12. ព្រោះអស់អ្នកណាដែលបានធ្វើបាបឥតស្គាល់ក្រឹត្យវិន័យ នោះនឹងត្រូវវិនាសទៅឥតក្រឹត្យវិន័យដែរ ហើយអស់អ្នកណាដែលបានធ្វើបាបក្នុងបន្ទុកក្រឹត្យវិន័យ នោះនឹងត្រូវក្រឹត្យវិន័យជំនុំជំរះវិញ
13. (ដ្បិតពួកអ្នកដែលគ្រាន់តែស្តាប់ក្រឹត្យវិន័យ នោះមិនមែនឈ្មោះថាសុចរិត នៅចំពោះព្រះឡើយ គឺបានរាប់ជាសុចរិតតែពួកអ្នក ដែលប្រព្រឹត្តតាមក្រឹត្យវិន័យប៉ុណ្ណោះទេ
14. ពីព្រោះកាលណាពួកសាសន៍ដទៃ ដែលគ្មានក្រឹត្យវិន័យ គេបានប្រព្រឹត្តតាមក្រឹត្យវិន័យពីបវេណី នោះពួកដែលគ្មានក្រឹត្យវិន័យនោះឯង គេជាក្រឹត្យវិន័យដល់ខ្លួនគេវិញ
15. ដោយសំដែងថា របៀបក្រឹត្យវិន័យបានកត់ទុកក្នុងចិត្តគេហើយ បញ្ញាចិត្តគេក៏ធ្វើបន្ទាល់ឲ្យ ហើយគំនិតគេជួនកាលប្រកាន់ទោស ជួនកាលដោះសាគ្នាទៅវិញទៅមក)
16. គឺក្នុងថ្ងៃ ដែលព្រះទ្រង់នឹងជំនុំជំរះអស់ទាំងការលាក់កំបាំងរបស់មនុស្ស តាមដំណឹងល្អខ្ញុំ ដោយសារព្រះយេស៊ូវគ្រីស្ទ។
17. បើអ្នកមានឈ្មោះជាសាសន៍យូដា ទាំងទុកចិត្តនឹងក្រឹត្យវិន័យ ហើយអួតសរសើរពីព្រះ
18. ក៏ស្គាល់ព្រះហឫទ័យទ្រង់ ហើយចេះសំគាល់រើសសេចក្តីល្អ ដោយបានរៀនតាមក្រឹត្យវិន័យ
19. ទាំងជឿប្រាកដថា ខ្លួនជាអ្នកដឹកនាំមនុស្សខ្វាក់ ជាពន្លឺដល់ពួកអ្នកងងឹត
20. ជាអ្នកទូន្មានប្រដៅដល់ពួកខ្លៅល្ងង់ ជាគ្រូបង្រៀនដល់កូនក្មេង ក៏មានគំរូពីសេចក្តីចេះដឹង និងសេចក្តីពិតនៅក្នុងក្រឹត្យវិន័យ
21. ដូច្នេះ អ្នកឯង ដែលបង្រៀនគេ តើមិនបង្រៀនដល់ខ្លួនឯងទេឬអី អ្នកឯងដែលប្រដៅថា កុំឲ្យលួចគេ តើអ្នកលួចឬទេ
22. អ្នកឯងដែលថា កុំឲ្យផិតគ្នា តើអ្នកផិតឬទេ អ្នកឯងដែលស្អប់ខ្ពើមរូបព្រះ តើអ្នកប្លន់វិហារឬទេ
23. អ្នកឯងដែលអួតពីក្រឹត្យវិន័យ តើអ្នកបង្អាប់ព្រះ ដោយប្រព្រឹត្តរំលងនឹងក្រឹត្យវិន័យឬទេ
24. ដ្បិតពួកសាសន៍ដទៃ គេប្រមាថដល់ព្រះនាមព្រះ ដោយព្រោះតែអ្នករាល់គ្នា ដូចជាមានសេចក្តីចែងទុកមកហើយ។
25. រីឯការកាត់ស្បែក នោះមានប្រយោជន៍មែន បើអ្នកប្រព្រឹត្តតាមក្រឹត្យវិន័យ តែបើអ្នកប្រព្រឹត្តរំលងក្រឹត្យវិន័យវិញ នោះការដែលទទួលកាត់ស្បែក បានត្រឡប់ដូចជាមិនកាត់វិញ
26. ដូច្នេះ បើសិនជាពួកដែលមិនកាត់ស្បែក គេកាន់តាមបញ្ញត្តក្រឹត្យវិន័យទៅ នោះការដែលមិនបានកាត់ស្បែក តើមិនរាប់ដូចជាបានកាត់វិញទេឬអី
27. ហើយពួកអ្នកដែលមិនកាត់ស្បែកតាមបវេណី បើគេប្រព្រឹត្តតាមក្រឹត្យវិន័យសព្វគ្រប់ តើគេមិនជំនុំជំរះអ្នកទេឬអី ដែលអ្នកមានទាំងគម្ពីរ និងការកាត់ស្បែកផង តែចេះតែប្រព្រឹត្តរំលងក្រឹត្យវិន័យវិញ