6. តែឥឡូវនេះ យើងបានរួចពីក្រឹត្យវិន័យហើយ ដោយបានស្លាប់ក្នុងសេចក្តីដែលឃុំឃាំងយើងទុក ប្រយោជន៍ឲ្យយើងបានគោរពប្រតិបត្តិ ដោយវិញ្ញាណដែលបានកែជាថ្មីវិញ មិនមែនតាមតែន័យពាក្យពីបុរាណនោះទៀតឡើយ។
7. ដូច្នេះ យើងនឹងថាដូចម្តេច តើក្រឹត្យវិន័យជាតួបាបឬអី ទេ មិនមែនឡើយ ខ្ញុំមិនបានទាំងស្គាល់បាបផង លើកតែដោយសារក្រឹត្យវិន័យចេញ ដ្បិតបើសិនជាក្រឹត្យវិន័យមិនបានថា «កុំឲ្យលោភ» នោះខ្ញុំឥតបានដឹងថា មានសេចក្តីលោភផងឡើយ
8. តែកាលអំពើបាបបានឱកាស ដោយសារបញ្ញត្ត នោះក៏បង្កើតគ្រប់ទាំងសេចក្តីលោភ នៅក្នុងខ្លួនខ្ញុំវិញ ដ្បិតក្រៅពីក្រឹត្យវិន័យ អំពើបាបបានស្លាប់សូន្យ
9. តែពីដើម ក្រៅពីក្រឹត្យវិន័យ នោះខ្ញុំបានរស់នៅ លុះសេចក្តីបញ្ញត្តបានកើតមក នោះបាបក៏រស់ឡើង ឯខ្ញុំក៏ត្រូវស្លាប់វិញ
10. ហើយខ្ញុំឃើញថា បញ្ញត្តនោះ ដែលសំរាប់ឲ្យមានជីវិត នោះបានឲ្យខ្ញុំត្រូវស្លាប់វិញ
11. ដ្បិតដែលបាបបានឱកាស ដោយសារសេចក្តីបញ្ញត្ត នោះក៏មកបញ្ឆោតខ្ញុំ ព្រមទាំងសំឡាប់ខ្ញុំផង ដោយសារបញ្ញត្តនោះឯង
12. ដូច្នេះ ក្រឹត្យវិន័យជាបរិសុទ្ធទេ ហើយសេចក្តីបញ្ញត្តក៏បរិសុទ្ធ សុចរិត ល្អដែរ
13. ចុះសេចក្តីល្អនេះ បានប្រែទៅជាឲ្យខ្ញុំស្លាប់ឬអី ទេ មិនមែនឡើយ គឺជាបាបវិញទេតើ ដែលនាំឲ្យខ្ញុំស្លាប់ ដោយសារសេចក្តីល្អនោះ ដើម្បីឲ្យបាបបានសំដែងចេញមកថាជាបាបមែន ហើយឲ្យបាបបានត្រឡប់ទៅជាធ្ងន់ក្រៃលែង ដោយសារសេចក្តីបញ្ញត្តនោះផង។
14. ដ្បិតយើងដឹងថា ក្រឹត្យវិន័យត្រូវខាងវិញ្ញាណ តែខ្ញុំនៅខាងសាច់ឈាមវិញ ដោយបានត្រូវលក់ទៅក្នុងអំណាចរបស់បាប
15. ពីព្រោះខ្ញុំមិនដឹងការដែលខ្ញុំប្រព្រឹត្តទេ ដ្បិតខ្ញុំមិនធ្វើការដែលខ្ញុំចង់ធ្វើសោះ គឺតែងតែប្រព្រឹត្តការដែលខ្ញុំស្អប់វិញ
16. បើសិនជាខ្ញុំតែងតែប្រព្រឹត្តការ ដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំយល់ព្រមថា ក្រឹត្យវិន័យល្អមែន