20. គឺយ៉ាងដូច្នោះឯង ដែលខ្ញុំខំសង្វាតនឹងផ្សាយដំណឹងល្អ មិនមែននៅកន្លែងដែលគេបានឮពីព្រះនាមព្រះគ្រីស្ទរួចហើយនោះទេ ដើម្បីកុំឲ្យខ្ញុំសង់លើជើងជញ្ជាំងរបស់គេ
21. ដូចជាមានសេចក្តីចែងទុកមកថា «ពួកអ្នកដែលគ្មានអ្នកណាទៅផ្សាយដំណឹងពីទ្រង់ឲ្យគេស្តាប់ នោះនឹងឃើញ ហើយពួកដែលមិនបានឮសោះ នោះនឹងបានយល់វិញ»។
22. គឺដោយហេតុនោះបានជាខ្ញុំមានសេចក្តីឃាត់ឃាំងជាច្រើនដង មិនឲ្យខ្ញុំមកឯអ្នករាល់គ្នា
23. ប៉ុន្តែឥឡូវនេះ ដោយគ្មានកន្លែងណាសល់ នៅស្រុកទាំងនេះទៀត ហើយដោយខ្ញុំមានចិត្តរឭកចង់មកឯអ្នករាល់គ្នាជាយូរឆ្នាំមកហើយផង
24. បានជាកាលណាខ្ញុំទៅឯស្រុកអេស្ប៉ាញ នោះខ្ញុំនឹងចូលមកសួរអ្នករាល់គ្នា ដ្បិតខ្ញុំសង្ឃឹមថា នឹងឃើញអ្នករាល់គ្នាតាមផ្លូវ ហើយឲ្យអ្នករាល់គ្នាបានជួយដំណើរខ្ញុំទៅមុខទៀត គឺក្នុងគ្រាក្រោយដែលបានពេញចិត្តនឹងអ្នករាល់គ្នាបន្តិច
25. តែឥឡូវនេះ ខ្ញុំឡើងទៅឯក្រុងយេរូសាឡិម ដើម្បីនឹងជួយដល់ពួកបរិសុទ្ធសិន
26. ដ្បិតពួកស្រុកម៉ាសេដូន និងស្រុកអាខៃ គេសុខចិត្តរៃគ្នា ផ្ញើទៅជួយដល់ពួកអ្នកក្រីក្រ ក្នុងពួកបរិសុទ្ធនៅក្រុងយេរូសាឡិម
27. គេសុខចិត្តចង់ធ្វើការនោះ ហើយគេក៏ជំពាក់ពួកនោះដែរ ដ្បិតបើសិនជាពួកសាសន៍ដទៃ បានទទួលចំណែកនៃអស់ទាំងសេចក្តី ខាងព្រលឹងវិញ្ញាណពីគេ នោះគួរតែជួយគេក្នុងរបស់ទាំងប៉ុន្មាន ខាងសាច់ឈាមវិញ
28. ដូច្នេះ កាលណាខ្ញុំបានសំរេចការនេះ គឺប្រគល់ផលនៃការជំនួយនេះដល់គេរួចហើយ នោះខ្ញុំនឹងចេញដំណើរទៅឯស្រុកអេស្ប៉ាញ ដោយសារអ្នករាល់គ្នា
29. ហើយខ្ញុំដឹងថា ដែលខ្ញុំមកឯអ្នករាល់គ្នា នោះខ្ញុំនឹងនាំទាំងព្រះពរ នៃដំណឹងល្អ ផងព្រះគ្រីស្ទ ដ៏ពោរពេញមកដែរ។
30. តែបងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ដោយនូវព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ហើយដោយនូវសេចក្តីស្រឡាញ់នៃព្រះវិញ្ញាណថា ចូរអ្នករាល់គ្នាខំប្រឹងអធិស្ឋាន ដល់ព្រះជាមួយនឹងខ្ញុំ
31. ដើម្បីឲ្យខ្ញុំបានរួចពីពួកមនុស្សមិនជឿនៅស្រុកយូដា ហើយឲ្យការដែលខ្ញុំទៅធ្វើនៅក្រុងយេរូសាឡិម បានគាប់ចិត្តដល់ពួកបរិសុទ្ធផង
32. ប្រយោជន៍ឲ្យខ្ញុំមកឯអ្នករាល់គ្នា ដោយអំណរតាមព្រះហឫទ័យព្រះ ហើយឲ្យខ្ញុំបានលំហើយចិត្តជាមួយនឹងអ្នករាល់គ្នា