25. គេបានផ្លាស់សេចក្តីពិតនៃព្រះ ឲ្យទៅជាសេចក្តីភូតភរវិញ ក៏កោតខ្លាច ហើយគោរពបូជាដល់របស់ដែលកើតមក ជាជាងដល់ព្រះ ដែលបង្កើតរបស់ទាំងនោះមក ជាព្រះដែលមានព្រះពរអស់កល្បជានិច្ច អាម៉ែន
26. ហេតុនោះបានជាព្រះទ្រង់ប្រគល់គេ ទៅក្នុងសេចក្តីរំជួលដ៏អាស្រូវបារាយ ដ្បិតទាំងពួកស្រីៗរបស់គេ ក៏បានផ្លាស់ប្រែទំនៀមទំលាប់ពីបវេណីចេញ ឲ្យខុសពីធម្មតា
27. ហើយពួកប្រុសៗក៏បែបដូច្នោះដែរ គេបានលះចោលទំនៀមទំលាប់របស់ស្ត្រីពីបវេណីចេញ ហើយបង្កើតឲ្យមានសេចក្តីសំរើបរោលរាល ដល់គ្នាទៅវិញទៅមក គឺប្រុសប្រព្រឹត្តនឹងប្រុសៗ ជាការដ៏អាក្រក់ជួជាតិ នោះគេក៏ទទួលរង្វាន់ចំពោះខ្លួនគេ ដែលសំណំនឹងសេចក្តីកំហុសរបស់ខ្លួន
28. ហើយដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ដល់ព្រះសោះ បានជាទ្រង់ប្រគល់គេទៅតាមគំនិតចោលម្សៀតវិញ ដើម្បីឲ្យបានសំរេចការដែលមិនគួរគប្បីធ្វើ
29. ជាមនុស្សមានពេញដោយសេចក្តីទុច្ចរិតគ្រប់យ៉ាង គឺសេចក្តីកំផិត សេចក្តីកំណាច សេចក្តីលោភ និងសេចក្តីព្យាបាទ ក៏មានសេចក្តីឈ្នានីស និងការកាប់សំឡាប់ ឈ្លោះប្រកែក កិច្ចកល គំនិតខិលខូចដ៏ពោរពេញផង
30. ជាមនុស្សចែចូវ បេះបួយ ស្អប់ព្រះ ព្រហើនឈ្លានពាន មានះកាន់ខ្លួន អួតអាង ជាមេបង្កើតការអាក្រក់ ហើយមិនស្តាប់បង្គាប់តាមឪពុកម្តាយ
31. ឥតយោបល់ មានចិត្តមិនទៀង មិនចេះស្រឡាញ់តាមធម្មតា ក៏ឥតមានសេចក្តីមេត្តាករុណាសោះ
32. គេក៏ស្គាល់សេចក្តីជំនុំជំរះដ៏សុចរិតរបស់ព្រះថា អស់អ្នកដែលប្រព្រឹត្តការយ៉ាងដូច្នោះ នោះគួរនឹងស្លាប់ហើយ ប៉ុន្តែគេមិនគ្រាន់តែប្រព្រឹត្តយ៉ាងនោះប៉ុណ្ណោះ គឺគេចូលចិត្តយល់ព្រមនឹងអស់អ្នកណា ដែលប្រព្រឹត្តដូច្នោះផងដែរ។