យ៉ូហាន 6:11-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. រួច​ព្រះ‌យេស៊ូវ​ទ្រង់​យក​នំបុ័ង​នោះ​អរ​ព្រះ‌គុណ រួច​ចែក​ទៅ​ឲ្យ​ពួក​សិស្ស គេ​ក៏​ចែក​ដល់​ពួក​អ្នក​ដែល​អង្គុយ បាន​ចែក​ទាំង​ត្រី​តូច​នោះ​បែប​ដូច្នោះ​ដែរ តាម​តែ​គេ​ចង់​បាន

12. លុះ​គេ​បាន​ឆ្អែត​គ្រប់​គ្នា​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​ប្រមូល​ចំណិត​ដែល​សល់​នៅ ដើម្បី​កុំ​ឲ្យ​បាត់​អ្វី​ឡើយ

13. ក្រោយ​ដែល​បរិភោគ​រួច​ហើយ នោះ​គេ​ប្រមូល​ចំណិត​នំបុ័ង​ម្សៅ​ឱក ដែល​សល់​ពី​៥​ដុំ​នោះ ដាក់​ពេញ​បាន​១២​កន្ត្រក

14. កាល​មនុស្ស​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទី​សំគាល់ ដែល​ព្រះ‌យេស៊ូវ​ធ្វើ​នោះ គេ​ក៏​និយាយ​ថា លោក​នេះ​ប្រាកដ​ជា​ហោរា​នោះ ដែល​ត្រូវ​មក​ក្នុង​លោកីយ៍​មែន

15. ដូច្នេះ ព្រះ‌យេស៊ូវ​ក៏​ថយ​ឡើង​ទៅ​លើ​ភ្នំ តែ​១​អង្គ​ទ្រង់​វិញ​ទៀត ពី​ព្រោះ​ទ្រង់​ជ្រាប​ថា គេ​គិត​មក​ចាប់​ទ្រង់​ដោយ​កំឡាំង ដើម្បី​នឹង​តាំង​ឡើង​ជា​ស្តេច។

16. លុះ​ព្រលប់​ហើយ ពួក​សិស្ស​ទ្រង់​ចុះ​ទៅ​ឯ​សមុទ្រ

17. ក៏​ចុះ​ទូក​ឆ្លង​ទៅ​កាពើ‌ណិម ពេល​នោះ​ងងឹត​ហើយ តែ​ព្រះ‌យេស៊ូវ​មិន​ទាន់​មក​ដល់​នៅ​ឡើយ

18. សមុទ្រ​ក៏​មាន​រលក បោក​ដោយ​ខ្យល់​បក់​ជា​ខ្លាំង

19. កាល​គេ​បាន​ចែវ​ទៅ​ប្រហែល​ជា​៥ ឬ​៦​គីឡូ‌ម៉ែត្រ​ហើយ នោះ​ស្រាប់​តែ​គេ​ឃើញ​ព្រះ‌យេស៊ូវ ទ្រង់​យាង​លើ​សមុទ្រ​មក​ជិត​ទូក ហើយ​គេ​មាន​សេចក្តី​ភ័យ​ខ្លាច

20. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កុំ​ភ័យ​អី គឺ​ខ្ញុំ​ទេ​តើ

21. នោះ​គេ​ក៏​ព្រម​ទទួល​ទ្រង់ មក​ក្នុង​ទូក ស្រាប់​តែ​ទូក​បាន​ដល់​ស្រុក​ដែល​គេ​ប៉ង​នឹង​ទៅ។

22. ស្អែក​ឡើង កាល​ហ្វូង​មនុស្ស ដែល​នៅ​ត្រើយ​សមុទ្រ​ម្ខាង បាន​ឃើញ​ថា នៅ​ទី​នោះ​គ្មាន​ទូក​ណា​ទៀត ក្រៅ​ពី​ទូក​១ ដែល​ពួក​សិស្ស​ទ្រង់​បាន​ជិះ ហើយ​ថា ព្រះ‌យេស៊ូវ​មិន​បាន​ជិះ​ទូក​នោះ ទៅ​ជា​មួយ​នឹង​ពួក​សិស្ស​ទេ គឺ​ពួក​សិស្ស​បាន​ចេញ​ទៅ​តែ​គ្នា​គេ

យ៉ូហាន 6