យ៉ូហាន 6:24-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. ដូច្នេះ កាល​ហ្វូង​មនុស្ស​មិន​ឃើញ​ព្រះ‌យេស៊ូវ ឬ​ពួក​សិស្ស​ទ្រង់​នៅ​ទី​នោះ គេ​ក៏​ជិះ​ទូក​ទៅ​ឯ​កាពើ‌ណិម ដើម្បី​នឹង​រក​ទ្រង់

25. កាល​ឃើញ​ទ្រង់​នៅ​ឯ​ត្រើយ​ម្ខាង​ហើយ នោះ​គេ​ទូល​សួរ​ថា លោក​គ្រូ លោក​មក​ដល់​ទី​នេះ​ពី​កាល​ណា

26. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​រក​ខ្ញុំ មិន​មែន​ដោយ​ព្រោះ​បាន​ឃើញ​ទី​សំគាល់​ទេ គឺ​ដោយ​ព្រោះ​តែ​បាន​បរិភោគ​នំបុ័ង​ឆ្អែត​ប៉ុណ្ណោះ

27. កុំ​ឲ្យ​ខំ​ប្រឹង​ឲ្យ​បាន​តែ​អាហារ ដែល​តែង​តែ​ពុក‌រលួយ​នោះ​ឡើយ ចូរ​ខំ​ឲ្យ​បាន​អាហារ ដែល​នៅ​ស្ថិត‌ស្ថេរ ដរាប​ដល់​ជីវិត​អស់​កល្ប‌ជានិច្ច​វិញ ជា​អាហារ​ដែល​កូន​មនុស្ស​នឹង​ឲ្យ​មក​អ្នក​រាល់​គ្នា ដ្បិត​គឺ​កូន​មនុស្ស​នេះ​ហើយ ដែល​ព្រះ‌វរ‌បិតា​ដ៏​ជា​ព្រះ ទ្រង់​បាន​ដៅ​ចំណាំ​ទុក

28. ដូច្នេះ គេ​ទូល​សួរ​ទ្រង់​ថា ដែល​នឹង​ធ្វើ​ការ​របស់​ព្រះ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ខ្លះ

29. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ឯ​ការ​របស់​ព្រះ គឺ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ដល់​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក

30. នោះ​គេ​ទូល​សួរ​ទ្រង់​ថា បើ​ដូច្នេះ តើ​លោក​នឹង​ធ្វើ​ទី​សំគាល់​ណា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង ដើម្បី​ឲ្យ​បាន​ជឿ​ដល់​លោក តើ​លោក​ធ្វើ​ការ​អ្វី​ខ្លះ

31. ពួក​ឰយុកោ​យើង​ខ្ញុំ​បាន​បរិភោគ​នំ​ម៉ាន៉ា នៅ​ទី​រហោ‌ស្ថាន ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា «លោក​បាន​ឲ្យ​នំបុ័ង​ពី​ស្ថាន‌សួគ៌ មក​ឲ្យ​គេ​បរិភោគ»

32. ឯ​ព្រះ‌យេស៊ូវ ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មិន​មែន​លោក​ម៉ូសេ ដែល​ឲ្យ​នំបុ័ងពី​ស្ថាន‌សួគ៌​នោះ មក​អ្នក​រាល់​គ្នា​ទេ តែ​ឯ​នំបុ័ង​ដ៏​ពិត ដែល​មក​ពី​ស្ថាន‌សួគ៌ នោះ​គឺ​ព្រះ‌វរ‌បិតា​ខ្ញុំ ដែល​ប្រទាន​មក​អ្នក​រាល់​គ្នា​វិញ

33. ដ្បិត​នំបុ័ង​របស់​ព្រះ គឺ​ជា​ព្រះ‌អង្គ​ដែល​យាង​ចុះ​ពី​ស្ថាន‌សួគ៌​មក ព្រម​ទាំង​ប្រទាន​ឲ្យ​មនុស្ស​លោក​បាន​ជីវិត​ផង

34. ដូច្នេះ គេ​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ សូម​ឲ្យ​នំបុ័ង​នោះ​មក​យើង​ខ្ញុំ​ជានិច្ច។

35. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​ជា​នំបុ័ង​ជីវិត អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ នោះ​នឹង​មិន​ឃ្លាន​ទៀត​ឡើយ ហើយ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ក៏​មិន​ត្រូវ​ស្រេក​ដែរ

36. ប៉ុន្តែ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ តែ​មិន​ជឿ​ទេ

យ៉ូហាន 6