19. ឯលោកម៉ូសេ តើមិនបានឲ្យក្រឹត្យវិន័យមកអ្នករាល់គ្នាទេឬអី ប៉ុន្តែក្នុងពួកអ្នករាល់គ្នា គ្មានអ្នកណាមួយប្រព្រឹត្តតាមក្រឹត្យវិន័យនោះទេ ហេតុអ្វីបានជាអ្នករាល់គ្នារកសំឡាប់ខ្ញុំដូច្នេះ
20. ហ្វូងមនុស្សក៏ឆ្លើយឡើងថា អ្នកឯងមានអារក្សចូលទេ តើមានអ្នកណារកសំឡាប់ឯង
21. ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ខ្ញុំបានធ្វើការ១ ហើយអ្នករាល់គ្នាមានសេចក្តីអស្ចារ្យទាំងអស់គ្នា
22. លោកម៉ូសេក៏ឲ្យពិធីកាត់ស្បែកមកអ្នករាល់គ្នា (មិនមែនថាកើតពីលោកម៉ូសេទេ គឺពីពួកឰយុកោវិញ) ហើយអ្នករាល់គ្នាកាត់ស្បែកឲ្យមនុស្ស នៅថ្ងៃឈប់សំរាកផង
23. ដូច្នេះ បើមនុស្សទទួលកាត់ស្បែក នៅថ្ងៃឈប់សំរាក ដើម្បីមិនឲ្យរំលងក្រឹត្យវិន័យរបស់លោកម៉ូសេ នោះតើអ្នករាល់គ្នាខឹងនឹងខ្ញុំ ដោយព្រោះខ្ញុំបានធ្វើឲ្យមនុស្សម្នាក់បានជាស្រឡះ នៅថ្ងៃឈប់សំរាកឬអី
24. កុំឲ្យជំនុំជំរះតាមភាពដែលមើលឃើញតែខាងក្រៅឡើយ ត្រូវជំនុំជំរះតាមសេចក្តីសុចរិតវិញ។
25. នោះមានពួកក្រុងយេរូសាឡិមខ្លះនិយាយថា គឺអ្នកនេះទេតើ ដែលគេរកសំឡាប់នោះ
26. ហើយមើលគាត់និយាយនៅកណ្តាលចំណោម តែគ្មានអ្នកណាថាអ្វីឲ្យសោះ តើពួកនាម៉ឺនបានយល់ឃើញហើយថា អ្នកនេះជាព្រះគ្រីស្ទមែនឬអី
27. ឯអ្នកនេះ យើងដឹងជាមកពីណា តែព្រះគ្រីស្ទវិញ កាលណាទ្រង់យាងមក នោះគ្មានអ្នកណាដឹងជាមកពីណាទេ
28. ដូច្នេះកំពុងដែលព្រះយេស៊ូវបង្រៀនក្នុងព្រះវិហារ នោះក៏បន្លឺឧទានឡើងថា អ្នករាល់គ្នាស្គាល់ខ្ញុំ ហើយដឹងជាខ្ញុំមកពីណាផង តែខ្ញុំមិនបានមក ដោយអាងខ្លួនខ្ញុំទេ ឯព្រះដែលចាត់ឲ្យខ្ញុំមក ទ្រង់ពិតត្រង់ហើយ អ្នករាល់គ្នាមិនស្គាល់ទ្រង់ទេ
29. តែខ្ញុំស្គាល់ទ្រង់ ពីព្រោះខ្ញុំមកពីទ្រង់ គឺទ្រង់ពិតដែលចាត់ឲ្យខ្ញុំមក
30. ដូច្នេះគេរកចាប់ទ្រង់ ប៉ុន្តែគ្មានអ្នកណាលូកដៃទៅចាប់សោះ ពីព្រោះកំណត់ទ្រង់មិនទាន់មកដល់នៅឡើយ
31. នៅក្នុងបណ្តាមនុស្សនោះ មានគ្នាច្រើនបានជឿដល់ទ្រង់ ហើយគេនិយាយថា កាលណាព្រះគ្រីស្ទយាងមក តើទ្រង់នឹងធ្វើទីសំគាល់ច្រើនជាងលោកនេះឬអី។
32. ឯពួកផារិស៊ី ក៏ឮគេខ្សឹបខ្សៀវរឿងទាំងនេះពីទ្រង់ រួចពួកសង្គ្រាជ និងពួកផារិស៊ី គេចាត់ពួកអាជ្ញាឲ្យទៅចាប់ទ្រង់
33. ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលថា ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ រួចខ្ញុំទៅឯព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ
34. អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ ហើយកន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ
35. នោះពួកសាសន៍យូដានិយាយគ្នាគេថា តើអ្នកនេះគិតទៅឯណា ដែលយើងនឹងរកមិនឃើញ តើគិតទៅឯពួកអ្នកខ្ចាត់ខ្ចាយ នៅក្នុងសាសន៍ក្រេក ដើម្បីនឹងបង្រៀនដល់សាសន៍នោះឬអី
36. ពាក្យដែលគាត់ថា «អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ» ហើយថា «កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចនឹងទៅបានទេ» នេះតើមានន័យដូចម្តេច។
37. នៅថ្ងៃក្រោយបង្អស់ ជាថ្ងៃបុណ្យយ៉ាងសំខាន់ នោះព្រះយេស៊ូវទ្រង់ឈរបន្លឺឧទានប្រកាសឡើងថា បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ
38. អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក ដូចជាគម្ពីរសំដែងហើយ