យ៉ូហាន 9:19-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. តើ​អ្នក​នេះ​ជា​កូន​របស់​អ្នក ដែល​អ្នក​ថា បាន​កើត​មក​ខ្វាក់​នោះ​ឬ​អី ចុះ​ឥឡូវ​នេះ ធ្វើ​ដូច​ម្តេច​បាន​ជា​វា​ភ្លឺ​ឡើង​វិញ

20. ឪពុក​ម្តាយ​គាត់​ឆ្លើយ​ថា យើង​ខ្ញុំ​ដឹង​ថា នេះ​ជា​កូន​យើង​ខ្ញុំ​ពិត ហើយ​ថា វា​កើត​មក​ខ្វាក់​មែន

21. តែ​ឥឡូវ​នេះ ដែល​វា​ភ្លឺ​ជា​យ៉ាង​ដូច​ម្តេច នោះ​យើង​ខ្ញុំ​មិន​ដឹង​ទេ ក៏​មិន​ដឹង​ជា​អ្នក​ណា​បាន​ធ្វើ​ឲ្យ​ភ្លឺ​ផង​ដែរ វា​ពេញ​អាយុ​ហើយ សូម​សួរ​វា​ចុះ វា​នឹង​ជំរាប​ពី​ដំណើរ​ខ្លួន​វា

22. ឪពុក​ម្តាយ​គាត់​និយាយ​ដូច្នេះ ព្រោះ​ខ្លាច​សាសន៍​យូដា ដ្បិត​ពួក​សាសន៍​យូដា​បាន​ព្រម​ព្រៀង​គ្នា​ហើយ ថា​បើ​អ្នក​ណា​នឹង​ទទួល​ទ្រង់​ទុក​ជា​ព្រះ‌គ្រីស្ទ នោះ​ត្រូវ​កាត់​ពី​ពួក​ជំនុំ​គេ​ចេញ

23. ហេតុ​នោះ​បាន​ជា​ឪពុក​ម្តាយ​គាត់​និយាយ​ថា វា​ពេញ​អាយុ​ហើយ សូម​សួរ​វា​ចុះ។

24. គេ​ក៏​ហៅ​មនុស្ស​ដែល​ពី​ដើម​ខ្វាក់​នោះ មក​ម្តង​ទៀត​ប្រាប់​ថា ចូរ​សរសើរ‌ដំកើង​ដល់​ព្រះ​វិញ ឯ​មនុស្ស​នោះ យើង​ដឹង​ថា​ជា​អ្នក​មាន​បាប​ទេ

25. គាត់​ឆ្លើយ​ទៅ​ថា បើ​លោក​ជា​មនុស្ស​មាន​បាប នោះ​ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​ដឹង​តែ​ប៉ុណ្ណេះ​ថា ពី​ដើម​ខ្ញុំ​ខ្វាក់ តែ​ឥឡូវ​នេះ​ខ្ញុំ​មើល​ឃើញ

26. នោះ​គេ​សួរ​គាត់​ម្តង​ទៀត​ថា អ្នក​នោះ​បាន​ធ្វើ​អ្វី​ដល់​ឯង តើ​បាន​ធ្វើ​ដូច​ម្តេច​ខ្លះ ឲ្យ​ភ្នែក​ឯង​ភ្លឺ​ឡើង

27. គាត់​ឆ្លើយ​ថា ខ្ញុំ​បាន​ជំរាប​ហើយ តែ​លោក​មិន​ស្តាប់ ហេតុ​អ្វី​បាន​ជា​ចង់​ស្តាប់​ម្តង​ទៀត តើ​លោក​ចង់​ធ្វើ​ជា​សិស្ស​របស់​លោក​នោះ​ដែរ​ឬ​អី

28. នោះ​គេ​ដៀល‌ត្មះ​គាត់​ថា គឺ​ឯង​ជា​សិស្ស​អ្នក​នោះ​ហើយ ឯ​យើង ជា​សិស្ស​របស់​លោក​ម៉ូសេ​វិញ

29. យើង​ដឹង​ថា ព្រះ​បាន​មាន​ព្រះ‌បន្ទូល​នឹង​លោក​ម៉ូសេ​ពិត តែ​អ្នក​នោះ យើង​មិន​ដឹង​ជា​មក​ពី​ណា​ទេ

យ៉ូហាន 9