្បថ ដែលទ្រង់បានស្បថនឹងលោកអ័ប្រាហាំ ជាអយ្យកោយើងថា