យ៉ូហាន 8:43-59 ព្រះគម្ពីរបរិសុទ្ធ (KHOV)

43. ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​សំដី​ខ្ញុំ គឺ​មក​តែ​ពី​ស្តាប់​ពាក្យ​ខ្ញុំ​មិន​បាន​ប៉ុណ្ណោះ

44. អ្នក​រាល់​គ្នា​មាន​អារក្ស‌សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សំឡាប់​គេ​តាំង​ពី​ដើម​មក វា​មិន​បាន​នៅ​ជាប់​ក្នុង​សេចក្តី​ពិត ព្រោះ​គ្មាន​សេចក្តី​ពិត​នៅ​ក្នុង​វា​ទេ កាល​ណា​វា​ពោល​ពាក្យ​ភូត‌ភរ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កំភូត ហើយ​ជា​ឪពុក​នៃ​សេចក្តី​នោះ​ឯង

45. ដោយ​ព្រោះ​តែ​ខ្ញុំ​និយាយ​សេចក្តី​ពិត បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ

46. តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ​ចាប់​ប្រកាន់​ខ្ញុំ ពី​អំពើ​បាប​បាន​ឬ​ទេ តែ​បើ​ខ្ញុំ​និយាយ​សេចក្តី​ពិត​វិញ ហេតុ​អ្វី​បាន​ជា​មិន​ជឿ​ដល់​ខ្ញុំ​សោះ

47. អ្នក​ណា​ដែល​កើត​អំពី​ព្រះ នោះ​ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ​ដែរ ឯ​អ្នក​រាល់​គ្នា មិន​បាន​កើត​មក​ពី​ព្រះ​ទេ បាន​ជា​មិន​ស្តាប់​តាម​ដូច្នេះ។

48. នោះ​ពួក​សាសន៍​យូដា​ទូល​ទ្រង់​ថា តើ​យើង​មិន​និយាយ​ត្រូវ​ថា អ្នក​ជា​សាសន៍​សាម៉ារី ហើយ​មាន​អារក្ស​ចូល​ទេ​ឬ​អី

49. ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ខ្ញុំ​គ្មាន​អារក្ស​ចូល​ទេ ខ្ញុំ​គោរព​ប្រតិ‌បត្តិ​ចំពោះ​ព្រះ‌វរ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ត្មះ‌តិះដៀល​ខ្ញុំ​វិញ

50. ឯ​ខ្ញុំ មិន​មែន​រក​កិត្តិសព្ទ​ចំពោះ​ខ្លួន​ទេ មាន​ព្រះ​១​អង្គ​ដែល​រក​ឲ្យ​ខ្ញុំ​វិញ ហើយ​ទ្រង់​ក៏​ជំនុំ‌ជំរះ​ផង

51. ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​ខ្ញុំ អ្នក​នោះ​មិន​ត្រូវ​ឃើញ​សេចក្តី​ស្លាប់ នៅ​អស់​កល្ប​រៀង​ទៅ

52. ដូច្នេះ ពួក​សាសន៍​យូដា​ទូល​ថា ឥឡូវ​នេះ យើង​ដឹង​ជា​ប្រាកដ​ថា អ្នក​មាន​អារក្ស​ចូល​ពិត​មែន ព្រោះ​លោក​អ័ប្រា‌ហាំ និង​ពួក​ហោរា បាន​ស្លាប់​អស់​ហើយ តែ​អ្នក​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​អ្នក នោះ​មិន​ដែល​ភ្លក់​សេចក្តី​ស្លាប់ នៅ​អស់​កល្ប​រៀង​ទៅ​វិញ

53. តើ​អ្នក​ធំ​ជាង​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង និង​ពួក​ហោរា ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឬ​អី តើ​អ្នក​តាំង​ខ្លួន​ធ្វើ​ជា​អ្វី

54. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា បើ​សិន​ជា​ខ្ញុំ​ដំកើង​ខ្លួន​ខ្ញុំ នោះ​កិត្តិសព្ទ​របស់​ខ្ញុំ​ឥត​មាន​ប្រយោជន៍​ទេ គឺ​ព្រះ‌វរ‌បិតា​ខ្ញុំ​ទេ​តើ ទ្រង់​លើក​ដំកើង​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​ថា ទ្រង់​ជា​ព្រះ​នៃ​អ្នក

55. តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​ទ្រង់​ទេ ឯ​ខ្ញុំៗ ស្គាល់​ទ្រង់ បើ​ខ្ញុំ​ថា​មិន​ស្គាល់​ទ្រង់​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ជា​អ្នក​ភូត‌ភរ​ដូច​អ្នក​រាល់​គ្នា​ដែរ ប៉ុន្តែ​ខ្ញុំ​ស្គាល់​ទ្រង់​ពិត ហើយ​ក៏​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​ផង

56. លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​អ្នក​រាល់​គ្នា លោក​បាន​ត្រេក‌អរ​ដោយ​ឃើញ​គ្រា​ខ្ញុំ លោក​ក៏​បាន​ឃើញ​មែន ហើយ​មាន​សេចក្តី​រីក‌រាយ

57. ដូច្នេះ ពួក​សាសន៍​យូដា​ទូល​ទ្រង់​ថា អាយុ​អ្នក​មិន​ទាន់​ដល់​៥០​ឆ្នាំ​ផង ហើយ​អ្នក​ថា បាន​ឃើញ​លោក​អ័ប្រា‌ហាំ​ដែរ​ឬ

58. ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មុន​ដែល​លោក​អ័ប្រា‌ហាំ​កើត​មក នោះ​មាន​ខ្ញុំ​ហើយ

59. ដូច្នេះ គេ​រើស​ថ្ម​នឹង​ចោល​ព្រះ‌យេស៊ូវ តែ​ទ្រង់​បាន​បំបាំង​ដល់​គេ រួច​យាង​កាត់​កណ្តាល​ពួក​គេ ចេញ​ពី​ព្រះ‌វិហារ​ផុត​ទៅ។

យ៉ូហាន 8