4. ដ្បិតដែលយើងរាល់គ្នាមានអវយវៈជាច្រើន រួមគ្នាជារូបកាយតែមួយ តែអវយវៈទាំងនោះមានការងារផ្សេងៗ ពីគ្នាជាយ៉ាងណា
5. នោះយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែមួយក្នុងព្រះគ្រីស្ទ ហើយជាអវយវៈដល់គ្នានឹងគ្នាបែបយ៉ាងនោះដែរ
6. ដូច្នេះ ដែលមានអំណោយទានផ្សេងពីគ្នា តាមព្រះគុណដែលផ្តល់មកយើង ទោះបើជាសេចក្តីទំនាយ នោះក៏ត្រូវទាយតាមខ្នាតនៃសេចក្តីជំនឿ
7. ឬបើជាការបំរើ នោះចូរបំរើចុះ ឬជាការបង្រៀន ចូរបង្រៀនទៅ
8. ឬជាការទូន្មាន ចូរទូន្មានទៅ ឬជាការចែកទាន ចូរចែកដោយចិត្តស្មោះ ឬជាការនាំមុខ ចូរធ្វើដោយឧស្សាហ៍ ឬការមេត្តាករុណា ក៏ចូរធ្វើដោយរីករាយចុះ។
9. ចូរឲ្យមានសេចក្តីស្រឡាញ់ឥតពុតមាយា ទាំងខ្ពើមសេចក្តីអាក្រក់ ហើយកាន់ខ្ជាប់ខាងសេចក្តីល្អវិញ
10. ខាងឯសេចក្តីស្រឡាញ់ជាបងជាប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ ខាងឯសេចក្តីរាប់អាន នោះឲ្យខំរាប់អានគេជាមុន
11. ខាងឯសេចក្តីឧស្សាហ៍ នោះកុំឲ្យខ្ជិលឡើយ ខាងឯវិញ្ញាណ នោះក៏ចូរព្យាយាមចុះ ដោយខំប្រឹងបំរើព្រះអម្ចាស់
12. ចូរអរសប្បាយ ដោយមានសង្ឃឹម ចូរអត់ធន់ក្នុងសេចក្តីទុក្ខលំបាក ចូរឲ្យខ្ជាប់ខ្ជួនក្នុងសេចក្តីអធិស្ឋាន
13. ខាងសេចក្តីខ្វះខាតរបស់ពួកបរិសុទ្ធ នោះក៏ចូរផ្គត់ផ្គង់ឲ្យ ទាំងខំប្រឹងឲ្យមានសេចក្តីចៅរ៉ៅផងចុះ
14. ចូរសូមពរឲ្យដល់អ្នកណាដែលបៀតបៀនអ្នក ចូរសូមពរចុះ កុំឲ្យប្រទេចផ្តាសាឡើយ
15. ចូរអរសប្បាយ ជាមួយនឹងអ្នកណាដែលអរសប្បាយ ហើយយំជាមួយនឹងអ្នកណាដែលយំផង
16. ចូរឲ្យមានគំនិតព្រមព្រៀងគ្នាទៅវិញទៅមក កុំឲ្យមានគំនិតឆ្មើងឆ្មៃសោះឡើយ គឺត្រូវភប់ប្រសព្វនឹងមនុស្សរាបសាវិញ កុំឲ្យទុកចិត្តនឹងខ្លួន ថាមានប្រាជ្ញាឲ្យសោះ។
17. កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ ត្រូវតែខំសំដែងកិរិយាល្អ នៅចំពោះមុខមនុស្សទាំងអស់វិញ