រ៉ូម 8:20-39 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. ពី​ព្រោះ​ជីវិត​ទាំង‌ឡាយ​បាន​ត្រូវ​ចុះ​ចូល​នឹង​សេចក្តី​ឥត​ប្រយោជន៍ តែ​មិន​មែន​ដោយ​ស្ម័គ្រ​ពី​ចិត្ត គឺ​ដោយ​ព្រោះ​ព្រះ‌អង្គ ដែល​ទ្រង់​បញ្ចុះ‌បញ្ចូល​វិញ ដោយ​សង្ឃឹម​ថា

21. ជីវិត​ទាំង​នោះ​ឯង នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្តី​ពុក‌រលួយ ឲ្យ​បាន​សេរី‌ភាព​នៃ​សិរី‌ល្អ​របស់​ពួក​កូន​ព្រះ​វិញ

22. ដ្បិត​យើង​ដឹង​ថា ជីវិត​ទាំង‌ឡាយ​ក៏​ថ្ងូរ ហើយ​ឈឺ​ចាប់​ជា​មួយ​គ្នា ដរាប​ដល់​គ្រា​ឥឡូវ​នេះ

23. មិន​តែ​ប៉ុណ្ណោះ​សោត ខ្លួន​យើង​រាល់​គ្នា​ដែល​មាន​ផល​ជា​ដំបូង​របស់​ព្រះ‌វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ខ្លួន​ដែរ ទាំង​រង់‌ចាំ​ទំរាំ​ការ​ទទួល​ជា​កូន​ចិញ្ចឹម គឺ​ជា​សេចក្តី​ប្រោស​លោះ​ដល់​រូប‌កាយ​យើង​ផង

24. ដ្បិត​យើង​បាន​សង្គ្រោះ​រួច ដោយ​សេចក្តី​សង្ឃឹម តែ​សេចក្តី​សង្ឃឹម​ដែល​មើល​ឃើញ នោះ​មិន​ឈ្មោះ​ថា​ជា​សេចក្តី​សង្ឃឹម​ទេ ដ្បិត​របស់​អ្វី​ដែល​អ្នក​ណា​មើល​ឃើញ​ហើយ នោះ​នឹង​សង្ឃឹម​ចង់​បាន​ធ្វើ​អ្វី​ទៀត

25. តែ​បើ​យើង​សង្ឃឹម​នឹង​បាន​អ្វី ដែល​មើល​មិន​ឃើញ​វិញ នោះ​យើង​នឹង​រង់‌ចាំ​នៅ​ដោយ​អំណត់

26. ព្រះ‌វិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្តី​កំសោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះ‌វិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ

27. ប៉ុន្តែ ព្រះ‌អង្គ​ដែល​ស្ទង់​ចិត្ត ទ្រង់​ជ្រាប​នូវ​គំនិត​នៃ​ព្រះ‌វិញ្ញាណ ដ្បិត​ព្រះ‌វិញ្ញាណ​ជួយ​អង្វរ​ជួស​ពួក​បរិសុទ្ធ ឲ្យ​ត្រូវ​នឹង​ព្រះ‌ហឫ‌ទ័យ​ព្រះ

28. តែ​យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សំរាប់​សេចក្តី​ល្អដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ‌ដំរិះ​ទ្រង់

29. ដ្បិត​អ្នក​ណា​ដែល​ទ្រង់​បាន​ស្គាល់​ជា​មុន នោះ​ទ្រង់​ក៏​ដំរូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ‌រាជ‌បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ធ្វើ​ជា​បង​ច្បង​គេ​ក្នុង​ពួក​បង​ប្អូន​ជា​ច្រើន

30. ឯ​ពួក​អ្នក​ដែល​ទ្រង់​បាន​ដំរូវ​ទុក​ជា​មុន នោះ​ទ្រង់​ក៏​ហៅ ហើយ​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ នោះ​ទ្រង់​ក៏​រាប់​ទុក​ជា​សុចរិត ហើយ​ពួក​អ្នក​ដែល​ទ្រង់​បាន​រាប់​ជា​សុចរិត នោះ​ទ្រង់​ក៏​បាន​ដំកើង​ឡើង​ដែរ។

31. ដូច្នេះ យើង​នឹង​ថ្លែង​ប្រាប់​ពី​សេចក្តី​ទាំង​នេះ​ថា​ដូច​ម្តេច បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន

32. ឯ​ព្រះ‌អង្គ ដែល​មិន​បាន​សំចៃ​ទុក​នូវ​ព្រះ‌រាជ‌បុត្រា​ទ្រង់​បង្កើត គឺ​បាន​បញ្ជូន​ទ្រង់​ទៅ​ជំនួស​យើង​រាល់​គ្នា នោះ​តើ​មាន​ទំនង​អ្វី ឲ្យ​ទ្រង់​មិន​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង ជា​មួយ​នឹង​ព្រះ‌រាជ‌បុត្រា​ទ្រង់​នោះ​ផង

33. តើ​អ្នក​ណា​នឹង​ចោទ​ប្តឹង​ពី​ពួក​រើស​តាំង​របស់​ព្រះ​បាន ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​ទ្រង់​រាប់​គេ​ជា​សុចរិត

34. តើ​អ្នក​ណា​នឹង​កាត់​ទោស​គេ​បាន ដ្បិត​ព្រះ‌គ្រីស្ទ​ទ្រង់​បាន​សុគត​ជំនួស​គេ​ហើយ តែ​ដែល​ថា ទ្រង់​រស់​ឡើង​វិញ នោះ​មាន​ទំនង​ជាង​ទ្រង់​ក៏​គង់​នៅ​ខាង​ស្តាំ​នៃ​ព្រះ ហើយ​ជា​អ្នក​អង្វរ​ជំនួស​យើង​រាល់​គ្នា​ដែរ

35. តើ​អ្នក​ណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ផង​ព្រះ‌គ្រីស្ទ​បាន តើ​សេចក្តី​ទុក្ខ​លំបាក ឬ​សេចក្តី​វេទនា សេចក្តី​បៀត​បៀន សេចក្តី​អត់‌ឃ្លាន សេចក្តី​អាក្រាត សេចក្តី​អន្តរាយ ឬ​ដាវ​ឬ​អី

36. ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «យើង​ខ្ញុំ​ត្រូវ​គេ​សំឡាប់​វាល់​ព្រឹក​វាល់​ល្ងាច ដោយ​យល់​ដល់​ទ្រង់» គេ​រាប់​យើង​ទុក​ដូច​ជា​ចៀម​ដែល​សំរាប់​សំឡាប់

37. ទេ គឺ​ក្នុង​សេចក្តី​ទាំង​នោះ យើង​ខ្ញុំ​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យ‌ជំនះ​ទៅ​ទៀត ដោយ‌សារ​ព្រះ‌អង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង

38. ដ្បិត​ខ្ញុំ​ជឿ‌ជាក់​ថា ទោះ​ស្លាប់ ឬ​រស់ ពួក​ទេវតា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​ទៅ​មុខ ឬ​ឥទ្ធិ‌ឫទ្ធិ​អ្វី

39. ទី​មាន​កំពស់ ទី​ជំរៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្តី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ បាន​ឡើយ។

រ៉ូម 8