យ៉ូហាន 8:17-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ហើយ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា ក៏​មាន​ពាក្យ​ចែង​ទុក​មក​ថា សេចក្តី​បន្ទាល់​របស់​មនុស្ស​២​នាក់ នោះ​ពិត​ហើយ

18. ដូច្នេះ មាន​ខ្ញុំ​នេះ​១​ដែល​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ ហើយ​មាន​ព្រះ‌វរ‌បិតា​១​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ដែរ

19. នោះ​គេ​ទូល​សួរ​ថា តើ​ព្រះ‌វរ‌បិតា​អ្នក​នៅ​ឯ​ណា ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ ឬ​ព្រះ‌វរ‌បិតា​ខ្ញុំ​ទេ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ នោះ​នឹង​ស្គាល់​ដល់​ព្រះ‌វរ‌បិតា​ខ្ញុំ​ដែរ

20. ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ​នៅ​ត្រង់​ឃ្លាំង កំពុង​ដែល​ទ្រង់​បង្រៀន នៅ​ក្នុង​ព្រះ‌វិហារ តែ​គ្មាន​អ្នក​ណា​ចាប់​ទ្រង់​ទេ ព្រោះ​កំណត់​របស់​ទ្រង់​មិន​ទាន់​ដល់​នៅ​ឡើយ។

21. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ខ្ញុំ​នឹង​ទៅ​បាត់ ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ ហើយ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​អ្នក​រាល់​គ្នាវិញ

22. ពួក​សាសន៍​យូដា​ក៏​និយាយ​គ្នា​ថា តើ​អ្នក​នេះ​នឹង​សំឡាប់​ខ្លួន​ឯង​ឬ​អី បាន​ជា​ថា កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ

23. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​មក​ពី​ស្ថាន​ក្រោម ឯ​ខ្ញុំៗ មក​ពី​ស្ថាន​លើ​វិញ អ្នក​រាល់​គ្នា​កើត​ពី​លោកីយ៍​នេះ តែ​ខ្ញុំ​មិន​កើត​ពី​លោកីយ៍​នេះ​ទេ

24. ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​ថា អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន ពី​ព្រោះ​បើ​មិន​ជឿ​ថា ខ្ញុំនេះ​ជា​ព្រះ នោះ​អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន​ពិត​មែន

25. ដូច្នេះ គេ​ទូល​សួរ​ទ្រង់​ថា តើ​អ្នក​ជា​អ្វី ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា គឺ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា ពី​ដើម​រៀង​មក​នោះ​ឯង

26. ខ្ញុំ​មាន​សេចក្តី​ជា​ច្រើន​ដែល​ត្រូវ​និយាយ ហើយ​ជំនុំ‌ជំរះ​ពី​ដំណើរ​អ្នក​រាល់​គ្នា ប៉ុន្តែ​ព្រះ‌អង្គ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ពិត​ប្រាកដ ហើយ​សេចក្តី​អ្វី​ដែល​ខ្ញុំ​បាន​ឮ​ពី​ទ្រង់ នោះ​ខ្ញុំ​ក៏​ប្រាប់​ដល់​មនុស្ស​លោក​ដែរ

27. តែ​គេ​មិន​ដឹង​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​គេ ពី​ព្រះ‌វរ‌បិតា​ទេ

28. ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា កាល​ណា​អ្នក​រាល់​គ្នា​បាន​លើក​កូន​មនុស្ស​ឡើងនេះ​ហើយ​ជា​ព្រះ ហើយ​ថា ខ្ញុំ​មិន​ធ្វើ​ការ​អ្វី​ដោយ​អាង​ខ្លួន​ខ្ញុំ គឺ​ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ តាម​ដែល​ព្រះ‌វរ‌បិតា​បាន​បង្រៀន​ខ្ញុំ​វិញ

29. ព្រះ‌អង្គ​នោះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ក៏​គង់​ជា​មួយ​នឹង​ខ្ញុំ ទ្រង់​មិន​ទុក​ឲ្យ​ខ្ញុំ​នៅ​តែ​ឯង​ទេ ពី​ព្រោះ​ខ្ញុំ​ចេះ​តែ​ធ្វើ​ការ ដែល​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ជា​ដរាប

30. កំពុង​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ នោះ​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ទ្រង់។

31. នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល ទៅ​ពួក​សាសន៍​យូដា​ដែល​ជឿ​ដល់​ទ្រង់​ថា បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន

32. អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច

យ៉ូហាន 8