11. ហើយលោកបានទទួលពិធីកាត់ស្បែកនេះ ទុកជាទីសំគាល់ ជាត្រានៃសេចក្តីសុចរិត ដែលមកដោយសេចក្តីជំនឿនោះឯង គឺជាសេចក្តីជំនឿដែលលោកមានពីកាលមិនទាន់កាត់ស្បែកនៅឡើយ ដើម្បីឲ្យបានធ្វើជាឪពុក ដល់អស់អ្នកដែលជឿ ឥតកាត់ស្បែកផង ប្រយោជន៍ឲ្យបានរាប់សេចក្តីសុចរិតនេះដល់អ្នកទាំងនោះ
12. ហើយឲ្យបានធ្វើជាឪពុក ដល់ពួកដែលមិនគ្រាន់តែកាត់ស្បែកប៉ុណ្ណោះ គឺដែលដើរតាមដាននៃសេចក្តីជំនឿរបស់លោកអ័ប្រាហាំ ជាឰយុកោយើងផង ជាសេចក្តីជំនឿដែលលោកមាន ពីកាលមិនទាន់កាត់ស្បែកនៅឡើយ។
13. ដ្បិតសេចក្តីសន្យា ដល់លោកអ័ប្រាហាំ និងពូជលោក ឲ្យបានលោកីយ៍ជាមរដក នោះមិនមែនដោយសារក្រឹត្យវិន័យទេ គឺដោយសារសេចក្តីសុចរិតដែលមកដោយសេចក្តីជំនឿវិញ
14. ពីព្រោះបើសិនជាពួកអ្នកដែលអាងក្រឹត្យវិន័យបានគ្រងមរដក នោះសេចក្តីជំនឿបានទៅជាឥតអំពើវិញ ហើយសេចក្តីសន្យាក៏ឥតប្រយោជន៍ដែរ
15. ឯក្រឹត្យវិន័យ នោះបង្កើតសេចក្តីក្រោធ ដ្បិតកន្លែងណាដែលគ្មានក្រឹត្យវិន័យ នោះក៏ឥតមានសេចក្តីរំលងដែល
16. ដូច្នេះ សេចក្តីសន្យាបានមកដោយសេចក្តីជំនឿ ដើម្បីឲ្យបានត្រូវខាងព្រះគុណ ប្រយោជន៍ឲ្យសេចក្តីសន្យាបានខ្ជាប់ខ្ជួន ដល់ពូជលោកតទៅ មិនមែនត្រឹមតែពូជដែលអាងក្រឹត្យវិន័យប៉ុណ្ណោះ គឺដល់ទាំងពូជដែលអាងសេចក្តីជំនឿរបស់លោកអ័ប្រាហាំ ដែលជាឰយុកោនៃយើងទាំងអស់គ្នាថែមទៀតផង
17. ដូចមានសេចក្តីចែងទុកមកថា «អញបានតាំងឯងឲ្យធ្វើជាឪពុក ដល់សាសន៍ជាច្រើន» រីឯនៅចំពោះព្រះ ជាទីជឿរបស់លោក ដែលទ្រង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ទាំងមានព្រះបន្ទូលពីរបស់ដែលគ្មាន ទុកដូចជាមានហើយ នោះលោកជាឪពុករបស់យើងមែន
18. ដ្បិតកាលលោកអស់ទីសង្ឃឹមហើយ នោះក៏ចេះតែជឿដោយសង្ឃឹមវិញ ដើម្បីឲ្យបានត្រឡប់ជាឪពុកដល់សាសន៍ជាច្រើន ដូចសេចក្តីដែលមានព្រះបន្ទូលទុកមកថា «ពូជឯងនឹងបានដូច្នោះ»
19. ហើយដោយព្រោះលោកមិនខ្សោយខាងសេចក្តីជំនឿ បានជាលោកមិនគិតពីរូបកាយលោក ដែលរាប់ដូចជាស្លាប់ ដោយមានអាយុប្រហែលជា១០០ឆ្នាំហើយ ឬពីផ្ទៃសារ៉ា ដែលរាប់ដូចជាស្លាប់ដែរនោះទេ
20. លោកក៏មិនបានសង្ស័យ ចំពោះសេចក្តីសន្យារបស់ព្រះ ដោយចិត្តមិនជឿឡើយ គឺរឹតតែមានសេចក្តីជំនឿខ្លាំងឡើង ទាំងសរសើរដំកើងដល់ព្រះវិញ
21. ហើយក៏ជឿជាក់អស់ពីចិត្តថា សេចក្តីអ្វីដែលទ្រង់សន្យា នោះអាចនឹងធ្វើឲ្យសំរេចបាន
22. ហេតុនោះបានជារាប់សេចក្តីជំនឿរបស់លោក ទុកជាសេចក្តីសុចរិតដល់លោក។