រ៉ូម 3:21-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. ប៉ុន្តែ ឥឡូវ​នេះ ក្រៅ​ពី​ក្រឹត្យ‌វិន័យ សេចក្តី​សុចរិត​ផង​ព្រះ​ដែល​មាន​ទាំង​ក្រឹត្យ‌វិន័យ និង​ពួក​ហោរា​ធ្វើ​បន្ទាល់​ឲ្យ​ផង នោះ​បាន​លេច​ចេញ​មក​ហើយ

22. គឺ​ជា​សេចក្តី​សុចរិត​របស់​ព្រះ ដែល​បាន​ដោយ‌សារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ក៏​សំរាប់​គ្រប់​អស់​អ្នក​ណា​ដែល​ជឿ​ផង ដ្បិត​គ្មាន​ខុស​អំពី​គ្នា​ទេ

23. ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី‌ល្អនៃ​ព្រះ

24. តែ​ដោយ​ពឹង​ដល់​ព្រះ‌គុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយ‌សារ​សេចក្តី​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ

25. ដែល​ព្រះ​បាន​តាំង​ទ្រង់​ទុក​ជា​ទី​សន្តោស​ប្រោស ដោយ‌សារ​សេចក្តី​ជំនឿ​ដល់​ព្រះ‌លោហិត​ទ្រង់ សំរាប់​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ ចំពោះ​ការ​ដែល​ទ្រង់​មិន​ប្រកាន់​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ពី​ដើម ដោយ​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់

26. ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ជាន់​ឥឡូវ​នេះ ប្រយោជន៍​ឲ្យ​ទ្រង់​បាន​សុចរិត ព្រម​ទាំង​រាប់​ពួក​អ្នក​ដែល​មាន​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះ‌យេស៊ូវ ថា​ជា​សុចរិត​ដែរ។

27. ដូច្នេះ តើ​សេចក្តី​អួត​អាង​នៅ​ឯ​ណា គឺ​ត្រូវ​លើក​ចោល​ហើយ តើ​ច្បាប់​ណា​ដែល​លើក​ចោល​នោះ តើ​ជា​ច្បាប់​ខាង​ឯ​ការ​ប្រព្រឹត្ត​ឬ មិន​មែន​ទេ គឺ​ជា​ច្បាប់​ខាង​ឯ​សេចក្តី​ជំនឿ​វិញ​ទេ​តើ

28. ដ្បិត​យើង​ខ្ញុំ​អាង​ថា មនុស្ស​បាន​រាប់​ជា​សុចរិត ដោយ‌សារ​សេចក្តី​ជំនឿ គឺ​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ទេ

29. តើ​ព្រះ‌អង្គ​ទ្រង់​ជា​ព្រះ​នៃ​សាសន៍​យូដា​តែ​ប៉ុណ្ណោះ តើ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សាសន៍​ដទៃ​ដែរ​ទេ​ឬ​អី មែន​ហើយ ទ្រង់​ជា​ព្រះ​នៃ​សាសន៍​ដទៃ​ដែរ

30. ដ្បិត​គឺ​ជា​ព្រះ​តែ​១​ព្រះ‌អង្គ ដែល​នឹង​រាប់​ទាំង​ពួក​កាត់​ស្បែក ថា​ជា​សុចរិត ដោយ‌សារ​តែ​គេ​មាន​សេចក្តី​ជំនឿ ព្រម​ទាំង​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក​ផង ដោយ​គេ​មាន​សេចក្តី​ជំនឿ​នោះ​ដែរ

31. ដូច្នេះ តើ​យើង​ឈ្មោះ​ថា​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​ទៅ​ជា​ឥត​ប្រយោជន៍ ដោយ​សេចក្តី​ជំនឿ​ឬ​អី ទេ មិន​មែន​ឡើយ គឺ​ឈ្មោះ​ថា យើង​តាំង​ក្រឹត្យ‌វិន័យ​ឲ្យ​កាន់​តែ​មាំ‌មួន​ឡើង​វិញ​ទេ​តើ។

រ៉ូម 3