29. តែខ្ញុំស្គាល់ទ្រង់ ពីព្រោះខ្ញុំមកពីទ្រង់ គឺទ្រង់ពិតដែលចាត់ឲ្យខ្ញុំមក
30. ដូច្នេះគេរកចាប់ទ្រង់ ប៉ុន្តែគ្មានអ្នកណាលូកដៃទៅចាប់សោះ ពីព្រោះកំណត់ទ្រង់មិនទាន់មកដល់នៅឡើយ
31. នៅក្នុងបណ្តាមនុស្សនោះ មានគ្នាច្រើនបានជឿដល់ទ្រង់ ហើយគេនិយាយថា កាលណាព្រះគ្រីស្ទយាងមក តើទ្រង់នឹងធ្វើទីសំគាល់ច្រើនជាងលោកនេះឬអី។
32. ឯពួកផារិស៊ី ក៏ឮគេខ្សឹបខ្សៀវរឿងទាំងនេះពីទ្រង់ រួចពួកសង្គ្រាជ និងពួកផារិស៊ី គេចាត់ពួកអាជ្ញាឲ្យទៅចាប់ទ្រង់
33. ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលថា ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ រួចខ្ញុំទៅឯព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ
34. អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ ហើយកន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ
35. នោះពួកសាសន៍យូដានិយាយគ្នាគេថា តើអ្នកនេះគិតទៅឯណា ដែលយើងនឹងរកមិនឃើញ តើគិតទៅឯពួកអ្នកខ្ចាត់ខ្ចាយ នៅក្នុងសាសន៍ក្រេក ដើម្បីនឹងបង្រៀនដល់សាសន៍នោះឬអី
36. ពាក្យដែលគាត់ថា «អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ» ហើយថា «កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចនឹងទៅបានទេ» នេះតើមានន័យដូចម្តេច។
37. នៅថ្ងៃក្រោយបង្អស់ ជាថ្ងៃបុណ្យយ៉ាងសំខាន់ នោះព្រះយេស៊ូវទ្រង់ឈរបន្លឺឧទានប្រកាសឡើងថា បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ
38. អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក ដូចជាគម្ពីរសំដែងហើយ
39. តែសេចក្តីនេះ គឺទ្រង់មានព្រះបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ទ្រង់នឹងត្រូវទទួល ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមក ដោយព្រោះព្រះយេស៊ូវមិនទាន់បានដំកើងឡើងនៅឡើយ។
40. ដូច្នេះ កាលបណ្តាមនុស្សបានឮ នោះមានគ្នាច្រើននិយាយថា លោកនេះ ពិតប្រាកដជាហោរានោះហើយ
41. អ្នកខ្លះទៀតថា នេះជាព្រះគ្រីស្ទហើយ ខ្លះទៀតថា ចុះព្រះគ្រីស្ទយាងមកពីស្រុកកាលីឡេដែរឬ
42. តើគម្ពីរមិនថា ព្រះគ្រីស្ទត្រូវកើតពីព្រះវង្សហ្លួងដាវីឌ ហើយក៏យាងមកពីភូមិបេថ្លេហិម ជាកន្លែងដែលហ្លួងដាវីឌបានគង់នៅទេឬអី
43. ដូច្នេះ គេក៏បាក់បែកទាស់គ្នា ដោយព្រោះទ្រង់
44. មានខ្លះចង់ចាប់ទ្រង់ តែគ្មានអ្នកណាលូកដៃទៅចាប់ទេ។
45. នោះពួកអាជ្ញាក៏ត្រឡប់ទៅឯពួកសង្គ្រាជ និងពួកផារិស៊ីវិញ លោកទាំងនោះសួរគេថា ហេតុអ្វីបានជាមិនចាប់អ្នកនោះមក
46. ពួកអាជ្ញាឆ្លើយថា មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ
47. ដូច្នេះ ពួកផារិស៊ីស្តីឲ្យថា អ្នករាល់គ្នាត្រូវបញ្ឆោតដែរឬ
48. តើមានអ្នកឯណាក្នុងពួកនាម៉ឺន ឬក្នុងពួកផារិស៊ី ដែលជឿដល់អ្នកនោះឬទេ