2. ដល់ព្រលឹមឡើង ទ្រង់យាងត្រឡប់ទៅក្នុងព្រះវិហារ ហើយបណ្តាជនក៏មកឯទ្រង់ នោះទ្រង់គង់ចុះបង្រៀនគេ
3. រួចពួកអាចារ្យ និងពួកផារិស៊ី គេនាំស្ត្រីម្នាក់ ដែលបានទាន់នៅដំណេកមកឯទ្រង់ កាលគេដាក់ស្ត្រីនោះ នៅកណ្តាលជំនុំហើយ នោះក៏ទូលថា
4. លោកគ្រូ ស្ត្រីនេះគេចាប់បាន កំពុងដែលសហាយស្មន់នឹងគ្នា
5. រីឯក្នុងក្រឹត្យវិន័យ លោកម៉ូសេបានបង្គាប់ ឲ្យយើងខ្ញុំចោលស្ត្រីយ៉ាងនេះនឹងថ្ម ដូច្នេះ តើលោកគិតដូចម្តេច
6. គេទូលដូច្នោះ ដើម្បីនឹងល្បងលទ្រង់ទេ ប្រយោជន៍ឲ្យតែបានរឿងចោទប្រកាន់ទ្រង់ប៉ុណ្ណោះ ប៉ុន្តែព្រះយេស៊ូវទ្រង់ឱនទៅសរសេរនៅដី ដោយព្រះអង្គុលីវិញ
7. តែដោយព្រោះគេចេះតែសួរ បានជាទ្រង់ងើបឡើង មានព្រះបន្ទូលថា អ្នកណាដែលគ្មានបាបសោះ ចូរឲ្យអ្នកនោះចោលនាងនឹងថ្មជាមុនគេចុះ
8. រួចទ្រង់ក៏ឱនសរសេរនៅដីម្តងទៀត
9. កាលបានឮពាក្យទាំងនោះ ហើយបញ្ញាចិត្តគេ បានចោទប្រកាន់ទោសខ្លួន នោះគេក៏ថយចេញទៅម្នាក់ម្តងៗ ចាប់តាំងពីមនុស្សចាស់ជាងគេ ដរាបដល់អ្នកក្រោយបង្អស់ សល់នៅតែព្រះយេស៊ូវ និងស្ត្រីនោះ ដែលនៅចំពោះទ្រង់ប៉ុណ្ណោះ
10. ព្រះយេស៊ូវងើបឡើងវិញ ឃើញតែស្ត្រីនោះ ក៏មានព្រះបន្ទូលទៅថា នាងអើយ ពួកដែលចោទប្រកាន់នាង តើនៅឯណា គ្មានអ្នកណាកាត់ទោសនាងទេឬអី
11. នាងទូលឆ្លើយថា គ្មានទេ លោកម្ចាស់ រួចព្រះយេស៊ូវមានព្រះបន្ទូលទៅថា ខ្ញុំក៏មិនកាត់ទោសនាងដែរ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ។
12. ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគេម្តងទៀតថា ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ