យ៉ូហាន 8:38-49 ព្រះគម្ពីរបរិសុទ្ធ (KHOV)

38. ឯ​ខ្ញុំៗ និយាយ​តែ​សេចក្តី​ណា​ដែល​ខ្ញុំ​បាន​ឃើញ នៅ​ឯ​ព្រះ‌វរ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ធ្វើ​តែ​ការ​ដែល​បាន​ឃើញ នៅ​ឯ​ឪពុក​របស់​អ្នក​រាល់​គ្នា​វិញ

39. គេ​ទូល​ឆ្លើយ​ថា គឺ​លោក​អ័ប្រា‌ហាំ ជា​ឪពុក​នៃ​យើង​រាល់​គ្នា ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា បើ​អ្នក​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ​ពិត នោះ​នឹង​ធ្វើ​តាម​លោក​ជា​ប្រាកដ

40. តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​រក​ចង់​សំឡាប់​ខ្ញុំ​វិញ ជា​មនុស្ស​ដែល​យក​សេចក្តី​ពិត ដែល​បាន​ឮ​ពី​ព្រះ មក​ប្រាប់​ដល់​អ្នក​រាល់​គ្នា លោក​អ័ប្រា‌ហាំ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ

41. អ្នក​រាល់​គ្នា​ធ្វើ​តាម​តែ​ឪពុក​របស់​ខ្លួន ដូច្នេះ​គេ​ទូល​ថា យើង​រាល់​គ្នា​មិន​មែន​ជា​កូន​សហាយ​ទេ យើង​មាន​ព្រះ‌វរ‌បិតា​តែ​១ គឺ​ជា​ព្រះ

42. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា បើ​ព្រះ​ជា​ព្រះ‌វរ‌បិតា​នៃ​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​នឹង​បាន​ស្រឡាញ់​ខ្ញុំ ដ្បិត​ខ្ញុំ​ចេញ​ពី​ព្រះ​មក ហើយ​ក៏​មក​ដល់ មិន​មែន​មក​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ​តើ

43. ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​សំដី​ខ្ញុំ គឺ​មក​តែ​ពី​ស្តាប់​ពាក្យ​ខ្ញុំ​មិន​បាន​ប៉ុណ្ណោះ

44. អ្នក​រាល់​គ្នា​មាន​អារក្ស‌សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សំឡាប់​គេ​តាំង​ពី​ដើម​មក វា​មិន​បាន​នៅ​ជាប់​ក្នុង​សេចក្តី​ពិត ព្រោះ​គ្មាន​សេចក្តី​ពិត​នៅ​ក្នុង​វា​ទេ កាល​ណា​វា​ពោល​ពាក្យ​ភូត‌ភរ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កំភូត ហើយ​ជា​ឪពុក​នៃ​សេចក្តី​នោះ​ឯង

45. ដោយ​ព្រោះ​តែ​ខ្ញុំ​និយាយ​សេចក្តី​ពិត បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ

46. តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ​ចាប់​ប្រកាន់​ខ្ញុំ ពី​អំពើ​បាប​បាន​ឬ​ទេ តែ​បើ​ខ្ញុំ​និយាយ​សេចក្តី​ពិត​វិញ ហេតុ​អ្វី​បាន​ជា​មិន​ជឿ​ដល់​ខ្ញុំ​សោះ

47. អ្នក​ណា​ដែល​កើត​អំពី​ព្រះ នោះ​ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ​ដែរ ឯ​អ្នក​រាល់​គ្នា មិន​បាន​កើត​មក​ពី​ព្រះ​ទេ បាន​ជា​មិន​ស្តាប់​តាម​ដូច្នេះ។

48. នោះ​ពួក​សាសន៍​យូដា​ទូល​ទ្រង់​ថា តើ​យើង​មិន​និយាយ​ត្រូវ​ថា អ្នក​ជា​សាសន៍​សាម៉ារី ហើយ​មាន​អារក្ស​ចូល​ទេ​ឬ​អី

49. ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ខ្ញុំ​គ្មាន​អារក្ស​ចូល​ទេ ខ្ញុំ​គោរព​ប្រតិ‌បត្តិ​ចំពោះ​ព្រះ‌វរ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ត្មះ‌តិះដៀល​ខ្ញុំ​វិញ

យ៉ូហាន 8