10. ព្រមទាំងសូមអង្វរជាដរាប ឲ្យខ្ញុំបានឱកាសស្រួលតាមព្រះហឫទ័យម្តងណេះ ដើម្បីនឹងមកឯអ្នករាល់គ្នា បើសិនជាបាន
11. ដោយព្រោះខ្ញុំរឭកចង់ឃើញអ្នករាល់គ្នា ដើម្បីនឹងចែកអំណោយទានណាមួយ ខាងវិញ្ញាណមកអ្នករាល់គ្នា ប្រយោជន៍ឲ្យអ្នករាល់គ្នាបានតាំងនៅយ៉ាងខ្ជាប់ខ្ជួន
12. គឺថា ឲ្យយើងបានសេចក្តីកំសាន្តចិត្តគ្នាទៅវិញទៅមក ក្នុងពួកអ្នករាល់គ្នា ដោយសារសេចក្តីជំនឿរបស់យើងនីមួយៗ គឺរបស់អ្នករាល់គ្នា និងរបស់ខ្ញុំផង
13. តែបងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំបានគិតមកឯអ្នករាល់គ្នាជារឿយៗ ដើម្បីឲ្យបានផលខ្លះ ក្នុងពួកអ្នករាល់គ្នា ដូចជាក្នុងពួកសាសន៍ឯទៀតដែរ តែខ្ញុំមានសេចក្តីឃាត់ឃាំង ដរាបមកដល់ឥឡូវនេះ
14. ខ្ញុំមានសេចក្តីជំពាក់ទាំងសាសន៍ក្រេក និងសាសន៍ដទៃ ទាំងអ្នកប្រាជ្ញ និងអ្នកខ្លៅផង
15. ដូច្នេះ ឯខ្ញុំៗ ប្រុងប្រៀបតែនឹងប្រាប់ដំណឹងល្អមកអ្នករាល់គ្នា ដែលនៅក្រុងរ៉ូមដែរ
16. ដ្បិតខ្ញុំគ្មានសេចក្តីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើម និងសាសន៍ក្រេកផង
17. ដ្បិតសេចក្តីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្តីជំនឿ។
18. ពីព្រោះសេចក្តីក្រោធរបស់ព្រះ បានសំដែងមកពីស្ថានសួគ៌ ទាស់នឹងគ្រប់ទាំងសេចក្តីទមិលល្មើស និងសេចក្តីទុច្ចរិតរបស់មនុស្ស ដែលគេបង្ខាំងសេចក្តីពិត ដោយសេចក្តីទុច្ចរិត
19. ព្រោះការអ្វីដែលអាចនឹងស្គាល់ពីព្រះបាន នោះបានសំដែងមកក្នុងពួកគេហើយ ដោយព្រះទ្រង់សំដែងការនោះឲ្យគេឃើញជាក់
20. ដ្បិតអ្វីៗរបស់ទ្រង់ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយ៍មក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច និងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក
21. ព្រោះកាលគេបានស្គាល់ព្រះ នោះគេមិនបានដំកើងទ្រង់ ទុកជាព្រះទេ ក៏មិនដឹងគុណទ្រង់ដែរ គេកើតមានគំនិតឥតប្រយោជន៍វិញ ហើយចិត្តគេ ដែលឥតយោបល់ ក៏បានត្រឡប់ជាងងឹតទៅ