1. ឱបងប្អូនអើយ តើអ្នករាល់គ្នាមិនដឹងទេឬអី ដ្បិតខ្ញុំនិយាយនឹងអ្នករាល់គ្នា ដែលស្គាល់ក្រឹត្យវិន័យហើយ ថាក្រឹត្យវិន័យមានអំណាចលើមនុស្ស ដរាបដល់អស់មួយជីវិត
2. ពីព្រោះស្ត្រីណាដែលមានប្ដីនៅរស់ នោះជាប់នឹងប្ដីដោយសារក្រឹត្យវិន័យ ប៉ុន្តែ បើកាលណាប្ដីស្លាប់ទៅ នោះបានរួចពីច្បាប់របស់ប្ដីហើយ
3. ដូច្នេះ កាលប្ដីកំពុងរស់នៅឡើយ បើស្ត្រីនោះទៅយកប្ដី១ទៀត នោះគេសន្មតហៅថាជាស្រីកំផិត តែបើប្ដីស្លាប់ទៅ នោះនាងបានរួចពីច្បាប់នោះហើយ បានជាទោះបើនាងយកប្ដី១ទៀត ក៏មិនបានហៅថាជាស្រីកំផិតឡើយ
4. យ៉ាងដូច្នោះ បងប្អូនអើយ អ្នករាល់គ្នាក៏បានស្លាប់ពីខាងឯក្រឹត្យវិន័យដែរ ដោយសាររូបអង្គនៃព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានទៅជារបស់ផងអ្នកម្នាក់ទៀត ដែលបានរស់ពីស្លាប់ឡើងវិញ ប្រយោជន៍ឲ្យយើងបានបង្កើតផលថ្វាយព្រះ
5. ដ្បិតកាលយើងនៅខាងសាច់ឈាមនៅឡើយ នោះសេចក្តីរំជួលរបស់អំពើបាប ដែលកើតដោយនូវក្រឹត្យវិន័យ បានបណ្តាលឲ្យអស់ទាំងអវយវៈ ក្នុងរូបកាយរបស់យើងរាល់គ្នា បង្កើតផលដល់សេចក្តីស្លាប់
6. តែឥឡូវនេះ យើងបានរួចពីក្រឹត្យវិន័យហើយ ដោយបានស្លាប់ក្នុងសេចក្តីដែលឃុំឃាំងយើងទុក ប្រយោជន៍ឲ្យយើងបានគោរពប្រតិបត្តិ ដោយវិញ្ញាណដែលបានកែជាថ្មីវិញ មិនមែនតាមតែន័យពាក្យពីបុរាណនោះទៀតឡើយ។
7. ដូច្នេះ យើងនឹងថាដូចម្តេច តើក្រឹត្យវិន័យជាតួបាបឬអី ទេ មិនមែនឡើយ ខ្ញុំមិនបានទាំងស្គាល់បាបផង លើកតែដោយសារក្រឹត្យវិន័យចេញ ដ្បិតបើសិនជាក្រឹត្យវិន័យមិនបានថា «កុំឲ្យលោភ» នោះខ្ញុំឥតបានដឹងថា មានសេចក្តីលោភផងឡើយ
8. តែកាលអំពើបាបបានឱកាស ដោយសារបញ្ញត្ត នោះក៏បង្កើតគ្រប់ទាំងសេចក្តីលោភ នៅក្នុងខ្លួនខ្ញុំវិញ ដ្បិតក្រៅពីក្រឹត្យវិន័យ អំពើបាបបានស្លាប់សូន្យ
9. តែពីដើម ក្រៅពីក្រឹត្យវិន័យ នោះខ្ញុំបានរស់នៅ លុះសេចក្តីបញ្ញត្តបានកើតមក នោះបាបក៏រស់ឡើង ឯខ្ញុំក៏ត្រូវស្លាប់វិញ
10. ហើយខ្ញុំឃើញថា បញ្ញត្តនោះ ដែលសំរាប់ឲ្យមានជីវិត នោះបានឲ្យខ្ញុំត្រូវស្លាប់វិញ