11. គាត់ឆ្លើយថា មានម្នាក់ឈ្មោះ យេស៊ូវ បានធ្វើភក់មកលាបភ្នែកខ្ញុំ រួចប្រាប់ឲ្យទៅលាងនៅស្រះស៊ីឡោម ខ្ញុំក៏ទៅលាង ហើយបានភ្លឺឡើង
12. គេសួរទៀតថា អ្នកនោះនៅឯណា គាត់ឆ្លើយថា ខ្ញុំមិនដឹងទេ។
13. គេក៏នាំមនុស្សដែលពីដើមខ្វាក់នោះ ទៅឯពួកផារិស៊ី
14. រីឯថ្ងៃដែលព្រះយេស៊ូវទ្រង់ធ្វើភក់ ប្រោសឲ្យគាត់ភ្លឺភ្នែកនោះ គឺជាថ្ងៃឈប់សំរាក
15. ដូច្នេះ ពួកផារិស៊ីក៏សួរគាត់ ពីដំណើរដែលបានភ្លឺភ្នែក ជាយ៉ាងដូចម្តេចដែរ នោះគាត់ជំរាបថា លោកយកភក់មកលាបភ្នែកខ្ញុំ រួចខ្ញុំទៅលាង ហើយក៏មើលឃើញ
16. ដូច្នេះ ពួកផារិស៊ីខ្លះនិយាយថា មនុស្សនោះមិនមែនមកពីព្រះទេ ព្រោះមិនកាន់ថ្ងៃឈប់សំរាកសោះ ខ្លះទៀតថា ធ្វើដូចម្តេចឲ្យមនុស្សមានបាបអាចធ្វើទីសំគាល់យ៉ាងនេះបាន នោះក៏កើតបាក់បែកគ្នា
17. រួចគេសួរមនុស្សខ្វាក់ម្តងទៀតថា តើឯងថាដូចម្តេច ពីដំណើរអ្នកដែលធ្វើឲ្យភ្នែកឯងភ្លឺនោះ គាត់ឆ្លើយថា លោកជាហោរា
18. តែពួកសាសន៍យូដាមិនជឿថា គាត់ខ្វាក់ភ្នែក ហើយបានភ្លឺឡើងវិញទេ ទាល់តែបានហៅឪពុកម្តាយរបស់អ្នក ដែលបានភ្លឺភ្នែកនោះមក សួរថា
19. តើអ្នកនេះជាកូនរបស់អ្នក ដែលអ្នកថា បានកើតមកខ្វាក់នោះឬអី ចុះឥឡូវនេះ ធ្វើដូចម្តេចបានជាវាភ្លឺឡើងវិញ
20. ឪពុកម្តាយគាត់ឆ្លើយថា យើងខ្ញុំដឹងថា នេះជាកូនយើងខ្ញុំពិត ហើយថា វាកើតមកខ្វាក់មែន
21. តែឥឡូវនេះ ដែលវាភ្លឺជាយ៉ាងដូចម្តេច នោះយើងខ្ញុំមិនដឹងទេ ក៏មិនដឹងជាអ្នកណាបានធ្វើឲ្យភ្លឺផងដែរ វាពេញអាយុហើយ សូមសួរវាចុះ វានឹងជំរាបពីដំណើរខ្លួនវា
22. ឪពុកម្តាយគាត់និយាយដូច្នេះ ព្រោះខ្លាចសាសន៍យូដា ដ្បិតពួកសាសន៍យូដាបានព្រមព្រៀងគ្នាហើយ ថាបើអ្នកណានឹងទទួលទ្រង់ទុកជាព្រះគ្រីស្ទ នោះត្រូវកាត់ពីពួកជំនុំគេចេញ
23. ហេតុនោះបានជាឪពុកម្តាយគាត់និយាយថា វាពេញអាយុហើយ សូមសួរវាចុះ។
24. គេក៏ហៅមនុស្សដែលពីដើមខ្វាក់នោះ មកម្តងទៀតប្រាប់ថា ចូរសរសើរដំកើងដល់ព្រះវិញ ឯមនុស្សនោះ យើងដឹងថាជាអ្នកមានបាបទេ