រ៉ូម 15:16-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ឲ្យ​ខ្ញុំ​បាន​ធ្វើ​ជា​ភ្នាក់‌ងារ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដល់​ពួក​សាសន៍​ដទៃ ព្រម​ទាំង​ធ្វើ​ការ‌ងារ​បរិសុទ្ធ គឺ​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ ដើម្បី​ឲ្យ​ការ​ប្រមូល​ពួក​សាសន៍​ដទៃ បាន​ទុក​ជា​ដង្វាយ​ថ្វាយ​ព្រះ ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ទទួល បាន​ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ផង។

17. ដូច្នេះ ខ្ញុំ​មាន​ហេតុ​នឹង​អួត​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ពី​សេចក្តី​ទាំង​ប៉ុន្មាន​ខាង​ឯ​ព្រះ

18. ព្រោះ​ខ្ញុំ​មិន​ហ៊ាន​និយាយ​ពី​ការ​អ្វី លើក​តែ​ពី​ការ​ដែល​ព្រះ‌គ្រីស្ទ​បាន​ធ្វើ​ដោយ‌សារ​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ជា​ការ​នាំ​សាសន៍​ដទៃ​ឲ្យ​ស្តាប់​បង្គាប់ ទោះ​ដោយ​ពាក្យ​សំដី ឬ​ការ​ធ្វើ​ក្តី

19. ទោះ​ដោយ​អំណាច​នៃ​ទី​សំគាល់ ឬ​ការ​អស្ចារ្យ ឬ​ដោយ​ព្រះ‌ចេស្តា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក្តី ដល់​ម៉្លេះ​បាន​ជា​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌គ្រីស្ទ​ពេញ‌ពាស​ទួទៅ តាំង​ពី​ក្រុង​យេរូ‌សាឡិម ដើរ​វាង​រហូត​ទៅ​ដល់​ស្រុក​អ៊ីលី‌រីកុន

20. គឺ​យ៉ាង​ដូច្នោះ​ឯង ដែល​ខ្ញុំ​ខំ​សង្វាត​នឹង​ផ្សាយ​ដំណឹង​ល្អ មិន​មែន​នៅ​កន្លែង​ដែល​គេ​បាន​ឮ​ពី​ព្រះ‌នាម​ព្រះ‌គ្រីស្ទ​រួច​ហើយ​នោះ​ទេ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​សង់​លើ​ជើង​ជញ្ជាំង​របស់​គេ

21. ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា «ពួក​អ្នក​ដែល​គ្មាន​អ្នក​ណា​ទៅ​ផ្សាយ​ដំណឹង​ពី​ទ្រង់​ឲ្យ​គេ​ស្តាប់ នោះ​នឹង​ឃើញ ហើយ​ពួក​ដែល​មិន​បាន​ឮ​សោះ នោះ​នឹង​បាន​យល់​វិញ»។

22. គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​មាន​សេចក្តី​ឃាត់‌ឃាំង​ជា​ច្រើន​ដង មិន​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា

23. ប៉ុន្តែ​ឥឡូវ​នេះ ដោយ​គ្មាន​កន្លែង​ណា​សល់ នៅ​ស្រុក​ទាំង​នេះ​ទៀត ហើយ​ដោយ​ខ្ញុំ​មាន​ចិត្ត​រឭក​ចង់​មក​ឯ​អ្នក​រាល់​គ្នា​ជា​យូរ​ឆ្នាំ​មក​ហើយ​ផង

24. បាន​ជា​កាល​ណា​ខ្ញុំ​ទៅ​ឯ​ស្រុក​អេស្ប៉ាញ នោះ​ខ្ញុំ​នឹង​ចូល​មក​សួរ​អ្នក​រាល់​គ្នា ដ្បិត​ខ្ញុំ​សង្ឃឹម​ថា នឹង​ឃើញ​អ្នក​រាល់​គ្នា​តាម​ផ្លូវ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជួយ​ដំណើរ​ខ្ញុំ​ទៅ​មុខ​ទៀត គឺ​ក្នុង​គ្រា​ក្រោយ​ដែល​បាន​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា​បន្តិច

25. តែ​ឥឡូវ​នេះ ខ្ញុំ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ជួយ​ដល់​ពួក​បរិសុទ្ធ​សិន

26. ដ្បិត​ពួក​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ គេ​សុខ​ចិត្ត​រៃ​គ្នា ផ្ញើ​ទៅ​ជួយ​ដល់​ពួក​អ្នក​ក្រីក្រ ក្នុង​ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរូ‌សាឡិម

27. គេ​សុខ​ចិត្ត​ចង់​ធ្វើ​ការ​នោះ ហើយ​គេ​ក៏​ជំពាក់​ពួក​នោះ​ដែរ ដ្បិត​បើ​សិន​ជា​ពួក​សាសន៍​ដទៃ បាន​ទទួល​ចំណែក​នៃ​អស់​ទាំង​សេចក្តី ខាង​ព្រលឹង​វិញ្ញាណ​ពី​គេ នោះ​គួរ​តែ​ជួយ​គេ​ក្នុង​របស់​ទាំង​ប៉ុន្មាន ខាង​សាច់​ឈាម​វិញ

28. ដូច្នេះ កាល​ណា​ខ្ញុំ​បាន​សំរេច​ការ​នេះ គឺ​ប្រគល់​ផល​នៃ​ការ​ជំនួយ​នេះ​ដល់​គេ​រួច​ហើយ នោះ​ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ឯ​ស្រុក​អេស្ប៉ាញ ដោយ‌សារ​អ្នក​រាល់​គ្នា

29. ហើយ​ខ្ញុំ​ដឹង​ថា ដែល​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​នាំ​ទាំង​ព្រះ‌ពរ នៃ​ដំណឹង​ល្អ ផង​ព្រះ‌គ្រីស្ទ ដ៏​ពោរ‌ពេញ​មក​ដែរ។

30. តែ​បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ហើយ​ដោយ​នូវ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ‌វិញ្ញាណ​ថា ចូរ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​អធិស្ឋាន ដល់​ព្រះ​ជា​មួយ​នឹង​ខ្ញុំ

31. ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​ពួក​មនុស្ស​មិន​ជឿ​នៅ​ស្រុក​យូដា ហើយ​ឲ្យ​ការ​ដែល​ខ្ញុំ​ទៅ​ធ្វើ​នៅ​ក្រុង​យេរូ‌សាឡិម បាន​គាប់​ចិត្ត​ដល់​ពួក​បរិសុទ្ធ​ផង

32. ប្រយោជន៍​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​អំណរ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ ហើយ​ឲ្យ​ខ្ញុំ​បាន​លំហើយ​ចិត្ត​ជា​មួយ​នឹង​អ្នក​រាល់​គ្នា

33. សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា អាម៉ែន។

រ៉ូម 15