3. ដូច្នេះ ពួកប្អូនទ្រង់ទូលថា ចូរចេញពីទីនេះទៅឯស្រុកយូដាទៅ ដើម្បីឲ្យពួកសិស្សរបស់បង បានឃើញការដែលបងធ្វើផង
4. ដ្បិតអ្នកណាដែលចង់ឲ្យគេស្គាល់ខ្លួន នោះមិនដែលធ្វើការដោយសំងាត់ទេ បើបងធ្វើការទាំងនេះ ចូរសំដែងខ្លួនឲ្យមនុស្សលោកស្គាល់ដែរ
5. ដ្បិតពួកប្អូនទ្រង់មិនបានជឿដល់ទ្រង់ទេ
6. ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលតបថា ឯពេលវេលារបស់ឯងរាល់គ្នា នោះចេះតែមានជានិច្ច តែពេលវេលារបស់អញមិនទាន់ដល់នៅឡើយ
7. លោកីយ៍ពុំអាចនឹងស្អប់ឯងរាល់គ្នាបានទេ តែគេស្អប់អញវិញ ពីព្រោះអញធ្វើបន្ទាល់ពីគេថា ការគេប្រព្រឹត្តសុទ្ធតែអាក្រក់
8. ចូរឯងរាល់គ្នាឡើងទៅឯបុណ្យនេះចុះ ឯអញមិនទាន់ទៅទេ ព្រោះកំណត់អញមិនទាន់សំរេចនៅឡើយ
9. កាលទ្រង់មានព្រះបន្ទូលសេចក្តីទាំងនោះរួចហើយ នោះក៏គង់នៅស្រុកកាលីឡេដដែល។
10. ប៉ុន្តែ កាលពួកប្អូនទ្រង់ឡើងទៅឯបុណ្យនោះផុតហើយ នោះទ្រង់ក៏យាងទៅដែរ តែមិនទៅជាមួយនឹងអ្នកណាទេ គឺទៅដោយសំងាត់វិញ
11. រីឯពួកសាសន៍យូដា គេសួររកទ្រង់នៅឯទីបុណ្យថា តើលោកនៅឯណា
12. ហើយក្នុងហ្វូងមនុស្ស ក៏ឮខ្សឹបខ្សៀវពីដំណើរទ្រង់ជាច្រើន ខ្លះថា លោកជាមនុស្សល្អ ខ្លះទៀតថា ទេ អ្នកនោះជាអ្នកបញ្ឆោតប្រជាជនទេតើ
13. ប៉ុន្តែ គ្មានអ្នកឯណាហ៊ាននិយាយពីដំណើរទ្រង់ ឲ្យបណ្តាជនដឹងឡើយ ព្រោះខ្លាចសាសន៍យូដា។
14. នៅពាក់កណ្តាលពេលបុណ្យ នោះព្រះយេស៊ូវទ្រង់ឡើងទៅបង្រៀនក្នុងព្រះវិហារ
15. ហើយពួកសាសន៍យូដានឹកឆ្ងល់ថា ធ្វើដូចម្តេចឲ្យអ្នកនេះចេះគម្ពីរដូច្នេះ ពីព្រោះគាត់មិនដែលរៀនសូត្រសោះ
16. ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា សេចក្តីដែលខ្ញុំបង្រៀននេះ មិនមែនជារបស់ខ្ញុំទេ គឺជារបស់ផងព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ
17. បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ
18. អ្នកណាដែលនិយាយដោយអាងខ្លួនឯង នោះចង់តែលើកដំកើងដល់ខ្លួនទេ តែអ្នកដែលចង់លើកដំកើងថ្វាយព្រះ ដែលចាត់ឲ្យខ្លួនមក នោះទើបពិតវិញ ហើយឥតមានសេចក្តីទុច្ចរិតណានៅក្នុងខ្លួនឡើយ
19. ឯលោកម៉ូសេ តើមិនបានឲ្យក្រឹត្យវិន័យមកអ្នករាល់គ្នាទេឬអី ប៉ុន្តែក្នុងពួកអ្នករាល់គ្នា គ្មានអ្នកណាមួយប្រព្រឹត្តតាមក្រឹត្យវិន័យនោះទេ ហេតុអ្វីបានជាអ្នករាល់គ្នារកសំឡាប់ខ្ញុំដូច្នេះ
20. ហ្វូងមនុស្សក៏ឆ្លើយឡើងថា អ្នកឯងមានអារក្សចូលទេ តើមានអ្នកណារកសំឡាប់ឯង