7. គេរត់ដូចជាមនុស្សខ្លាំងពូកែ ក៏ឡើងកំផែងដូចជាមនុស្សថ្នឹកច្បាំង គ្រប់គ្នាដើរត្រង់ទៅខាងមុខ ឥតមានណារាបែកឡើយ
8. ក៏គ្មានណាមួយប្រជ្រៀតគ្នានឹងគ្នាដែរ គឺទាំងអស់ដើរតាមជួររៀងខ្លួន គេទំលុះទំលាយគ្រឿងសស្ត្រាវុធឥតរុញរាថយក្រោយឡើយ
9. គេផ្សាយទៅពេញក្នុងទីក្រុង ក៏រត់នៅលើកំផែង ហើយឡើងទៅលើផ្ទះទាំងប៉ុន្មាន គេចូលតាមបង្អួចដូចជាចោរ
10. ផែនដីក៏កក្រើកនៅមុខគេ ឯផ្ទៃមេឃក៏ញ័ររន្ធត់ ព្រះអាទិត្យ និងព្រះចន្ទក៏ងងឹត ហើយផ្កាយទាំងប៉ុន្មានលែងភ្លឺទៅ
11. ព្រះយេហូវ៉ា ទ្រង់បញ្ចេញព្រះសូរសៀង នៅមុខពលទ័ពរបស់ទ្រង់ ដ្បិតទីបោះទ័ពរបស់ទ្រង់ធំណាស់ ពីព្រោះអ្នកដែលធ្វើសំរេចតាមព្រះបន្ទូលទ្រង់ នោះមានកំឡាំងខ្លាំង ដ្បិតថ្ងៃនៃព្រះយេហូវ៉ាធំក្រៃលែង ហើយគួរស្ញែងខ្លាចណាស់ តើអ្នកណាអាចនឹងធន់នៅបាន។
12. ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយ ចូរឲ្យឯងរាល់គ្នាវិលមកឯអញ ឲ្យអស់អំពីចិត្តដោយតមអត់ ហើយយំពិលាប ព្រមទាំងសៅសោកឥឡូវនេះចុះ
13. មិនត្រូវឲ្យហែកអាវខ្លួនទេ គឺត្រូវហែកចិត្តវិញ ហើយវិលមកឯព្រះយេហូវ៉ា ជាព្រះនៃឯងចុះ ដ្បិតទ្រង់ប្រកបដោយព្រះគុណ និងសេចក្តីមេត្តាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយក៏មានសេចក្តីសប្បុរសជាបរិបូរ ទ្រង់មានព្រះហឫទ័យស្តាយដោយត្រូវវាយផ្ចាលគេដែរ
14. ឯទ្រង់ ប្រហែលនឹងបែរជាមានព្រះហឫទ័យស្តាយ ក្នុងគ្រានេះទេដឹង ហើយខាងក្រោយទ្រង់នឹងមានព្រះពរដែរ គឺឲ្យមានដង្វាយម្សៅ និងដង្វាយច្រួច សំរាប់ថ្វាយដល់ព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាផង។
15. ចូរផ្លុំត្រែឡើងនៅក្រុងស៊ីយ៉ូន ចូរញែកពេលចេញសំរាប់តមអត់ ចូរប្រកាសឲ្យមានជំនុំមុតមាំចុះ
16. ត្រូវឲ្យប្រមូលពួកជន ហើយញែកពួកជំនុំចេញជាបរិសុទ្ធ ចូរប្រជុំពួកចាស់ៗ ហើយប្រមូលកូនក្មេង និងកូនដែលនៅបៅដោះ ត្រូវឲ្យប្ដីថ្មោងថ្មីចេញពីបន្ទប់មក ហើយប្រពន្ធថ្មោងថ្មីចេញពីវាំងននដែរ
17. ត្រូវឲ្យពួកសង្ឃ ជាពួកអ្នកធ្វើការងារថ្វាយព្រះយេហូវ៉ា បានយំនៅត្រង់កណ្តាលបាំងសាច និងអាសនា ត្រូវឲ្យគេទូលថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់មេត្តាប្រណីដល់រាស្ត្រទ្រង់ផង សូមកុំប្រគល់មរដករបស់ទ្រង់ទៅ ឲ្យត្រូវគេត្មះតិះដៀល ឲ្យពួកសាសន៍ដទៃបានគ្រប់គ្រងលើគេឡើយ តើមានទំនងអ្វីឲ្យគេបាននៅកណ្តាលអស់ទាំងសាសន៍ថា តើព្រះរបស់គេនៅឯណា។
18. នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់មានសេចក្តីប្រចណ្ឌចំពោះស្រុករបស់ទ្រង់ ក៏មានសេចក្តីអាណិតមេត្តាដល់រាស្ត្រទ្រង់
19. ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបនឹងរាស្ត្រទ្រង់ថា នែ អញនឹងផ្ញើស្រូវ ទឹកទំពាំងបាយជូរថ្មី និងប្រេងដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងបានស្កប់ចិត្ត អញនឹងមិនធ្វើឲ្យឯងជាទីត្មះតិះដៀល នៅកណ្តាលអស់ទាំងសាសន៍ទៀតឡើយ
20. គឺអញនឹងកំចាត់ពលទ័ពពីទិសខាងជើងឲ្យឆ្ងាយចេញពីឯងទៅ ហើយបណ្តេញគេទៅឯស្រុក១ដែលហួតហែង ហើយស្ងាត់ច្រៀប មានក្បាលទ័ពបែរទៅឯសមុទ្រខាងកើត ហើយកន្ទុយទ័ពនៅឯសមុទ្រខាងលិច ហើយក្លិនស្អុយរបស់គេនឹងសាយឡើង ព្រមទាំងក្លិនគំរង់ផង ពីព្រោះគេបានធ្វើការយ៉ាងសំបើម។
21. ឱស្រុកអើយ កុំឲ្យភ័យឡើយ ចូរមានសេចក្តីត្រេកអរ ហើយរីករាយឡើង ដ្បិតព្រះយេហូវ៉ាទ្រង់បានធ្វើការយ៉ាងសំបើមដែរ
22. ម្នាលសត្វនៅផែនដីទាំងឡាយ កុំខ្លាចអ្វី ដ្បិតវាលស្មៅនៅទីរហោស្ថានកំពុងលូតលាស់ឡើង ហើយដើមឈើទាំងប៉ុន្មានក៏កើតផល ឯដើមល្វា និងដើមទំពាំងបាយជូរកំពុងតែបញ្ចេញសម្បត្តិវា