1. ចូរផ្លុំត្រែឡើងនៅក្រុងស៊ីយ៉ូន ហើយធ្វើសូរសញ្ញានៅលើភ្នំបរិសុទ្ធរបស់អញ ត្រូវឲ្យអ្នកស្រុកទាំងអស់ញាប់ញ័រ ពីព្រោះថ្ងៃនៃព្រះយេហូវ៉ាកំពុងតែមក ក៏ជិតដល់ហើយ
2. គឺជាថ្ងៃងងឹត ហើយមីរស្រទំ ជាថ្ងៃមានពពកហើយងងឹតយ៉ាងក្រាស់ មានជាតិ១ធំ ហើយខ្លាំងពូកែមក ដូចជាពន្លឺនៅពេលបំព្រាងលាតផ្សាយទៅនៅលើភ្នំ មិនដែលមានឲ្យដូចឡើយ ហើយក្រោយគេតទៅ ក៏មិនត្រូវមានយ៉ាងនោះដែរ ដរាបដល់ច្រើនដំណមនុស្សតរៀងទៅ
3. មានភ្លើងឆេះបន្សុសពីមុខគេ ហើយខាងក្រោយគេក៏មានអណ្តាតភ្លើងឆេះដែរ នៅមុខគេ ផែនដីប្រៀបដូចជាសួនច្បារអេដែន តែខាងក្រោយគេ នោះបានដូចជាទីរហោស្ថានដ៏ស្ងាត់ច្រៀបវិញ ឥតមានអ្វីរួចពីគេឡើយ។
4. ភាពរូបរបស់គេមើលទៅដូចជាសេះ គេក៏រត់ដូចជាសេះចំបាំងដែរ
5. គេកញ្ឆលឮសន្ធឹក ដូចជារទេះចំបាំងនៅលើកំពូលភ្នំទាំងប៉ុន្មាន គឺដូចជាសន្ធឹកអណ្តាតភ្លើងដែលឆេះជញ្ជ្រាំង ហើយដូចជាកងទ័ពយ៉ាងខ្លាំងពូកែដែលតំរៀបគ្នាប្រុងចូលច្បាំង
6. អស់ទាំងសាសន៍មានសេចក្តីបារម្ភព្រួយនៅមុខគេ មុខមនុស្សទាំងអស់ក៏ស្លេកស្លាំងទៅ
7. គេរត់ដូចជាមនុស្សខ្លាំងពូកែ ក៏ឡើងកំផែងដូចជាមនុស្សថ្នឹកច្បាំង គ្រប់គ្នាដើរត្រង់ទៅខាងមុខ ឥតមានណារាបែកឡើយ
8. ក៏គ្មានណាមួយប្រជ្រៀតគ្នានឹងគ្នាដែរ គឺទាំងអស់ដើរតាមជួររៀងខ្លួន គេទំលុះទំលាយគ្រឿងសស្ត្រាវុធឥតរុញរាថយក្រោយឡើយ
9. គេផ្សាយទៅពេញក្នុងទីក្រុង ក៏រត់នៅលើកំផែង ហើយឡើងទៅលើផ្ទះទាំងប៉ុន្មាន គេចូលតាមបង្អួចដូចជាចោរ
10. ផែនដីក៏កក្រើកនៅមុខគេ ឯផ្ទៃមេឃក៏ញ័ររន្ធត់ ព្រះអាទិត្យ និងព្រះចន្ទក៏ងងឹត ហើយផ្កាយទាំងប៉ុន្មានលែងភ្លឺទៅ
11. ព្រះយេហូវ៉ា ទ្រង់បញ្ចេញព្រះសូរសៀង នៅមុខពលទ័ពរបស់ទ្រង់ ដ្បិតទីបោះទ័ពរបស់ទ្រង់ធំណាស់ ពីព្រោះអ្នកដែលធ្វើសំរេចតាមព្រះបន្ទូលទ្រង់ នោះមានកំឡាំងខ្លាំង ដ្បិតថ្ងៃនៃព្រះយេហូវ៉ាធំក្រៃលែង ហើយគួរស្ញែងខ្លាចណាស់ តើអ្នកណាអាចនឹងធន់នៅបាន។
12. ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយ ចូរឲ្យឯងរាល់គ្នាវិលមកឯអញ ឲ្យអស់អំពីចិត្តដោយតមអត់ ហើយយំពិលាប ព្រមទាំងសៅសោកឥឡូវនេះចុះ
13. មិនត្រូវឲ្យហែកអាវខ្លួនទេ គឺត្រូវហែកចិត្តវិញ ហើយវិលមកឯព្រះយេហូវ៉ា ជាព្រះនៃឯងចុះ ដ្បិតទ្រង់ប្រកបដោយព្រះគុណ និងសេចក្តីមេត្តាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយក៏មានសេចក្តីសប្បុរសជាបរិបូរ ទ្រង់មានព្រះហឫទ័យស្តាយដោយត្រូវវាយផ្ចាលគេដែរ