17. ឯអ្នករាល់គ្នា ពីដើមជាបាវបំរើរបស់អំពើបាបមែន ប៉ុន្តែអរព្រះគុណដល់ព្រះអង្គ ឥឡូវនេះ បានស្តាប់ដោយស្ម័គ្រពីចិត្ត តាមក្បួននៃលទ្ធិ ដែលគេបានប្រគល់មកអ្នករាល់គ្នា
18. ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបំរើនៃសេចក្តីសុចរិតវិញ ដោយទ្រង់បានប្រោសឲ្យរួចពីអំពើបាបហើយ
19. ខ្ញុំនិយាយតាមបែបមនុស្សលោក ដោយព្រោះសេចក្តីកំសោយរបស់សាច់ឈាមនៃអ្នករាល់គ្នា ដ្បិតដូចជាកាលពីដើម អ្នករាល់គ្នាបានប្រគល់អវយវៈទាំងប៉ុន្មាន ទៅបំរើសេចក្តីស្មោកគ្រោក និងសេចក្តីទទឹងច្បាប់ កាន់តែច្រើនឡើងយ៉ាងណា ឥឡូវនេះ ចូរអ្នករាល់គ្នាប្រគល់អវយវៈទាំងអស់នោះ ទៅបំរើសេចក្តីសុចរិតវិញ ប្រយោជន៍ឲ្យបានបរិសុទ្ធយ៉ាងនោះដែរ
20. ពីព្រោះកាលពីដើម ដែលនៅជាបាវបំរើរបស់អំពើបាប នោះអ្នករាល់គ្នាមិននៅក្នុងអំណាចនៃសេចក្តីសុចរិតទេ
21. កាលណោះតើអ្នករាល់គ្នាបានផលអ្វីខ្លះក្នុងអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ ដ្បិតទីបំផុតនៃអំពើទាំងនោះជាសេចក្តីស្លាប់
22. តែឥឡូវនេះ ដែលព្រះបានប្រោសឲ្យរួចពីបាប ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបំរើដល់ទ្រង់ នោះអ្នករាល់គ្នាបានផលខាងឯសេចក្តីបរិសុទ្ធវិញ ហើយទីបំផុតនៃអំពើទាំងនោះ គឺជាជីវិតអស់កល្បជានិច្ចផង
23. ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។