38. នោះម៉ារានិយាយថា មើលខ្ញុំនេះជាអ្នកបំរើរបស់ព្រះអម្ចាស់ ដូច្នេះ សូមឲ្យបានសំរេចដូចពាក្យលោកចុះ រួចទេវតាក៏ថយចេញពីនាងបាត់ទៅ។
39. នៅគ្រានោះ ម៉ារាក៏ក្រោកឡើង ទៅឯស្រុកភ្នំជាប្រញាប់ ដល់ភូមិ១ក្នុងខេត្តយូដា
40. ក៏ចូលទៅក្នុងផ្ទះសាការី ជំរាបសួរដល់អេលីសាបិត
41. កាលអេលីសាបិតបានឮពាក្យម៉ារាជំរាបសួរ នោះកូនក៏បង្រះនៅក្នុងផ្ទៃ រួចគាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ
42. ក៏បន្លឺសំឡេងយ៉ាងខ្លាំងថា ក្នុងបណ្តាពួកស្រីៗ គឺនាងហើយ ជាស្ត្រីមានពរពិត ព្រមទាំងកូននៅក្នុងផ្ទៃនាងផង
43. ដូចម្តេចហ្ន៎ បានជាដល់ទៅព្រះមាតាព្រះអម្ចាស់នៃខ្ញុំក៏មកសួរដូច្នេះដែរ
44. ដ្បិតមើល កាលសំឡេងនាងជំរាបសួរឮមកដល់ត្រចៀកខ្ញុំ នោះកូននៅក្នុងពោះខ្ញុំក៏បង្រះដោយសេចក្ដីអំណរ
45. នាងមានពរហើយ ដោយនាងបានជឿ ដ្បិតសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកនាង នោះនឹងបានសំរេចជាមិនខាន។
46. រួចម៉ារានិយាយឡើងថា ព្រលឹងខ្ញុំលើកដំកើងព្រះអម្ចាស់
47. វិញ្ញាណខ្ញុំក៏រីករាយនឹងព្រះដ៏ជាព្រះអង្គសង្គ្រោះនៃខ្ញុំ
48. ដ្បិតទ្រង់បានទតមើលសណ្ឋានទាបថោករបស់ខ្ញុំ ជាបាវបំរើទ្រង់ មើលចុះ ពីនេះទៅមុខ គ្រប់ទាំងដំណមនុស្សនឹងរាប់ខ្ញុំថា ជាអ្នកមានពរ
49. ពីព្រោះព្រះដ៏មានព្រះចេស្តា ទ្រង់បានប្រោសសេចក្ដីយ៉ាងល្អវិសេសដល់ខ្ញុំ ព្រះនាមទ្រង់បរិសុទ្ធ