យ៉ូហាន 9:22-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. ឪពុក​ម្តាយ​គាត់​និយាយ​ដូច្នេះ ព្រោះ​ខ្លាច​សាសន៍​យូដា ដ្បិត​ពួក​សាសន៍​យូដា​បាន​ព្រម​ព្រៀង​គ្នា​ហើយ ថា​បើ​អ្នក​ណា​នឹង​ទទួល​ទ្រង់​ទុក​ជា​ព្រះ‌គ្រីស្ទ នោះ​ត្រូវ​កាត់​ពី​ពួក​ជំនុំ​គេ​ចេញ

23. ហេតុ​នោះ​បាន​ជា​ឪពុក​ម្តាយ​គាត់​និយាយ​ថា វា​ពេញ​អាយុ​ហើយ សូម​សួរ​វា​ចុះ។

24. គេ​ក៏​ហៅ​មនុស្ស​ដែល​ពី​ដើម​ខ្វាក់​នោះ មក​ម្តង​ទៀត​ប្រាប់​ថា ចូរ​សរសើរ‌ដំកើង​ដល់​ព្រះ​វិញ ឯ​មនុស្ស​នោះ យើង​ដឹង​ថា​ជា​អ្នក​មាន​បាប​ទេ

25. គាត់​ឆ្លើយ​ទៅ​ថា បើ​លោក​ជា​មនុស្ស​មាន​បាប នោះ​ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​ដឹង​តែ​ប៉ុណ្ណេះ​ថា ពី​ដើម​ខ្ញុំ​ខ្វាក់ តែ​ឥឡូវ​នេះ​ខ្ញុំ​មើល​ឃើញ

26. នោះ​គេ​សួរ​គាត់​ម្តង​ទៀត​ថា អ្នក​នោះ​បាន​ធ្វើ​អ្វី​ដល់​ឯង តើ​បាន​ធ្វើ​ដូច​ម្តេច​ខ្លះ ឲ្យ​ភ្នែក​ឯង​ភ្លឺ​ឡើង

27. គាត់​ឆ្លើយ​ថា ខ្ញុំ​បាន​ជំរាប​ហើយ តែ​លោក​មិន​ស្តាប់ ហេតុ​អ្វី​បាន​ជា​ចង់​ស្តាប់​ម្តង​ទៀត តើ​លោក​ចង់​ធ្វើ​ជា​សិស្ស​របស់​លោក​នោះ​ដែរ​ឬ​អី

28. នោះ​គេ​ដៀល‌ត្មះ​គាត់​ថា គឺ​ឯង​ជា​សិស្ស​អ្នក​នោះ​ហើយ ឯ​យើង ជា​សិស្ស​របស់​លោក​ម៉ូសេ​វិញ

29. យើង​ដឹង​ថា ព្រះ​បាន​មាន​ព្រះ‌បន្ទូល​នឹង​លោក​ម៉ូសេ​ពិត តែ​អ្នក​នោះ យើង​មិន​ដឹង​ជា​មក​ពី​ណា​ទេ

30. មនុស្ស​នោះ​ឆ្លើយ​ថា នេះ​ចំឡែក​ណាស់​មែន លោក​រាល់​គ្នា​មិន​ដឹង​ជា​លោក​នោះ​មក​ពី​ណា ដែល​លោក​បាន​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​ភ្លឺ​ផង

31. យើង​ខ្ញុំ​ដឹង​ថា ព្រះ​មិន​ស្តាប់​តាម​មនុស្ស​មាន​បាប​ទេ ប៉ុន្តែ បើ​អ្នក​ណា​កោត‌ខ្លាច​ដល់​ព្រះ ហើយ​ប្រព្រឹត្ត​តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់ ទើប​ទ្រង់​នឹង​ស្តាប់​តាម​អ្នក​នោះ​ឯង

32. ចាប់​តាំង​ពី​អស់​កល្ប​រៀង​មក មិន​ដែល​ឮ​និយាយ​ពី​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​ភ្នែក​ភ្លឺ​បាន​ទេ

33. បើ​លោក​នោះ​មិន​មក​ពី​ព្រះ​ទេ នោះ​លោក​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ឡើយ

យ៉ូហាន 9