យ៉ូហាន 8:10-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ព្រះ‌យេស៊ូវ​ងើប​ឡើង​វិញ ឃើញ​តែ​ស្ត្រី​នោះ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ថា នាង​អើយ ពួក​ដែល​ចោទ​ប្រកាន់​នាង តើ​នៅ​ឯ​ណា គ្មាន​អ្នក​ណា​កាត់​ទោស​នាង​ទេ​ឬ​អី

11. នាង​ទូល​ឆ្លើយ​ថា គ្មាន​ទេ លោក​ម្ចាស់ រួច​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ថា ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ។

12. ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ

13. នោះ​ពួក​ផារិ‌ស៊ី​ទូល​ថា អ្នក​ធ្វើ​បន្ទាល់​ពី​ខ្លួន​អ្នក ដូច្នេះ សេចក្តី​បន្ទាល់​របស់​អ្នក​មិន​ពិត​ទេ

14. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ទោះ‌បី​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ គង់​តែ​សេចក្តី​បន្ទាល់​នោះ​ក៏​ពិត​ដែរ ព្រោះ​ខ្ញុំ​ដឹង​ជា​ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ឯ​ណា​ផង តែ​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្ញុំ​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ

15. អ្នក​រាល់​គ្នា​ជំនុំ‌ជំរះ​តាម​សាច់​ឈាម ឯ​ខ្ញុំ​មិន​ជំនុំ‌ជំរះ​អ្នក​ណា​ទេ

16. តែ​បើ​ខ្ញុំ​ជំនុំ‌ជំរះ​ដែរ នោះ​សេចក្តី​ជំនុំ‌ជំរះ​របស់​ខ្ញុំ​ជា​ពិត​វិញ ពី​ព្រោះ​ខ្ញុំ​មិន​នៅ​តែ​ឯង​ទេ គឺ​មាន​ព្រះ‌វរ‌បិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​គង់​ជា​មួយ​ផង

17. ហើយ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា ក៏​មាន​ពាក្យ​ចែង​ទុក​មក​ថា សេចក្តី​បន្ទាល់​របស់​មនុស្ស​២​នាក់ នោះ​ពិត​ហើយ

18. ដូច្នេះ មាន​ខ្ញុំ​នេះ​១​ដែល​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ ហើយ​មាន​ព្រះ‌វរ‌បិតា​១​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ដែរ

19. នោះ​គេ​ទូល​សួរ​ថា តើ​ព្រះ‌វរ‌បិតា​អ្នក​នៅ​ឯ​ណា ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ ឬ​ព្រះ‌វរ‌បិតា​ខ្ញុំ​ទេ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ នោះ​នឹង​ស្គាល់​ដល់​ព្រះ‌វរ‌បិតា​ខ្ញុំ​ដែរ

20. ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ​នៅ​ត្រង់​ឃ្លាំង កំពុង​ដែល​ទ្រង់​បង្រៀន នៅ​ក្នុង​ព្រះ‌វិហារ តែ​គ្មាន​អ្នក​ណា​ចាប់​ទ្រង់​ទេ ព្រោះ​កំណត់​របស់​ទ្រង់​មិន​ទាន់​ដល់​នៅ​ឡើយ។

21. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ខ្ញុំ​នឹង​ទៅ​បាត់ ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ ហើយ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​អ្នក​រាល់​គ្នាវិញ

22. ពួក​សាសន៍​យូដា​ក៏​និយាយ​គ្នា​ថា តើ​អ្នក​នេះ​នឹង​សំឡាប់​ខ្លួន​ឯង​ឬ​អី បាន​ជា​ថា កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ

23. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​មក​ពី​ស្ថាន​ក្រោម ឯ​ខ្ញុំៗ មក​ពី​ស្ថាន​លើ​វិញ អ្នក​រាល់​គ្នា​កើត​ពី​លោកីយ៍​នេះ តែ​ខ្ញុំ​មិន​កើត​ពី​លោកីយ៍​នេះ​ទេ

24. ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​ថា អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន ពី​ព្រោះ​បើ​មិន​ជឿ​ថា ខ្ញុំនេះ​ជា​ព្រះ នោះ​អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន​ពិត​មែន

យ៉ូហាន 8