រ៉ូម 1:16-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ដ្បិត​ខ្ញុំ​គ្មាន​សេចក្តី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ​ទេ ពី​ព្រោះ​ជា​ព្រះ‌ចេស្តា​នៃ​ព្រះ សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ គឺ​ដល់​ទាំង​សាសន៍​យូដា​ជា​ដើម និង​សាសន៍​ក្រេក​ផង

17. ដ្បិត​សេចក្តី​សុចរិត​នៃ​ព្រះ បាន​សំដែង​មក​ក្នុង​ដំណឹង​ល្អ​នោះ ដោយ‌សារ​សេចក្តី​ជំនឿ។

18. ពី​ព្រោះ​សេចក្តី​ក្រោធរបស់​ព្រះ បាន​សំដែង​មក​ពី​ស្ថាន‌សួគ៌ ទាស់​នឹង​គ្រប់​ទាំង​សេចក្តី​ទមិល​ល្មើស និង​សេចក្តី​ទុច្ចរិត​របស់​មនុស្ស ដែល​គេ​បង្ខាំង​សេចក្តី​ពិត ដោយ​សេចក្តី​ទុច្ចរិត

19. ព្រោះ​ការ​អ្វី​ដែល​អាច​នឹង​ស្គាល់​ពី​ព្រះ​បាន នោះ​បាន​សំដែង​មក​ក្នុង​ពួក​គេ​ហើយ ដោយ​ព្រះ​ទ្រង់​សំដែង​ការ​នោះ​ឲ្យ​គេ​ឃើញ​ជាក់

20. ដ្បិត​អ្វីៗ​របស់​ទ្រង់​ដែល​រក​មើល​មិន​ឃើញ តាំង​ពី​កំណើត​លោកីយ៍​មក ទោះ​ទាំង​ព្រះ‌ចេស្តា​ដ៏​នៅ​អស់​កល្ប‌ជានិច្ច និង​និស្ស័យ​ជា​ព្រះ​របស់​ទ្រង់ នោះ​ឃើញ​ច្បាស់​វិញ ដោយ​ពិចារណា​យល់​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​មក

21. ព្រោះ​កាល​គេ​បាន​ស្គាល់​ព្រះ នោះ​គេ​មិន​បាន​ដំកើង​ទ្រង់ ទុក​ជា​ព្រះ​ទេ ក៏​មិន​ដឹង​គុណ​ទ្រង់​ដែរ គេ​កើត​មាន​គំនិត​ឥត​ប្រយោជន៍​វិញ ហើយ​ចិត្ត​គេ ដែល​ឥត​យោបល់ ក៏​បាន​ត្រឡប់​ជា​ងងឹត​ទៅ

22. គេ​អួត​ខ្លួន​ថា មាន​ប្រាជ្ញា បាន​ជា​គេ​ត្រឡប់​ទៅ​ជា​ល្ងង់‌ល្ងើ​វិញ

23. គឺ​គេ​បំផ្លាស់​សិរី‌ល្អ​នៃ​ព្រះ​ដែល​មិន​ចេះ​ខូច ឲ្យ​ទៅ​ជា​រូប មើល​ទៅ​ដូច​ជា​មនុស្ស ដែល​តែង​តែ​ខូច​វិញ ហើយ​ដូច​ជា​សត្វ​ស្លាប សត្វ​ជើង​៤ និង​សត្វ​លូន​វារ​ដែរ

24. ហេតុ​នោះ​បាន​ជា​ព្រះ​ទ្រង់​ប្រគល់​គេ​ទៅ​ឯ​សេចក្តី​ស្មោក‌គ្រោក តាម​ចិត្ត​គេ​ប្រាថ្នា​ចង់​បាន ឲ្យ​បាន​បង្អាប់​ដល់​រូប‌កាយ​គេ​ទៅ​វិញ​ទៅ​មក

25. គេ​បាន​ផ្លាស់​សេចក្តី​ពិត​នៃ​ព្រះ ឲ្យ​ទៅ​ជា​សេចក្តី​ភូត‌ភរ​វិញ ក៏​កោត‌ខ្លាច ហើយ​គោរព​បូជា​ដល់​របស់​ដែល​កើត​មក ជា​ជាង​ដល់​ព្រះ ដែល​បង្កើត​របស់​ទាំង​នោះ​មក ជា​ព្រះ​ដែល​មាន​ព្រះ‌ពរ​អស់​កល្ប‌ជានិច្ច អាម៉ែន

26. ហេតុ​នោះ​បាន​ជា​ព្រះ​ទ្រង់​ប្រគល់​គេ ទៅ​ក្នុង​សេចក្តី​រំជួល​ដ៏​អាស្រូវ​បារាយ ដ្បិត​ទាំង​ពួក​ស្រីៗ​របស់​គេ ក៏​បាន​ផ្លាស់​ប្រែ​ទំនៀម‌ទំលាប់​ពី​បវេណី​ចេញ ឲ្យ​ខុស​ពី​ធម្មតា

27. ហើយ​ពួក​ប្រុសៗ​ក៏​បែប​ដូច្នោះ​ដែរ គេ​បាន​លះ​ចោល​ទំនៀម‌ទំលាប់​របស់​ស្ត្រី​ពី​បវេណី​ចេញ ហើយ​បង្កើត​ឲ្យ​មាន​សេចក្តី​សំរើប​រោល‌រាល ដល់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ប្រុស​ប្រព្រឹត្ត​នឹង​ប្រុសៗ ជា​ការ​ដ៏​អាក្រក់​ជួ‌ជាតិ នោះ​គេ​ក៏​ទទួល​រង្វាន់​ចំពោះ​ខ្លួន​គេ ដែល​សំណំ​នឹង​សេចក្តី​កំហុស​របស់​ខ្លួន

រ៉ូម 1