17. ដ្បិតសេចក្តីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្តីជំនឿ។
18. ពីព្រោះសេចក្តីក្រោធរបស់ព្រះ បានសំដែងមកពីស្ថានសួគ៌ ទាស់នឹងគ្រប់ទាំងសេចក្តីទមិលល្មើស និងសេចក្តីទុច្ចរិតរបស់មនុស្ស ដែលគេបង្ខាំងសេចក្តីពិត ដោយសេចក្តីទុច្ចរិត
19. ព្រោះការអ្វីដែលអាចនឹងស្គាល់ពីព្រះបាន នោះបានសំដែងមកក្នុងពួកគេហើយ ដោយព្រះទ្រង់សំដែងការនោះឲ្យគេឃើញជាក់
20. ដ្បិតអ្វីៗរបស់ទ្រង់ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយ៍មក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច និងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក
21. ព្រោះកាលគេបានស្គាល់ព្រះ នោះគេមិនបានដំកើងទ្រង់ ទុកជាព្រះទេ ក៏មិនដឹងគុណទ្រង់ដែរ គេកើតមានគំនិតឥតប្រយោជន៍វិញ ហើយចិត្តគេ ដែលឥតយោបល់ ក៏បានត្រឡប់ជាងងឹតទៅ
22. គេអួតខ្លួនថា មានប្រាជ្ញា បានជាគេត្រឡប់ទៅជាល្ងង់ល្ងើវិញ
23. គឺគេបំផ្លាស់សិរីល្អនៃព្រះដែលមិនចេះខូច ឲ្យទៅជារូប មើលទៅដូចជាមនុស្ស ដែលតែងតែខូចវិញ ហើយដូចជាសត្វស្លាប សត្វជើង៤ និងសត្វលូនវារដែរ
24. ហេតុនោះបានជាព្រះទ្រង់ប្រគល់គេទៅឯសេចក្តីស្មោកគ្រោក តាមចិត្តគេប្រាថ្នាចង់បាន ឲ្យបានបង្អាប់ដល់រូបកាយគេទៅវិញទៅមក
25. គេបានផ្លាស់សេចក្តីពិតនៃព្រះ ឲ្យទៅជាសេចក្តីភូតភរវិញ ក៏កោតខ្លាច ហើយគោរពបូជាដល់របស់ដែលកើតមក ជាជាងដល់ព្រះ ដែលបង្កើតរបស់ទាំងនោះមក ជាព្រះដែលមានព្រះពរអស់កល្បជានិច្ច អាម៉ែន
26. ហេតុនោះបានជាព្រះទ្រង់ប្រគល់គេ ទៅក្នុងសេចក្តីរំជួលដ៏អាស្រូវបារាយ ដ្បិតទាំងពួកស្រីៗរបស់គេ ក៏បានផ្លាស់ប្រែទំនៀមទំលាប់ពីបវេណីចេញ ឲ្យខុសពីធម្មតា
27. ហើយពួកប្រុសៗក៏បែបដូច្នោះដែរ គេបានលះចោលទំនៀមទំលាប់របស់ស្ត្រីពីបវេណីចេញ ហើយបង្កើតឲ្យមានសេចក្តីសំរើបរោលរាល ដល់គ្នាទៅវិញទៅមក គឺប្រុសប្រព្រឹត្តនឹងប្រុសៗ ជាការដ៏អាក្រក់ជួជាតិ នោះគេក៏ទទួលរង្វាន់ចំពោះខ្លួនគេ ដែលសំណំនឹងសេចក្តីកំហុសរបស់ខ្លួន
28. ហើយដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ដល់ព្រះសោះ បានជាទ្រង់ប្រគល់គេទៅតាមគំនិតចោលម្សៀតវិញ ដើម្បីឲ្យបានសំរេចការដែលមិនគួរគប្បីធ្វើ
29. ជាមនុស្សមានពេញដោយសេចក្តីទុច្ចរិតគ្រប់យ៉ាង គឺសេចក្តីកំផិត សេចក្តីកំណាច សេចក្តីលោភ និងសេចក្តីព្យាបាទ ក៏មានសេចក្តីឈ្នានីស និងការកាប់សំឡាប់ ឈ្លោះប្រកែក កិច្ចកល គំនិតខិលខូចដ៏ពោរពេញផង