18. សាការីសួរទេវតាថា តើខ្ញុំនឹងដឹងសេចក្ដីនោះបាន ដោយសារអ្វី ដ្បិតខ្ញុំសោតក៏ចាស់ហើយ ប្រពន្ធខ្ញុំក៏ចាស់ណាស់ដែរ
19. ទេវតាឆ្លើយតបនឹងលោកថា ខ្ញុំនេះ ឈ្មោះកាព្រីយ៉ែល ដែលឈរនៅចំពោះព្រះ ទ្រង់បានចាត់ខ្ញុំឲ្យមកនិយាយនឹងលោក ហើយប្រកាសប្រាប់ដំណឹងល្អនេះ
20. មើល លោកនឹងត្រូវគ និយាយមិនបាន ដរាបដល់ថ្ងៃដែលការទាំងនេះកើតមក ពីព្រោះលោកមិនបានជឿពាក្យខ្ញុំ ដែលនឹងសំរេចនៅវេលាកំណត់នោះទេ។
21. ឯបណ្តាមនុស្សគេនៅចាំសាការី ក៏នឹកប្លែកពីលោក ដែលនៅក្នុងព្រះវិហារជាយូរម៉្លេះ
22. កាលលោកចេញមក លោកនិយាយនឹងគេមិនបានទេ គេក៏យល់ឃើញថា លោកបានឃើញការជាក់ស្តែងណាមួយ នៅក្នុងព្រះវិហារជាមិនខាន ដោយលោកធ្វើគ្រឿងសំគាល់ឲ្យដឹង ហើយក៏នៅតែគ
23. កាលវេលាដែលការងារលោកបានសំរេចហើយ នោះលោកក៏ត្រឡប់ទៅផ្ទះវិញ
24. គ្រាក្រោយនោះ អេលីសាបិត ជាប្រពន្ធលោក នាងមានផ្ទៃពោះ រួចក៏លាក់ខ្លួននៅ៥ខែ ដោយថា
25. ព្រះអម្ចាស់ទ្រង់បានប្រោសខ្ញុំយ៉ាងដូច្នេះ ក្នុងគ្រាដែលទ្រង់ទតមកខ្ញុំ ដើម្បីនឹងដោះសេចក្ដីអាម៉ាស់ខ្មាសរបស់ខ្ញុំ នៅកណ្តាលមនុស្សចេញ។
26. កន្លង៦ខែក្រោយនោះមក ព្រះទ្រង់ចាត់ទេវតាកាព្រីយ៉ែល ឲ្យទៅឯនាងព្រហ្មចារីម្នាក់ ដែលនៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ
27. ជាស្ត្រីដែលបានបំរុងទុកឲ្យមនុស្សម្នាក់ឈ្មោះយ៉ូសែប ជាពូជហ្លួងដាវីឌ នាងនោះឈ្មោះម៉ារា
28. ទេវតាក៏ចូលមកឯនាងពោលថា ជំរាបសួរនាង ឱនាងដែលប្រកបដោយព្រះគុណអើយ ព្រះអម្ចាស់ទ្រង់គង់នៅជាមួយនឹងនាង ក្នុងបណ្តាពួកស្រីៗ នាងជាស្ត្រីមានពរពិត
29. នាងមានសេចក្ដីភាំង ដោយឮពាក្យនោះ ហើយរិះគិតក្នុងចិត្ត ពីពាក្យជំរាបសួរយ៉ាងនោះមានន័យដូចម្តេច
30. តែទេវតានិយាយថា កុំខ្លាចអី ម៉ារាអើយ ដ្បិតព្រះបានប្រោសមេត្តាដល់នាងហើយ
31. មើលនាងនឹងមានគភ៌ប្រសូតបានបុត្រា១ ដែលនាងត្រូវថ្វាយព្រះនាមថា «យេស៊ូវ»
32. បុត្រនោះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងប្រទានរាជ្យនៃហ្លួងដាវីឌ ជាអយ្យកោទ្រង់ថ្វាយទ្រង់សោយ