16. តែបើខ្ញុំជំនុំជំរះដែរ នោះសេចក្តីជំនុំជំរះរបស់ខ្ញុំជាពិតវិញ ពីព្រោះខ្ញុំមិននៅតែឯងទេ គឺមានព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក ទ្រង់គង់ជាមួយផង
17. ហើយក្នុងក្រឹត្យវិន័យរបស់អ្នករាល់គ្នា ក៏មានពាក្យចែងទុកមកថា សេចក្តីបន្ទាល់របស់មនុស្ស២នាក់ នោះពិតហើយ
18. ដូច្នេះ មានខ្ញុំនេះ១ដែលធ្វើបន្ទាល់ពីខ្លួនខ្ញុំ ហើយមានព្រះវរបិតា១ដែលចាត់ឲ្យខ្ញុំមក ទ្រង់ក៏ធ្វើបន្ទាល់ពីខ្ញុំដែរ
19. នោះគេទូលសួរថា តើព្រះវរបិតាអ្នកនៅឯណា ព្រះយេស៊ូវទ្រង់ឆ្លើយថា អ្នករាល់គ្នាមិនស្គាល់ខ្ញុំ ឬព្រះវរបិតាខ្ញុំទេ បើសិនជាអ្នករាល់គ្នាបានស្គាល់ខ្ញុំ នោះនឹងស្គាល់ដល់ព្រះវរបិតាខ្ញុំដែរ
20. ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលពាក្យទាំងនេះនៅត្រង់ឃ្លាំង កំពុងដែលទ្រង់បង្រៀន នៅក្នុងព្រះវិហារ តែគ្មានអ្នកណាចាប់ទ្រង់ទេ ព្រោះកំណត់របស់ទ្រង់មិនទាន់ដល់នៅឡើយ។
21. ព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា ខ្ញុំនឹងទៅបាត់ ឯកន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាពុំអាចនឹងទៅបានទេ អ្នករាល់គ្នានឹងរកខ្ញុំ ហើយនឹងស្លាប់ក្នុងអំពើបាបរបស់អ្នករាល់គ្នាវិញ
22. ពួកសាសន៍យូដាក៏និយាយគ្នាថា តើអ្នកនេះនឹងសំឡាប់ខ្លួនឯងឬអី បានជាថា កន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាពុំអាចនឹងទៅបានទេ
23. ទ្រង់មានព្រះបន្ទូលថា អ្នករាល់គ្នាមកពីស្ថានក្រោម ឯខ្ញុំៗ មកពីស្ថានលើវិញ អ្នករាល់គ្នាកើតពីលោកីយ៍នេះ តែខ្ញុំមិនកើតពីលោកីយ៍នេះទេ
24. ហេតុនោះបានជាខ្ញុំប្រាប់ថា អ្នករាល់គ្នានឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួន ពីព្រោះបើមិនជឿថា ខ្ញុំនេះជាព្រះ នោះអ្នករាល់គ្នានឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួនពិតមែន
25. ដូច្នេះ គេទូលសួរទ្រង់ថា តើអ្នកជាអ្វី ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា គឺដូចជាខ្ញុំបានប្រាប់អ្នករាល់គ្នា ពីដើមរៀងមកនោះឯង
26. ខ្ញុំមានសេចក្តីជាច្រើនដែលត្រូវនិយាយ ហើយជំនុំជំរះពីដំណើរអ្នករាល់គ្នា ប៉ុន្តែព្រះអង្គដែលចាត់ឲ្យខ្ញុំមក ទ្រង់ពិតប្រាកដ ហើយសេចក្តីអ្វីដែលខ្ញុំបានឮពីទ្រង់ នោះខ្ញុំក៏ប្រាប់ដល់មនុស្សលោកដែរ