1. គួរតែឲ្យយើងរាល់គ្នា ដែលមានកំឡាំង បានទ្រាំទ្រនឹងសេចក្តីកំសោយ របស់ពួកអ្នកដែលគ្មានកំឡាំងវិញ ឥតបំពេញចិត្តខ្លួនយើងឡើយ
2. ត្រូវឲ្យយើងទាំងអស់គ្នាបំពេញចិត្តអ្នកជិតខាងខ្លួន សំរាប់ជាសេចក្តីល្អ ឲ្យបានស្អាងចិត្តឡើង
3. ដ្បិតព្រះគ្រីស្ទ ទ្រង់មិនបានបំពេញព្រះហឫទ័យទ្រង់ដែរ ដូចជាមានសេចក្តីចែងទុកមកថា «សេចក្តីដំនៀលដែលគេត្មះតិះដៀលទ្រង់ នោះបានធ្លាក់មកលើទូលបង្គំវិញ»
4. ដ្បិតអស់ទាំងសេចក្តីដែលបានចែងទុកមកជាមុន នោះបានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងបានសេចក្តីសង្ឃឹម ដោយសេចក្តីអត់ធន់ និងសេចក្តីកំសាន្តចិត្ត ដោយសារគម្ពីរ
5. ឥឡូវនេះ សូមព្រះនៃសេចក្តីអត់ធ្មត់ និងសេចក្តីកំសាន្តចិត្ត ទ្រង់ប្រទានឲ្យអ្នករាល់គ្នាមានគំនិតតែ១ តាមព្រះគ្រីស្ទយេស៊ូវ
6. ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងមូលមាត់តែមួយនឹងសរសើរដំកើង ដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។
7. ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមក ដូចជាព្រះគ្រីស្ទបានទទួលយើងដែរ សំរាប់នឹងសរសើរដល់ព្រះចុះ។
8. ឥឡូវខ្ញុំថា ព្រះយេស៊ូវគ្រីស្ទទ្រង់បានត្រឡប់ជាអ្នកបំរើ ដល់ពួកអ្នកកាត់ស្បែក ដើម្បីនឹងសំដែងសេចក្តីស្មោះត្រង់នៃព្រះ ប្រយោជន៍នឹងបញ្ជាក់សេចក្តីសន្យា ដែលបានតាំងនឹងពួកឰយុកោ
9. ហើយឲ្យពួកសាសន៍ដទៃ បានសរសើរដំកើងព្រះដែរ ដោយព្រោះសេចក្តីមេត្តាករុណារបស់ទ្រង់ តាមសេចក្តីដែលចែងទុកមកថា «ហេតុនោះបានជាទូលបង្គំនឹងសរសើរដំកើងទ្រង់ក្នុងពួកសាសន៍ដទៃ ហើយទូលបង្គំនឹងច្រៀងទំនុកបរិសុទ្ធ ថ្វាយព្រះនាមទ្រង់»
10. ហើយមានសេចក្តីមួយទៀតថា «ឱសាសន៍ទាំងប៉ុន្មានអើយ ចូរអរសប្បាយជាមួយនឹងរាស្ត្រទ្រង់»
11. ក៏មាន១ទៀតថា «ឱសាសន៍ទាំងឡាយអើយ ចូរសរសើរដល់ព្រះអម្ចាស់ ឱជនរាល់គ្នាអើយ ចូរដំកើងទ្រង់ចុះ»