21. នោះគេក៏ព្រមទទួលទ្រង់ មកក្នុងទូក ស្រាប់តែទូកបានដល់ស្រុកដែលគេប៉ងនឹងទៅ។
22. ស្អែកឡើង កាលហ្វូងមនុស្ស ដែលនៅត្រើយសមុទ្រម្ខាង បានឃើញថា នៅទីនោះគ្មានទូកណាទៀត ក្រៅពីទូក១ ដែលពួកសិស្សទ្រង់បានជិះ ហើយថា ព្រះយេស៊ូវមិនបានជិះទូកនោះ ទៅជាមួយនឹងពួកសិស្សទេ គឺពួកសិស្សបានចេញទៅតែគ្នាគេ
23. (ប៉ុន្តែមានទូកខ្លះទៀត មកពីស្រុកទីបេរាស ជិតកន្លែងដែលគេបានបរិភោគនំបុ័ង ក្រោយដែលព្រះអម្ចាស់បានអរព្រះគុណរួចហើយ)
24. ដូច្នេះ កាលហ្វូងមនុស្សមិនឃើញព្រះយេស៊ូវ ឬពួកសិស្សទ្រង់នៅទីនោះ គេក៏ជិះទូកទៅឯកាពើណិម ដើម្បីនឹងរកទ្រង់
25. កាលឃើញទ្រង់នៅឯត្រើយម្ខាងហើយ នោះគេទូលសួរថា លោកគ្រូ លោកមកដល់ទីនេះពីកាលណា
26. ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នារកខ្ញុំ មិនមែនដោយព្រោះបានឃើញទីសំគាល់ទេ គឺដោយព្រោះតែបានបរិភោគនំបុ័ងឆ្អែតប៉ុណ្ណោះ
27. កុំឲ្យខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ ដរាបដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា ដ្បិតគឺកូនមនុស្សនេះហើយ ដែលព្រះវរបិតាដ៏ជាព្រះ ទ្រង់បានដៅចំណាំទុក
28. ដូច្នេះ គេទូលសួរទ្រង់ថា ដែលនឹងធ្វើការរបស់ព្រះ តើត្រូវធ្វើដូចម្តេចខ្លះ
29. ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ឯការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់ឲ្យមក
30. នោះគេទូលសួរទ្រង់ថា បើដូច្នេះ តើលោកនឹងធ្វើទីសំគាល់ណាឲ្យយើងខ្ញុំឃើញផង ដើម្បីឲ្យបានជឿដល់លោក តើលោកធ្វើការអ្វីខ្លះ
31. ពួកឰយុកោយើងខ្ញុំបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ដូចជាមានសេចក្តីចែងទុកមកថា «លោកបានឲ្យនំបុ័ងពីស្ថានសួគ៌ មកឲ្យគេបរិភោគ»
32. ឯព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនមែនលោកម៉ូសេ ដែលឲ្យនំបុ័ងពីស្ថានសួគ៌នោះ មកអ្នករាល់គ្នាទេ តែឯនំបុ័ងដ៏ពិត ដែលមកពីស្ថានសួគ៌ នោះគឺព្រះវរបិតាខ្ញុំ ដែលប្រទានមកអ្នករាល់គ្នាវិញ
33. ដ្បិតនំបុ័ងរបស់ព្រះ គឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មក ព្រមទាំងប្រទានឲ្យមនុស្សលោកបានជីវិតផង
34. ដូច្នេះ គេទូលទ្រង់ថា លោកម្ចាស់អើយ សូមឲ្យនំបុ័ងនោះមកយើងខ្ញុំជានិច្ច។