រ៉ូម 15:5-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ឥឡូវ​នេះ សូម​ព្រះ​នៃ​សេចក្តី​អត់‌ធ្មត់ និង​សេចក្តី​កំសាន្ត​ចិត្ត ទ្រង់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​តែ​១ តាម​ព្រះ‌គ្រីស្ទ​យេស៊ូវ

6. ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ព្រម​ព្រៀង​មូល​មាត់​តែ​មួយ​នឹង​សរសើរ‌ដំកើង ដល់​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។

7. ដូច្នេះ ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​ទទួល​យើង​ដែរ សំរាប់​នឹង​សរសើរ​ដល់​ព្រះ​ចុះ។

8. ឥឡូវ​ខ្ញុំ​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​ត្រឡប់​ជា​អ្នក​បំរើ ដល់​ពួក​អ្នក​កាត់​ស្បែក ដើម្បី​នឹង​សំដែង​សេចក្តី​ស្មោះ‌ត្រង់​នៃ​ព្រះ ប្រយោជន៍​នឹង​បញ្ជាក់​សេចក្តី​សន្យា ដែល​បាន​តាំង​នឹង​ពួក​ឰយុកោ

9. ហើយ​ឲ្យ​ពួក​សាសន៍​ដទៃ បាន​សរសើរ‌ដំកើង​ព្រះ​ដែរ ដោយ​ព្រោះ​សេចក្តី​មេត្តា‌ករុណា​របស់​ទ្រង់ តាម​សេចក្តី​ដែល​ចែង​ទុក​មក​ថា «ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​នឹង​សរសើរ‌ដំកើង​ទ្រង់​ក្នុង​ពួក​សាសន៍​ដទៃ ហើយ​ទូល‌បង្គំ​នឹង​ច្រៀង​ទំនុក​បរិសុទ្ធ ថ្វាយ​ព្រះ‌នាម​ទ្រង់»

10. ហើយ​មាន​សេចក្តី​មួយ​ទៀត​ថា «ឱ​សាសន៍​ទាំង​ប៉ុន្មាន​អើយ ចូរ​អរ​សប្បាយ​ជា​មួយ​នឹង​រាស្ត្រ​ទ្រង់»

11. ក៏​មាន​១​ទៀត​ថា «ឱ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌អម្ចាស់ ឱ​ជន​រាល់​គ្នា​អើយ ចូរ​ដំកើង​ទ្រង់​ចុះ»

12. ក្នុង​បទ​១​ទៀត លោក​អេសាយ​ក៏​មាន​ប្រសាសន៍​ថា «នឹង​មាន​ឫស​របស់​អ៊ីសាយ​១​កើត​ឡើង សំរាប់​នឹង​កាន់​កាប់​លើ​អស់​ទាំង​សាសន៍​ដទៃ សាសន៍​ទាំង​នោះ​នឹង​យក​ទ្រង់​ជា​ទី​សង្ឃឹម»

13. ឥឡូវ​នេះ សូម​ព្រះ​នៃ​សេចក្តី​សង្ឃឹម​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​អស់​ទាំង​សេចក្តី​អំណរ និង​សេចក្តី​សុខ​សាន្ត​ដ៏​ពោរ‌ពេញ ដោយ‌សារ​សេចក្តី​ជំនឿ ប្រយោជន៍​ឲ្យ​បាន​សេចក្តី​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

14. ឱ​បង​ប្អូន​អើយ ខ្ញុំ​ជឿ‌ជាក់​ខាង​ឯ​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្អ​ពេញ‌លេញ​ហើយ ក៏​បាន​ពេញ​ជា​ចំណេះ​គ្រប់​មុខ​ផង អាច​នឹង​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ហើយ

15. ហេតុ​ដូច្នេះ បង​ប្អូន​អើយ ខ្ញុំ​ធ្វើ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដោយ​មាន​ចិត្ត​ក្លៀវ‌ក្លា​លើស​ទៅ​ទៀត ដែល​មាន​១​ផ្នែក សំរាប់​នឹង​រំឭក​ដល់​អ្នក​រាល់​គ្នា ដោយ‌សារ​ព្រះ‌គុណដែល​ព្រះ​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ

រ៉ូម 15