8. ដូចមានសេចក្តីចែងទុកមកថា «ព្រះទ្រង់បានប្រទានឲ្យគេមានវិញ្ញាណរលីវ ភ្នែកដែលមើលមិនឃើញ និងត្រចៀកដែលស្តាប់មិនឮ ដរាបមកដល់សព្វថ្ងៃនេះ»
9. ហ្លួងដាវីឌក៏មានព្រះបន្ទូលថា «ឲ្យតុគេត្រឡប់ទៅជាអង្គប់ ហើយជាអន្ទាក់ដល់គេចុះ គឺជាហេតុឲ្យវិនាស រវាតចិត្ត ហើយជាសំណងដល់គេដែរ
10. ឲ្យភ្នែកគេត្រូវងងឹត មិនឲ្យឃើញឡើយ ហើយឲ្យខ្នងគេត្រូវបង្កោងជានិច្ចផង»។
11. ដូច្នេះ ខ្ញុំសួរថា តើគេបានជំពប់ ឲ្យគ្រាន់តែដួលប៉ុណ្ណោះឬអី ទេ មិនមែនឡើយ គឺដោយសារការដួលរបស់គេ បានជាមានសេចក្តីសង្គ្រោះ ផ្សាយទៅដល់ពួកសាសន៍ដទៃវិញ ដើម្បីបណ្តាលឲ្យគេច្រណែន
12. ដូច្នេះ បើការដួលរបស់គេ ជាសេចក្តីចំរើនដល់លោកីយ៍ ហើយសេចក្តីខ្វះមិនពេញខ្នាតរបស់គេ ជាសេចក្តីចំរើនដល់ពួកសាសន៍ដទៃវិញ នោះតើសេចក្តីពេញខ្នាតរបស់គេ នឹងបានលើសជាងយ៉ាងណាទៅ។
13. ខ្ញុំនិយាយនឹងអ្នករាល់គ្នាដែលជាសាសន៍ដទៃ ហើយពីព្រោះខ្ញុំជាសាវកដល់សាសន៍ដទៃ បានជាខ្ញុំដំកើងដល់ការងារខ្ញុំ
14. ដើម្បីនឹងបណ្តាលសាច់ញាតិខ្ញុំ ឲ្យមានសេចក្តីច្រណែន ហើយនឹងជួយសង្គ្រោះអ្នកខ្លះក្នុងពួកគេ បើសិនជាបាន
15. ដ្បិតបើសិនជាការបោះបង់ចោលគេនោះ ជាសេចក្តីមេត្រីដល់លោកីយ៍ដូច្នេះ នោះតើការទទួលគេនឹងបានជាអ្វី បើមិនមែនជាជីវិតរស់ពីស្លាប់ឡើងវិញ។
16. បើម្សៅ១ក្តាប់មុនដំបូងជាបរិសុទ្ធ នោះដុំទាំងមូលក៏បរិសុទ្ធ ហើយបើឫសបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ
17. ប៉ុន្តែ បើមែកខ្លះត្រូវកាច់ចេញ ហើយអ្នកឯងដែលជាដើមអូលីវព្រៃ បានត្រូវបំបៅកណ្តាលមែកទាំងនោះ ទាំងត្រឡប់ទៅជាស្រូបជាតិឫសនៃដើមអូលីវស្រុក ជាមួយនឹងមែកឯទៀត
18. នោះកុំឲ្យអួតនឹងមែកនោះឡើយ តែបើអ្នកអួតនឹងគេ នោះត្រូវដឹងថា មិនមែនអ្នកដែលចិញ្ចឹមឫសទេ គឺឫសទេតើ ដែលចិញ្ចឹមអ្នកវិញ
19. ដូច្នេះ អ្នកនឹងប្រកែកថា មែកទាំងនោះត្រូវកាច់ចេញ ដើម្បីនឹងបំបៅខ្ញុំវិញ
20. ត្រូវហើយ គេត្រូវកាច់ចេញ ដោយព្រោះមិនជឿ ហើយដែលអ្នកជាប់នៅ គឺដោយសារសេចក្តីជំនឿ ដូច្នេះ កុំឲ្យឆ្មើងឆ្មៃឡើយ ចូរភ័យខ្លាចវិញ
21. ពីព្រោះ បើព្រះទ្រង់មិនបានសំចៃទុកមែកកំណើត នោះក្រែងមិនសំចៃទុកអ្នកដែរ
22. ដូច្នេះ ចូរមើលសេចក្តីសប្បុរស និងសេចក្តីប្រិតប្រៀបនៃព្រះ គឺទ្រង់ប្រិតនឹងពួកអ្នកដែលដួល តែសប្បុរសនឹងអ្នកវិញ បើអ្នកនៅជាប់នឹងសេចក្តីសប្បុរសនោះ ពុំនោះ អ្នកនឹងត្រូវកាត់ចេញដែរ