10. ព្រះយេស៊ូវងើបឡើងវិញ ឃើញតែស្ត្រីនោះ ក៏មានព្រះបន្ទូលទៅថា នាងអើយ ពួកដែលចោទប្រកាន់នាង តើនៅឯណា គ្មានអ្នកណាកាត់ទោសនាងទេឬអី
11. នាងទូលឆ្លើយថា គ្មានទេ លោកម្ចាស់ រួចព្រះយេស៊ូវមានព្រះបន្ទូលទៅថា ខ្ញុំក៏មិនកាត់ទោសនាងដែរ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ។
12. ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគេម្តងទៀតថា ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ
13. នោះពួកផារិស៊ីទូលថា អ្នកធ្វើបន្ទាល់ពីខ្លួនអ្នក ដូច្នេះ សេចក្តីបន្ទាល់របស់អ្នកមិនពិតទេ
14. ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ទោះបីខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ គង់តែសេចក្តីបន្ទាល់នោះក៏ពិតដែរ ព្រោះខ្ញុំដឹងជាខ្ញុំមកពីណា ហើយទៅឯណាផង តែអ្នករាល់គ្នាមិនដឹងជាខ្ញុំមកពីណា ឬទៅឯណាទេ
15. អ្នករាល់គ្នាជំនុំជំរះតាមសាច់ឈាម ឯខ្ញុំមិនជំនុំជំរះអ្នកណាទេ
16. តែបើខ្ញុំជំនុំជំរះដែរ នោះសេចក្តីជំនុំជំរះរបស់ខ្ញុំជាពិតវិញ ពីព្រោះខ្ញុំមិននៅតែឯងទេ គឺមានព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក ទ្រង់គង់ជាមួយផង
17. ហើយក្នុងក្រឹត្យវិន័យរបស់អ្នករាល់គ្នា ក៏មានពាក្យចែងទុកមកថា សេចក្តីបន្ទាល់របស់មនុស្ស២នាក់ នោះពិតហើយ