1. ដូច្នេះ ឱមនុស្សអើយ អស់អ្នកណាដែលថ្កោលទោសគេ នោះគ្មានសេចក្តីដោះសារចំពោះខ្លួនឡើយ ដ្បិតដែលអ្នកថ្កោលទោសគេ នោះឈ្មោះថាកាត់ទោសខ្លួនឯងហើយ ពីព្រោះអ្នកឯងដែលថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគ្នាដែរ
2. តែយើងរាល់គ្នាដឹងថា ចំណែកសេចក្តីជំនុំជំរះរបស់ព្រះវិញ នោះត្រូវនឹងសេចក្តីពិត ទាស់នឹងពួកអ្នកដែលប្រព្រឹត្តយ៉ាងនោះ
3. មួយទៀត ឱមនុស្សអើយ ដែលអ្នកថ្កោលទោស ដល់អស់អ្នក ដែលប្រព្រឹត្តការយ៉ាងនោះ តែខ្លួនអ្នកក៏ប្រព្រឹត្តដូច្នោះដែរ នោះតើអ្នកស្មានថាខ្លួនអ្នកនឹងរួចពីសេចក្តីជំនុំជំរះរបស់ព្រះឬអី
4. ឬអ្នកមើលងាយសេចក្តីសប្បុរសដ៏ឥតគណនា ព្រមទាំងសេចក្តីទ្រាំទ្រ និងសេចក្តីអត់ធន់របស់ទ្រង់ ដោយមិនដឹងថា សេចក្តីសប្បុរសនៃព្រះទាញនាំឲ្យអ្នកបានប្រែចិត្តឬអី
5. តែដោយអ្នករឹងរបឹង ហើយមិនព្រមប្រែចិត្តសោះ បានជាអ្នកឈ្មោះថាកំពុងតែប្រមូលសេចក្តីក្រោធ ទុកសំរាប់ខ្លួនដល់ថ្ងៃនៃសេចក្តីក្រោធវិញ ជាថ្ងៃដែលសេចក្តីជំនុំជំរះដ៏សុចរិតរបស់ព្រះនឹងសំដែងមក
6. ដែលទ្រង់នឹងសងដល់គ្រប់គ្នា តាមអំពើដែលខ្លួនបានប្រព្រឹត្ត
7. គឺជាជីវិតអស់កល្បជានិច្ច ដល់ពួកអ្នកដែលរកសិរីល្អ កេរ្តិ៍ឈ្មោះ និងសេចក្តីមិនពុករលួយ ដោយគេកាន់ខ្ជាប់ក្នុងការល្អ
8. តែពួកអ្នកដែលទាស់ទទឹង មិនព្រមស្តាប់តាមសេចក្តីពិត គឺស្តាប់តាមតែសេចក្តីទុច្ចរិតវិញ នោះនឹងបានសេចក្តីក្រោធ និងសេចក្តីឃោរឃៅ
9. ជាសេចក្តីវេទនា និងសេចក្តីលំបាកនៅលើគ្រប់ទាំងព្រលឹងមនុស្សណា ដែលប្រព្រឹត្តអាក្រក់ មានសាសន៍យូដាជាដើម និងសាសន៍ក្រេកផង
10. តែអស់អ្នកដែលប្រព្រឹត្តល្អ នោះនឹងបានសិរីល្អ កេរ្តិ៍ឈ្មោះ និងសេចក្តីសុខវិញ គឺមានសាសន៍យូដាជាដើម និងសាសន៍ក្រេកផង
11. ដ្បិតព្រះទ្រង់មិនយោគយល់ខាងអ្នកណាសោះ
12. ព្រោះអស់អ្នកណាដែលបានធ្វើបាបឥតស្គាល់ក្រឹត្យវិន័យ នោះនឹងត្រូវវិនាសទៅឥតក្រឹត្យវិន័យដែរ ហើយអស់អ្នកណាដែលបានធ្វើបាបក្នុងបន្ទុកក្រឹត្យវិន័យ នោះនឹងត្រូវក្រឹត្យវិន័យជំនុំជំរះវិញ
13. (ដ្បិតពួកអ្នកដែលគ្រាន់តែស្តាប់ក្រឹត្យវិន័យ នោះមិនមែនឈ្មោះថាសុចរិត នៅចំពោះព្រះឡើយ គឺបានរាប់ជាសុចរិតតែពួកអ្នក ដែលប្រព្រឹត្តតាមក្រឹត្យវិន័យប៉ុណ្ណោះទេ