រ៉ូម 7:5-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ដ្បិត​កាល​យើង​នៅ​ខាង​សាច់​ឈាម​នៅ​ឡើយ នោះ​សេចក្តី​រំជួល​របស់​អំពើ​បាប ដែល​កើត​ដោយ​នូវ​ក្រឹត្យ‌វិន័យ បាន​បណ្តាល​ឲ្យ​អស់​ទាំង​អវយវៈ ក្នុង​រូប‌កាយ​របស់​យើង​រាល់​គ្នា បង្កើត​ផល​ដល់​សេចក្តី​ស្លាប់

6. តែ​ឥឡូវ​នេះ យើង​បាន​រួច​ពី​ក្រឹត្យ‌វិន័យ​ហើយ ដោយ​បាន​ស្លាប់​ក្នុង​សេចក្តី​ដែល​ឃុំ‌ឃាំង​យើង​ទុក ប្រយោជន៍​ឲ្យ​យើង​បាន​គោរព​ប្រតិ‌បត្តិ ដោយ​វិញ្ញាណ​ដែល​បាន​កែ​ជា​ថ្មី​វិញ មិន​មែន​តាម​តែ​ន័យ​ពាក្យ​ពី​បុរាណ​នោះ​ទៀត​ឡើយ។

7. ដូច្នេះ យើង​នឹង​ថា​ដូច​ម្តេច តើ​ក្រឹត្យ‌វិន័យ​ជា​តួ​បាប​ឬ​អី ទេ មិន​មែន​ឡើយ ខ្ញុំ​មិន​បាន​ទាំង​ស្គាល់​បាប​ផង លើក​តែ​ដោយ‌សារ​ក្រឹត្យ‌វិន័យ​ចេញ ដ្បិត​បើ​សិន​ជា​ក្រឹត្យ‌វិន័យ​មិន​បាន​ថា «កុំ​ឲ្យ​លោភ» នោះ​ខ្ញុំ​ឥត​បាន​ដឹង​ថា មាន​សេចក្តី​លោភ​ផង​ឡើយ

8. តែ​កាល​អំពើ​បាប​បាន​ឱកាស ដោយ‌សារ​បញ្ញត្ត នោះ​ក៏​បង្កើត​គ្រប់​ទាំង​សេចក្តី​លោភ នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ ដ្បិត​ក្រៅ​ពី​ក្រឹត្យ‌វិន័យ អំពើ​បាប​បាន​ស្លាប់‌សូន្យ

9. តែ​ពី​ដើម ក្រៅ​ពី​ក្រឹត្យ‌វិន័យ នោះ​ខ្ញុំ​បាន​រស់​នៅ លុះ​សេចក្តី​បញ្ញត្ត​បាន​កើត​មក នោះ​បាប​ក៏​រស់​ឡើង ឯ​ខ្ញុំ​ក៏​ត្រូវ​ស្លាប់​វិញ

10. ហើយ​ខ្ញុំ​ឃើញ​ថា បញ្ញត្ត​នោះ ដែល​សំរាប់​ឲ្យ​មាន​ជីវិត នោះ​បាន​ឲ្យ​ខ្ញុំ​ត្រូវ​ស្លាប់​វិញ

11. ដ្បិត​ដែល​បាប​បាន​ឱកាស ដោយ‌សារ​សេចក្តី​បញ្ញត្ត នោះ​ក៏​មក​បញ្ឆោត​ខ្ញុំ ព្រម​ទាំង​សំឡាប់​ខ្ញុំ​ផង ដោយ‌សារ​បញ្ញត្ត​នោះ​ឯង

12. ដូច្នេះ ក្រឹត្យ‌វិន័យ​ជា​បរិសុទ្ធ​ទេ ហើយ​សេចក្តី​បញ្ញត្ត​ក៏​បរិសុទ្ធ សុចរិត ល្អ​ដែរ

13. ចុះ​សេចក្តី​ល្អ​នេះ បាន​ប្រែ​ទៅ​ជា​ឲ្យ​ខ្ញុំ​ស្លាប់​ឬ​អី ទេ មិន​មែន​ឡើយ គឺ​ជា​បាប​វិញ​ទេ​តើ ដែល​នាំ​ឲ្យ​ខ្ញុំ​ស្លាប់ ដោយ‌សារ​សេចក្តី​ល្អ​នោះ ដើម្បី​ឲ្យ​បាប​បាន​សំដែង​ចេញ​មក​ថា​ជា​បាប​មែន ហើយ​ឲ្យ​បាប​បាន​ត្រឡប់​ទៅ​ជា​ធ្ងន់​ក្រៃលែង ដោយ‌សារ​សេចក្តី​បញ្ញត្ត​នោះ​ផង។

14. ដ្បិត​យើង​ដឹង​ថា ក្រឹត្យ‌វិន័យ​ត្រូវ​ខាង​វិញ្ញាណ តែ​ខ្ញុំ​នៅ​ខាង​សាច់​ឈាម​វិញ ដោយ​បាន​ត្រូវ​លក់​ទៅ​ក្នុង​អំណាច​របស់​បាប

15. ពី​ព្រោះ​ខ្ញុំ​មិន​ដឹង​ការ​ដែល​ខ្ញុំ​ប្រព្រឹត្ត​ទេ ដ្បិត​ខ្ញុំ​មិន​ធ្វើ​ការ​ដែល​ខ្ញុំ​ចង់​ធ្វើ​សោះ គឺ​តែង​តែ​ប្រព្រឹត្ត​ការ​ដែល​ខ្ញុំ​ស្អប់​វិញ

16. បើ​សិន​ជា​ខ្ញុំ​តែង​តែ​ប្រព្រឹត្ត​ការ ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​ខ្ញុំ​យល់​ព្រម​ថា ក្រឹត្យ‌វិន័យ​ល្អ​មែន

17. ដូច្នេះ មិន​មែន​ខ្ញុំ​ដែល​ធ្វើ​ការ​នោះ​ទៀត​ទេ គឺ​ជា​បាប​ទេ​តើ ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ

រ៉ូម 7