21. ពីព្រោះ បើព្រះទ្រង់មិនបានសំចៃទុកមែកកំណើត នោះក្រែងមិនសំចៃទុកអ្នកដែរ
22. ដូច្នេះ ចូរមើលសេចក្តីសប្បុរស និងសេចក្តីប្រិតប្រៀបនៃព្រះ គឺទ្រង់ប្រិតនឹងពួកអ្នកដែលដួល តែសប្បុរសនឹងអ្នកវិញ បើអ្នកនៅជាប់នឹងសេចក្តីសប្បុរសនោះ ពុំនោះ អ្នកនឹងត្រូវកាត់ចេញដែរ
23. ហើយមែកកំណើតទាំងនោះដែរ បើគេលះសេចក្តីមិនជឿចោលចេញ នោះនឹងបំបៅគេវិញ ដ្បិតព្រះទ្រង់អាចនឹងភ្ជាប់ជាតិវិញបាន
24. ពីព្រោះ បើសិនជាអ្នកត្រូវកាត់ចេញពីដើមអូលីវព្រៃពីកំណើត ហើយបានបំបៅជាប់នឹងដើមអូលីវស្រុកខុសពីធម្មតា នោះតើមែកកំណើតទាំងនោះ នឹងបានបំបៅជាប់នឹងគល់កំណើតរបស់វា លើសជាងអម្បាលម៉ានទៅទៀត។
25. បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ខាងឯសេចក្តីអាថ៌កំបាំងនេះទេ ក្រែងអ្នករាល់គ្នាទុកចិត្តថាខ្លួនមានប្រាជ្ញា គឺចង់ឲ្យដឹងថា សាសន៍អ៊ីស្រាអែលកើតមានសេចក្តីរឹងរបឹងប៉ុន្មានភាគនេះទៅហើយ ទាល់តែសាសន៍ដទៃទាំងប៉ុន្មានបានចូលជឿគ្រប់ចំនួន
26. នោះសាសន៍អ៊ីស្រាអែលទាំងអស់គ្នា នឹងបានសង្គ្រោះជាក្រោយ ដូចជាមានសេចក្តីចែងទុកមកថា «មានព្រះដ៏ប្រោសឲ្យរួច ទ្រង់នឹងចេញពីស៊ីយ៉ូនមក ទ្រង់នឹងបង្វែរសេចក្តីទមិលល្មើសពីយ៉ាកុបទៅ
27. នោះហើយជាសេចក្តីសញ្ញាដែលអញតាំងនឹងគេ ក្នុងកាលដែលអញបានដោះបាបគេចេញហើយ»
28. ខាងឯដំណឹងល្អ គេជាខ្មាំងសត្រូវ ដើម្បីប្រយោជន៍ដល់អ្នករាល់គ្នា តែត្រង់សេចក្តីរើសតាំង នោះគេជាស្ងួនភ្ងាវិញ ដោយព្រោះពួកឰយុកោ
29. ដ្បិតព្រះទ្រង់មិនដែលស្តាយអំណោយទានទ្រង់ ឬការដែលទ្រង់ហៅមនុស្សណានោះឡើយ
30. ពីព្រោះ ដូចជាកាលពីដើម អ្នករាល់គ្នាមិនបានស្តាប់បង្គាប់ព្រះ តែឥឡូវនេះ ទ្រង់បានផ្តល់សេចក្តីមេត្តាករុណា ដល់អ្នករាល់គ្នា ដោយព្រោះពួកនោះមិនស្តាប់បង្គាប់វិញ
31. ដូច្នេះ ដែលគេមិនស្តាប់បង្គាប់នៅជាន់នេះ នោះគឺដើម្បីឲ្យគេបានទទួលសេចក្តីមេត្តាករុណា ដោយសារសេចក្តីមេត្តាករុណា ដែលទ្រង់បានផ្តល់មកអ្នករាល់គ្នាដូច្នោះដែរ
32. ដ្បិតព្រះទ្រង់បានបង្ខាំងទាំងអស់គ្នាទុកក្នុងសេចក្តីមិនស្តាប់បង្គាប់ ដើម្បីឲ្យបានសំដែងនូវសេចក្តីមេត្តាករុណាដល់គ្រប់គ្នា
33. អើហ្ន៎ប្រាជ្ញា និងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ ឯព្រះដំរិះរបស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន ហើយផ្លូវទ្រង់ តើមានអ្នកណានឹងរកតាមបាន
34. តើអ្នកណាបានស្គាល់គំនិតនៃព្រះអម្ចាស់ ឬធ្វើជាអ្នកជួយគំនិតទ្រង់បាន
35. តើអ្នកណាបានថ្វាយដល់ទ្រង់ជាមុន នោះនឹងបានប្រគល់មកអ្នកនោះវិញ
36. ដ្បិតរបស់សព្វសារពើបានកើតមកពីទ្រង់ ដោយសារទ្រង់ ហើយសំរាប់ទ្រង់ សូមឲ្យទ្រង់បានសិរីល្អនៅអស់កល្បជានិច្ច អាម៉ែន។