29. នាងមានសេចក្ដីភាំង ដោយឮពាក្យនោះ ហើយរិះគិតក្នុងចិត្ត ពីពាក្យជំរាបសួរយ៉ាងនោះមានន័យដូចម្តេច
30. តែទេវតានិយាយថា កុំខ្លាចអី ម៉ារាអើយ ដ្បិតព្រះបានប្រោសមេត្តាដល់នាងហើយ
31. មើលនាងនឹងមានគភ៌ប្រសូតបានបុត្រា១ ដែលនាងត្រូវថ្វាយព្រះនាមថា «យេស៊ូវ»
32. បុត្រនោះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងប្រទានរាជ្យនៃហ្លួងដាវីឌ ជាអយ្យកោទ្រង់ថ្វាយទ្រង់សោយ
33. ទ្រង់នឹងសោយរាជ្យលើពួកវង្សរបស់យ៉ាកុប នៅអស់កល្បរៀងទៅ ហើយរាជ្យទ្រង់នឹងមិនផុតឡើយ
34. តែម៉ារាសួរទេវតាថា ខ្ញុំមិនស្គាល់ប្រុសណាផង ដូច្នេះ តើធ្វើដូចម្តេចនឹងឲ្យការនេះសំរេចបាន
35. ទេវតាក៏ឆ្លើយថា ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុត នឹងមកគ្របបាំងនាងដោយស្រមោល ហេតុដូច្នេះ បុត្របរិសុទ្ធដែលនឹងប្រសូតមកនោះ ត្រូវហៅថាជាព្រះរាជបុត្រានៃព្រះ
36. មើលឥឡូវអេលីសាបិត ជាញាតិនាង ក៏មានផ្ទៃពោះជាកូនប្រុស ក្នុងការដែលចាស់ហើយដែរ គឺអ្នកដែលគេបានហៅថាជាស្ត្រីអារ នោះនាងមានផ្ទៃពោះ៦ខែមកហើយ
37. ដ្បិតការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ
38. នោះម៉ារានិយាយថា មើលខ្ញុំនេះជាអ្នកបំរើរបស់ព្រះអម្ចាស់ ដូច្នេះ សូមឲ្យបានសំរេចដូចពាក្យលោកចុះ រួចទេវតាក៏ថយចេញពីនាងបាត់ទៅ។
39. នៅគ្រានោះ ម៉ារាក៏ក្រោកឡើង ទៅឯស្រុកភ្នំជាប្រញាប់ ដល់ភូមិ១ក្នុងខេត្តយូដា
40. ក៏ចូលទៅក្នុងផ្ទះសាការី ជំរាបសួរដល់អេលីសាបិត
41. កាលអេលីសាបិតបានឮពាក្យម៉ារាជំរាបសួរ នោះកូនក៏បង្រះនៅក្នុងផ្ទៃ រួចគាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ
42. ក៏បន្លឺសំឡេងយ៉ាងខ្លាំងថា ក្នុងបណ្តាពួកស្រីៗ គឺនាងហើយ ជាស្ត្រីមានពរពិត ព្រមទាំងកូននៅក្នុងផ្ទៃនាងផង
43. ដូចម្តេចហ្ន៎ បានជាដល់ទៅព្រះមាតាព្រះអម្ចាស់នៃខ្ញុំក៏មកសួរដូច្នេះដែរ
44. ដ្បិតមើល កាលសំឡេងនាងជំរាបសួរឮមកដល់ត្រចៀកខ្ញុំ នោះកូននៅក្នុងពោះខ្ញុំក៏បង្រះដោយសេចក្ដីអំណរ