រ៉ូម 9:8-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. គឺ​ថា មិន​មែន​កូន​ខាង​សាច់​ឈាម ដែល​ជា​កូន​របស់​ព្រះ​នោះ​ទេ ឯ​កូន​ខាង​ឯ​សេចក្តី​សន្យា នោះ​ទើប​បាន​រាប់​ជា​ពូជ​វិញ

9. ដ្បិត​សេចក្តី​សន្យា​នោះ គឺ​ជា​ព្រះ‌បន្ទូល​នេះ​ដែល​ថា «អញ​នឹង​មក​វិញ​តាម​កំណត់​នេះ នោះ​សារ៉ា​នឹង​មាន​កូន»

10. មិន​តែ​ប៉ុណ្ណោះ​សោត រេបិកា​ក៏​មាន​ផ្ទៃ​ពោះ​នឹង​មនុស្ស​ម្នាក់​ដែរ គឺ​អ៊ីសាក ជា​ឰយុកោ​នៃ​យើង​រាល់​គ្នា

11. គ្រា​ដែល​កូន​មិន​ទាន់​កើត​មក​នៅ​ឡើយ ហើយ​មិន​ទាន់​ធ្វើ​ការ​ល្អ​ឬ​អាក្រក់​អ្វី

12. នោះ​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​នាង​ថា «កូន​ច្បង​នឹង​ត្រូវ​បំរើ​ប្អូន»

13. ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «អញ​បាន​ស្រឡាញ់​យ៉ាកុប តែ​ស្អប់​អេសាវ​វិញ» គឺ​ដើម្បី​ឲ្យ​ព្រះ‌ដំរិះ​របស់​ព្រះ ខាង​ឯ​សេចក្តី​រើស​តាំង​បាន​ជាប់​នៅ មិន​មែន​ដោយ​អាង​ការ​ប្រព្រឹត្ត​ទេ គឺ​ដោយ​អាង​ព្រះ​ដែល​ទ្រង់​ហៅ​វិញ។

14. ដូច្នេះ យើង​នឹង​ថា​ដូច​ម្តេច តើ​ព្រះ​មាន​សេចក្តី​ទុច្ចរិត​ឬ​អី ទេ គ្មាន​សោះ

15. ដ្បិត​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ម៉ូសេ​ថា «អញ​នឹង​ផ្សាយ​សេចក្តី​មេត្តា‌ករុណា ដល់​អ្នក​ណា​ដែល​អញ​មេត្តា‌ករុណា ក៏​នឹង​មាន​សេចក្តី​ក្តួល​អាណិត ដល់​អ្នក​ណា​ដែល​អញ​ក្តួល​អាណិត»

16. ដូច្នេះ មិន​សំរេច​នឹង​អ្នក​ណា​ដែល​ចង់​បាន ឬ​នឹង​អ្នក​ណា​ដែល​ខំ​រត់​តាម​នោះ​ទេ គឺ​ស្រេច​នឹង​ព្រះ ដែល​មាន​សេចក្តី​មេត្តា‌ករុណា​វិញ

17. ដ្បិត​មាន​បទ​គម្ពីរ​សំដែង​ដល់​ផារ៉ោន​ថា «អញ​បាន​តាំង​ឯង​ឡើង​សំរាប់​ការ​នេះ​ឯង គឺ​ដើម្បី​សំដែង​ឫទ្ធិ‌បារមី​អញ​ក្នុង​ខ្លួន​ឯង

18. ដូច្នេះ ទ្រង់​តែង​ផ្សាយ​មេត្តា‌ករុណា ដល់​អ្នក​ណា​តាម​ព្រះ‌ហឫ‌ទ័យ ហើយ​ទ្រង់​ធ្វើ​ឲ្យ​អ្នក​ណា​រឹង‌ទទឹង​ក៏​តាម​តែ​ព្រះ‌ហឫ‌ទ័យ​ដែរ។

19. ដូច្នេះ អ្នក​នឹង​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​នៅ​តែ​បន្ទោស​ទៀត ដ្បិត​តើ​អ្នក​ណា​បាន​ទទឹង​នឹង​ព្រះ‌ហឫ‌ទ័យ​ទ្រង់

20. ប៉ុន្តែ ឱ​មនុស្ស​អើយ តើ​អ្នក​ជា​អ្វី ដែល​ហ៊ាន​ឆ្លើយ​ទាស់​នឹង​ព្រះ​ដូច្នេះ តើ​របស់​ដែល​ជាង​ស្មូន​បាន​សូន​ធ្វើ​ហើយ នឹង​និយាយ​ទៅ​ជាង​នោះ​ថា ហេតុ​អ្វី​បាន​ជា​សូន​ធ្វើ​អញ​ដូច្នេះ​ឬ​អី

21. តើ​ជាង​ស្មូន​គ្មាន​អំណាច​លើ​ដី​ឥដ្ឋ និង​យក​ដុំ​ដី​ដដែល​ធ្វើ​ជា​វត្ថុ​១​សំរាប់​ការ​ដ៏​ប្រសើរ ហើយ​១​ទៀត​សំរាប់​ការ​មិន​ប្រសើរ​ទេ​ឬ​អី

22. ចុះ​បើ​សិន​ជា​ព្រះ​ទ្រង់​ចង់​សំដែង​សេចក្តី​ក្រោធ ព្រម​ទាំង​បើក​ឲ្យ​ស្គាល់​ព្រះ‌ចេស្តា ដល់​គ្រឿង​ប្រដាប់​គួរ​នឹង​ក្រោធ ដែល​រៀប‌ចំ​ឡើង​សំរាប់​តែ​ត្រូវ​បំផ្លាញ​ដូច្នេះ ដែល​ទ្រង់​ទ្រាំ​ទ្រ​ដោយ​អំណត់​ជា​យូរ​មក​ហើយ

23. ហើយ​បើ​ទ្រង់​ចង់​បើក​ឲ្យ​គ្រឿង​ប្រដាប់ ដែល​គួរ​នឹង​សេចក្តី​មេត្តា‌ករុណា ដែល​ទ្រង់​បាន​រៀប‌ចំ​ជា​មុន បាន​ស្គាល់​សេចក្តី​វិសេស​នៃ​សិរី‌ល្អ​ដ៏​បរិសុទ្ធ​របស់​ទ្រង់​វិញ

24. គឺ​យើង​រាល់​គ្នា​ដែល​ទ្រង់​បាន​ហៅ​មក មិន​មែន​ពី​សាសន៍​យូដា​តែ​ប៉ុណ្ណោះ គឺ​ពី​សាសន៍​ដទៃ​ផង នោះ​ធ្វើ​ដូច​ម្តេច​ទៅ

រ៉ូម 9